ព័ត៌មាន
ឯកឧត្តម គួច ចំរើន ណែនាំអាជ្ញាធរចុះធ្វើបច្ចុប្បន្នភាពពលរដ្ឋទើបត្រលប់ពីថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង-ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធ ត្រូវជំរុញដល់ពលករដែលត្រឡប់មកពីប្រទេសថៃ ត្រូវមានការងារធ្វើឱ្យបានគ្រប់គ្នា ពិសេសការចុះបញ្ជីធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋានជាដើមជូនពួកគាត់ ពិសេសកូនចៅរបស់ពួកគាត់បានចូលរៀនឱ្យបានគ្រប់គ្នា និងអ្វីដែលត្រូវយកចិត្តទុកដាក់គឺស្រង់ស្ថិតិបងប្អូនពលរដ្ឋដែលវិលត្រលប់ពីប្រទេសថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញ។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយព័ត៌មានឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរ ទើបត្រឡប់មកពីប្រទេសថៃ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សេង សក្កា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហោ សុខណាក់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្តាល។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍បន្ថែមថា ការជំរុញដល់អាជ្ញាធរមូលដ្ឋាន គ្រប់ជាន់ថ្នាក់ ត្រូវស្រង់ស្ថិតិឡើងវិញអោយបានច្បាស់ នូវបងប្អូនដែលជាពលករទើបនឹងវិលត្រឡប់មកពីប្រទេសថៃ គឺដើម្បីងាយស្រួលជួយដល់ពួកគាត់ក្នុងការស្វែងរកការងារធ្វើនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលរបស់យើង។
ឯកឧត្តម អភិបាលខេត្ត បន្តថា បន្ទាប់ពីមានការបង្កអរិភាព និងឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជាពីសំណាក់ទាហានសៀម បងប្អូនចំណាកស្រុកបានវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ។ ការវិលត្រឡប់នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ បានត្រៀមរួចជាស្រេចក្នុងផ្តល់ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ក៏ដូចជាផ្តល់ការងារជូនពួកគាត់។
ឯកឧត្តម អភិបាលខេត្ត បន្ថេមថា ខេត្តកណ្តាល មានបងប្អូនពលករបានវិលត្រលប់មកស្រុកវិញប្រមាណ ២៦៦៨នាក់។ ប៉ុន្តែបញ្ហានៅត្រង់ថា ក្នុងចំណោមអ្នកវិលមកវិញនេះ មានអ្នកមកចុះឈ្មោះរកការងារធ្វើតែជាង១ពាន់នាក់ប៉ុណ្ណោះ។ ដូច្នេះយើងត្រូវស្រង់ស្ថិតិពួកគាត់អោយបានច្បាស់ ដើម្បីដឹងថាពួកគាត់ដែលមកវិញ គាត់ធ្វើអ្វី នៅទីកន្លែងណា។
សូមបញ្ជាក់ថា ពាក់ព័ន្ធអ្នកចំណាកស្រុកដែលវិលត្រលប់មកវិញនេះ តាមការឲ្យដឹងពីអាជ្ញាធរស្រុកនានា មួយចំនួនបានចេញពីមូលដ្ឋានដើម្បីស្វែងរកការងារធ្វើដោយខ្លួនឯង ទៅរស់នៅជាមួយក្រុមគ្រួសារនៅខេត្តផ្សេង រីឯពួកគាត់មួយចំនួនក៏បានរស់នៅបង្កបង្កើនផល នៅក្នុងភូមិរបស់ពួកគាត់ ដែលអាចជាមូលហេតុធ្វើឲ្យអ្នកស្វែងរកការងារធ្វើមានចំនួនតិច។បើទោះជាយ៉ាងនេះក្តី អាជ្ញាធរខេត្តនៅតែជំរុញឲ្យមានការចុះធ្វើសម្រង់ស្ថិតិនេះឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការជួយពួកគាត់ឲ្យចំគោលដៅ ហើយវាក៏ជាផ្នែកមួយក្នុងការជួយដល់រាជរដ្ឋាភិបាលអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ប្រទេសដទៃ ជាពិសេសប្រទេសថៃ។
បើតាមរបាយការណ៍របស់មន្ទីរការងារខេត្តកណ្តាល បានឱ្យដឹងថា បច្ចុប្បន្នខេត្តកណ្តាល មានសហគ្រាស គ្រឹះស្ថានចំនួន ២០៣១ ដែលមានកម្មករនិយោជិតសរុបចំនួន ២១៥,៤៧២ នាក់ ស្រី ១៤៣,០៦៧នាក់៕







-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា