ព័ត៌មាន
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញដល់ប្រទេសម៉ាឡេស៊ីដោយសុវត្ថិភាព ដើម្បីចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦
នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដល់ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់សភាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ និង ឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងសហការី។
សូមជម្រាបថា តាមកម្មវិធីគ្រោងទុក បន្ទាប់ពីអញ្ជើញដល់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៧ កញ្ញាស្អែកនេះ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំពាក់ព័ន្ធនានានៃមហាសន្និបាតអាយប៉ាលើកទី៤៦ នៅក្នុងនោះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិដើម្បីកំណត់របៀបវារៈ និងដំណើរការនៃមហាសន្និបាតអាយប៉ាលើកទី៤៦ និងការពិភាក្សាអនុម័តផែនការសកម្មភាពសំខាន់ៗ របស់អាយប៉ាខាងមុខទៀត។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងវេទិកាអ្នកនយោបាយស្រ្តីលើកទី២ អញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាត។ ទន្ទឹមនឹងនោះ សមាជិកគណៈប្រតិភូផ្សេងទៀតនឹងអញ្ជើញចូលរួមកិច្ចប្រជុំតាមគណៈកម្មាធិការនានារបស់អាយប៉ារួមមាន កិច្ចប្រជុំគណៈកម្មាធិការស្រ្តី (WAIPA) កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការបូកសរុប កិច្ចប្រជុំសមាជិកសភាវ័យក្មេង (YPA) និងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ា ប្រមាណ១៨ប្រទេស ផងដែរ។
អាយប៉ា ជាវេទិកាស្ថាប័ននីតិប្បញ្ញត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ មហាសន្និបាតអាយប៉ា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ គឺជាវេទិកាសភាសំខាន់មួយ ដែលផ្តល់ឱកាសដល់តំណាងរាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបប្រជុំពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្រ្ត និងគន្លឹះថ្មីៗដើម្បីលើកកម្ពស់វប្បធម៌សន្ទនា ការចរចានិងការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី រួមចំណែកជាមួយ អាស៊ាន ដែលជាស្ថាប័ននីតិប្រតិបត្តិក្នុងការឈានទៅសម្រេចឱ្យបានសហគមន៍អាស៊ានឆ្នាំ២០៤៥ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព ដោយយកប្រជាពលរដ្ឋជាស្នូល។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ក្រោមប្រធានបទ “សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព”៕









-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន7 days agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា