ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី លើការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងផែនការនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៍ និងបច្ចេកវិទ្យាជាដើម
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន, និងជារដ្ឋមន្ត្រីការបរទេសចិន។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន, លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម គង់ វិមាន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីជំនាញរបស់កម្ពុជាជាច្រើនរូប។
កិច្ចប្រជុំនាឱកាសនេះបានពិភាក្សាលើប្រធានបទសំខាន់ៗក្នុងការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងផែនការនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៍ និងបច្ចេកវិទ្យាជាដើម ដែលស្ថិតក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។ គម្រោងគួរឱ្យកត់សម្គាល់ដែលបានលើកយកមកពិភាក្សាមានដូចជា គម្រោងព្រែកជីកហ្វូណនតេជោ, គម្រោងកែលំអផ្លូវជាតិលេខ៣ តភ្ជាប់កំពត-វាលរេញ, គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧ រមាត-ត្រពាំងគ្រៀល, គម្រោងទំនើបកម្មប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តព្រះសីហនុ, គម្រោងពង្រីកការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, និងគម្រោងច្រករបៀងត្រី និងអង្ករ ជាដើម។
លើកឡើងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម វ៉ាង យី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជានាឱកាសនេះ ខណៈឯកឧត្តមក៏ទើបអញ្ជើញត្រឡប់មកពីបំពេញទស្សនកិច្ចនៅតំបន់អ៊ឺរ៉ុបនាពេលថ្មីៗនេះ។ ការស្វាគមន៍នេះបានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំរវាងឯកឧត្តម វ៉ាង យី និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ និងទំនាក់ទំនងដែកថែបរវាងកម្ពុជា-ចិន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះប្រទេសចិនដែលទទួលបានភាពជោគជ័យលើការរៀបចំកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក និងពិធីរំលឹកខួបលើកទី៨០ នៃជ័យជម្នះរបស់ប្រជាជនចិនតស៊ូប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោកនាពេលថ្មីៗនេះ។
ជាមួយគ្នានេះដែរ ភាគីមិត្តបានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែបឱ្យកាន់តែកក់ក្តៅ សំដៅបង្កើតសហគមន៍វាសនារួម និងផលប្រយោជន៍ទៅវិញទៅមក។
តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតឈប់ឈររបស់ ប្រទេសចិនក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរបានមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ពោលលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) កាលពីឆ្នាំ២០១២មានទំហំតិចជាង ៥០០លានដុល្លារអាម៉េរិក ហើយក្នុងឆ្នាំ២០២៤កើនឡើងដល់ប្រមាណ ៣,៤ពាន់លានដុល្លារអាម៉េរិក។ តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសពិសេសពីប្រទេសចិន។ បច្ចុប្បន្នកម្ពុជាបានអនុម័តតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៧តំបន់ ហើយក្នុងនោះមាន ១១តំបន់គឺជាការវិនិយោគរបស់វិនិយោគិនចិន។ គិតចាប់ពីឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥ មានគម្រោងវិនិយោគប្រមាណ ៤០០គម្រោង បានចូលមកបណ្ដាក់ទុនវិនិយោគរួចរាល់នៅក្នុងតំបន់សេដ្ឋកិច្ចទាំងនោះ។ ជាមួយគ្នានេះដែរចំពោះការវិនិយោគផ្ទាល់ពីបរទេស គិតត្រឹមរយៈពេល ៨ខែ នៃឆ្នាំ២០២៥នេះ មានគម្រោងវិនិយោគចំនួន ៤៩១គម្រោងហើយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តជូនវិនិយោគិនដើម្បីបណ្ដាក់ទុនវិនិយោគនៅកម្ពុជា៕






-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម