ព័ត៌មាន
ឯកឧត្តម លី ធុជ ជម្រាបជូនឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ពីការបោសសម្អាតមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមគោលដៅជាអាទិភាព
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ប្រាប់ ឯកឧត្តម Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា ថា កិច្ចការបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តសកម្មភាពជាប្រចាំស្របតាមកម្មវិធីបានកំណត់ និងស្របតាមគោលដៅជាអាទិភាពក្រោមគំនិតផ្តួចផ្តើមថ្មីរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ការលើកឡើងបែបនេះរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងឱកាសដែលឯកឧត្តមបានអនុញ្ញាតឱ្យ ឯកឧត្តម Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការងារបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ លើកឡើងទៀតថា ការងារបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនមែនចោទជាបញ្ហាចម្បងនោះទេ បញ្ហាសំខាន់គឺតំបន់តាមបណ្តោយព្រំដែនមិនទាន់ទទួលបានការឯកភាពគ្នា និងកំណត់ខណ្ឌសីមាច្បាស់លាស់នៅឡើយរវាងកម្ពុជា-ថៃ។ ទោះបីយ៉ាងណា កម្ពុជានៅតែបន្តសកម្មភាពបោសសម្អាតមីនជាធម្មតា ស្របតាមគោលការណ៍ច្បាប់ និងគោលការណ៍មនុស្សធម៌ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលការបោសសម្អាតមីន ត្រូវផ្តោតសំខាន់ជាអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់លាស់ ទីកន្លែងដែលមានប្រជាជនរស់នៅ និងទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម។
ឯកឧត្តមបណ្ឌិត បន្តទៀតថា ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ រយៈពេល ៥ថ្ងៃកន្លងទៅនេះ យោធាថៃ បានបន្សល់ទុកនូវយុទ្ធភណ្ឌគ្រឿងផ្ទុះយ៉ាងច្រើន និងបង្កផលប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់រយៈពេលយូរ ជាពិសេសបង្កើនបន្ទុកបន្ថែមដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ បន្ថែមលើបញ្ហាមីនដែលនៅសេសសល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជាកំពុងយកចិត្តទុកដាក់ និងធ្វើការបោសសម្អាតមីនឱ្យអស់ដើម្បីសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីន។
ឆ្លៀងក្នុងឱកាសនោះផងដែរ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហភាពអ៊ឺរ៉ុប ដែលបានចូលរួមគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩២ ក្នុងការរួមចំណែកផ្តល់ដីមានសុវត្ថិភាព ការបន្ថយអត្រាគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សហភាពអ៊ឺរ៉ុប ដែលតែងតែផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងសកម្មភាពមីនសកល ក្នុងនោះបានចូលរួមគាំទ្រដល់ភាពជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឆ្នាំ២០២៣ និងភាពជាប្រធាននិងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ឆ្នាំ២០២៤ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានចាត់ទុកសហភាពអ៊ឺរ៉ុប គឺជាដៃគូយូរអង្វែង និងមិត្តភ័ក្តយ៉ាងជិតស្និទ្ធរបស់កម្ពុជា ក្នុងនោះបានផ្តល់នូវការគាំទ្រដល់ដំណើរការនៃវឌ្ឍនភាពកម្ពុជារហូតដល់ពេលបច្ចុប្បន្ន ក៏ដូចជាគាំទ្រដល់កិច្ចការមនុស្សធម៌ ផងដែរ៕





-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន3 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ