ព័ត៌មាន
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន លើកទឹកចិត្តមូលនិធិ GXរបស់ចិនបន្ដសហការជាមួយក្រសួងសុខាភិបាលកម្ពុជា
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តដល់មូលនិធិ GX Foundation របស់សាធារណរដ្ឋប្រជាមានិតចិន បន្ដសហការជាមួយក្រសួងសុខាភិបាលក ដើម្បីគាំទ្រដល់បេសកកម្មវិស័យសុខាភិបាលនៅកម្ពុជា។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក LEUNG Chun Ying អគ្គនាយកមូលនិធិGX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន, ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានកំណត់យកវិស័យសុខាភិបាល និងវិស័យអប់រំ ជាអាទិភាព ហើយឯកឧត្តមបានថ្លែងអំណរគុណចំពោះសកម្មភាពជំនួយក្នុងវិស័យសុខាភិបាលតាំងពីឆ្នាំ២០១៨ (ជំនួយលើការព្យាបាលជំងឺភ្នែកឡើងបាយ និងជំងឺគ្រុនឈាម) ក្នុងនោះ បានជួយពិនិត្យ និងព្យាបាលជូនពលរដ្ឋកម្ពុជាជាង២ម៉ឺននាក់ នៅខេត្តកំពង់ចាម, កំពង់ស្ពឺ និងខេត្តព្រៃវែង ហើយមូលនិធិក៏បានផ្ដល់ជំនួយជាមធ្យោបាយរថយន្ដសង្គ្រោះបន្ទាន់ សម្ភារៈពេទ្យ និងថ្នាំពេទ្យផងដែរ។
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងទៀតថា ការផ្ដល់អាទិភាពលើវិស័យសុខាភិបាលនៅកម្ពុជា ធ្វើឡើងតាមរយៈការពង្រឹងមណ្ឌលសុខភាពនៅតាមមូលដ្ឋាន, ពង្រឹងពេទ្យបង្អែកតាមស្រុក និងបង្កើនសមត្ថភាពសង្គ្រោះព្យាបាលនៅតាមមន្ទីរពេទ្យខេត្តជាដើម។
ថ្លែងនៅក្នុងជំនួបនោះដែរ លោក LEUNG Chun Ying បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដែលបានផ្ដល់កិត្តិយស និងការអនុញ្ញាតឲ្យលោកបានចូលជួបសម្ដែងការគួរសម ព្រមទាំងបានបង្ហាញនូវក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ លោកបានគូសបញ្ជាក់ថា GX ធ្វើការជាមួយប្រទេសចំនួន៩ ហើយសម្រាប់កម្ពុជានេះជាលើកទី១៥ហើយ ដែលលោកបានអញ្ជើញមកដល់។ អគ្គនាយកមូលនិធិរូបនេះ បានលើកឡើងថា ការបំពេញបេសកកម្មការងារនៅប្រទេសកម្ពុជា គឺមូលនិធិបានជួយដល់ការព្យាបាលវះកាត់ផ្នែកជំងឺភ្នែកឡើងបាយ និងគ្រុនឈាមជាដើម។
តាមរយៈការជួយរួមចំណែកនេះលោកសង្ឃឹមថា នាពេលខាងមុខ កម្ពុជានឹងលែងមានជំងឺភ្នែកឡើងបាយ ដែលបណ្ដាលឲ្យមានពិការភាពភ្នែកបន្ដទៅមុខទៀត។ មួយវិញទៀត មូលនិធិ ក៏បានយកចិត្តទុកដាក់ និងសង្កត់ធ្ងន់ទៅលើការចូលរួមប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមផងដែរ ដោយក្នុងនោះមូលនិធិបានជួយសម្ភារៈជាច្រើនដើម្បីការងារប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម។ ក្នុងនោះបានសង្កេតឃើញថា ជំងឺនេះបានគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋជាច្រើនទាំងមនុស្សធំ និងកុមារ ដែលមូលនិធិនឹងបន្ដជួយកម្ពុជាធ្វើយ៉ាងណាពង្រឹងសមត្ថភាពឲ្យបានគ្រប់គ្រាន់ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាមនេះ។ លោកបានបន្ថែមទៀតថា នៅក្នុងពេលឆាប់ៗនេះ មូលនិធិនឹងអញ្ជើញរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ដើម្បីទស្សនកិច្ចនៅទីក្រុងហុងកុងនាពេលខាងមុខ ដើម្បីដកបទពិសោធលើការងារគ្រប់គ្រងមន្ទីរពេទ្យផងដែរ៕ អត្ថបទ៖ បាន ចក់








-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
-
ព័ត៌មាន6 days agoពលរដ្ឋខ្មែរ៩នាក់បានស្លាប់ក្នុងនោះមានទារកម្នាក់ និងរងរបួសជាង៤០នាក់ដោយសារការបាញ់ប្រហាររបស់ទាហានឈ្លានពានថៃ