Connect with us

ព័ត៌មាន

រដ្ឋមន្រ្ដី ណែនាំដល់មន្ទីរបរិស្ថាន​ទូទាំងប្រទេសត្រៀមសម្ភារៈឱ្យគ្រប់គ្រាន់ទប់ស្កាត់ភ្លើងឆេះព្រៃ

រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានធ្វើការណែនាំដល់មន្ទីររាជធានី-ខេត្តទូទាំងប្រទេស ត្រៀមសម្ភារ ឧបករណ៍ឱ្យបានគ្រប់គ្រាន់ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ ខណៈរដូវ​ប្រាំងឆ្នាំ​នេះ​អាកាស​ធាតុ​នឹ​ង​ក្ដៅ​ខ្លាំង​ជាង​បណ្ដាឆ្នាំកន្លងមក។

ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានក្រើនរំឭកជាថ្មីដល់មន្ទីរបរិស្ថាន រាជធានី-ខេត្ត​ទូទាំងប្រទេស បន្ថែមពីលើសេចក្ដីណែនាំរបស់ក្រសួងដែលបានផ្សព្វផ្សាយកាលសប្ដាហ៍មុន ដោយ​ណែនាំឱ្យត្រៀមសម្ភារៈ និងឧបករណ៍ចាំបាច់នានា ឱ្យគ្រប់គ្រាន់ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ និង​ត្រូវ​ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានដឹងពីស្ថានភាពអាកាសធាតុឆ្នាំនេះ ដែលប្រឈម​ក្ដៅ​ខ្លាំង ព្រោះឥទ្ធិពលបាតុភូតអែលនីញ៉ូ (EL Nino)។

យោងតាមការព្យាករណ៍អាកាសធាតុ ឆ្នាំ២០២៦នេះ ឥទ្ធិពលបាតុភូតអែលនីញ៉ូ (EL Nino) នឹង​ធ្វើ​ឱ្យសីតុណ្ហភាពឡើងក្ដៅខ្លាំង បង្កឱ្យមានភាពរាំងស្ងួត និងកង្វះទឹកនៅតាមតំបន់ជាច្រើន។ ហើយ​បញ្ហា​ប្រឈម នៃភ្លើងឆេះព្រៃក៏នឹងអាចកើតមានច្រើនផងដែរ ហេតុដូច្នេះហើយ ទើប​ក្រសួង​បរិស្ថាន បន្តក្រើនរំឭកដល់មន្រ្ដី និងពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ លើការសន្សំសំចៃទឹក ចូល​រួមទប់ស្កាត់ភ្លើងឆេះព្រៃ ដើម្បីការពារប្រព័ន្ធជីវៈចម្រុះ ព្រៃឈើ និងសត្វព្រៃ។ លើសពី​នេះ​ក្រសួង​ជំរុញឱ្យអាជ្ញាធរ ភ្ជាប់ទំនាក់ទំនងឱ្យជិតស្និតជាមួយពលរដ្ឋ ពិសេសសហគមន៍ព្រៃឈើ ដើម្បី​ចូល​រួមល្បាតព្រៃ និងរាយការណ៍នៅពេលមានភ្លើងឆេះព្រៃ ដើម្បីអន្តរាគមន៍​ឱ្យ​បាន​ទា​ន់​ពេល​វេលា៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia