ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ានបានក្លាយជាវេទិកាដ៏មានសារៈសំខាន់មួយក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ
ទីក្រុងណាននីង៖ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថាសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី២២ ដែលប្រព្រឹត្តទៅចាប់ថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ សម្ពោធបើកពិព័រណ៍ចិន-អាស៊ានលើកទី២២នេះ ក៏មានការចូលថ្លែងសុន្ទរកថាគន្លឹះពីសំណាក់ឯកឧត្តម Han Zheng អនុប្រធានាធិបតីចិន និងសុន្ទរកថាបើកពីសំណាក់ឯកឧត្តម U Nyo Saw នាយករដ្ឋមន្រ្តីសហភាពមីយ៉ាន់ម៉ា និងឯកឧត្តម Bounthong Chitmany អនុប្រធានាធិបតីឡាវ ព្រមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកអាស៊ានមួយចំនួនទៀត អគ្គលេខាធិការអាស៊ាន និងថ្នាក់ដឹកនាំវិស័យឯកជន។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ពិព័រណ៍ចិន-អាស៊ានបានក្លាយជាវេទិកាដ៏មានសារៈសំខាន់មួយ ក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ ហើយការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ប្រកបដោយជោគជ័យអស់រយៈពេលជាងពីរទសវត្សរ៍មកនេះ បានចូលរួមចំណែកធ្វើឱ្យចំណងមិត្តភាព សន្តិភាព និងកិច្ចសហប្រតិបត្តិការ រវាងចិននិងអាស៊ានកាន់តែមានភាពជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត។ ស្ថិតក្នុងយុគសម័យនៃនវានុវត្តន៍ឌីជីថលដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិមិត្ត (AI) ស្របជាមួយនឹងការកើនឡើងនៃភាពមិនប្រាកដប្រជានៃស្ថានភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងហានិភ័យនៃការបែកបាក់ជាសកល, ប្រធានបទឆ្នាំនេះ «បញ្ញា និងនវានុវត្តន៍ឌីជីថលជួយជំរុញការអភិវឌ្ឍ-ការប្រើប្រាស់កាលានុវត្តភាពថ្មីៗនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដើម្បីកសាងសហគមន៍ចិន-អាស៊ាន ដែលកាន់តែជិតស្និទ្ធ និងមានអនាគតរួម» គឺពិតជាសមស្រប និងត្រូវចំកាលៈទេសៈ។ ព្រឹត្តិការណ៍នេះ គូសបញ្ជាក់យ៉ាងច្បាស់អំពីតម្រូវការបន្ទាន់នៃកិច្ចសហប្រតិបត្តិការក្នុងការកសាងតំបន់មួយប្រកបដោយវិបុលភាពនិងសន្តិភាពពេញលេញ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនិងនវានុវត្តន៍ ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្មនិងវិនិយោគ ដើម្បីកសាងសហគមន៍អាស៊ាន-ចិនមួយ ដែលមានភាពជិតស្និទ្ធ និងអនាគតរួម – ដែលអាចចាក់គ្រឹះយ៉ាងរឹងមាំក្នុងសន្តិភាព វិបុលភាព និងជោគវាសនារួម។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ព្រឹត្តិការណ៍នេះ ក៏ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការធ្វើសមាហរណកម្ម និងការតភ្ជាប់កាន់តែស៊ីជម្រៅ ដោយប្រែក្លាយទស្សនវិស័យទៅជាកាលានុវត្តភាពនិងភាពជោគជ័យរួមគ្នា តាមរយៈការប្រមូលផ្តុំវិស័យសាធារណៈ វិស័យឯកជន បុគ្គលនវានុវត្តន៍ និងសហគមន៍ ហើយតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ប្រទេសចិននឹងបន្តដើរតួជាដៃគូពាណិជ្ជកម្ម និង
វិនិយោគដ៏ធំបំផុតរបស់អាស៊ាន។ ពាណិជ្ជកម្មទ្វេភាគីនិងការវិនិយោគផ្ទាល់ពីបរទេសរវាងអាស៊ាននិងចិន បានកើនឡើងជាលំដាប់ ទោះបីជាមានភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសាកលក៏ដោយ។ ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក តំបន់របស់យើងនឹងកាន់តែជិតស្និទ្ធថែមទៀត នាពេលអនាគតខាងមុខ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ (ACFTA 3.0) គឺជាការបើកទំព័រថ្មីក្នុងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ ខណៈពេលដែលប្រព័ន្ធពាណិជ្ជកម្មពិភពលោកប្រឈមមុខនឹងការបែកខ្ញែក និងការកើនឡើងនូវនិន្នាការគាំពារនិយមកាន់តែខ្លាំង។ ក្របខ័ណ្ឌដែលបានដំឡើងកម្រិតនេះ ផ្តល់នូវកាលានុវត្តភាពយ៉ាងទូលំទូលាយដល់ធុរកិច្ច និងប្រជាជនទាំងអស់ តាមរយៈការពង្រីកទីផ្សារ និងការបង្កើតលំហថ្មីៗបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពល ជាពិសេសលើកកម្ពស់ការផ្តល់តម្លៃបន្ថែមលើសេដ្ឋកិច្ចឌីជីថល, សេដ្ឋកិច្ចបៃតង, ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងការសម្របសម្រួលផ្នែកពាណិជ្ជកម្ម។ លើសពីនេះទៀត ក្របខ័ណ្ឌនេះក៏ឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីគោលដៅរួមគ្នារបស់យើង ក្នុងការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយបើកចំហ យុត្តិធម៌ និងផ្អែកលើច្បាប់។ ក្នុងន័យនេះ កម្ពុជាប្តេជ្ញាចិត្តដោយឥតងាករេ ក្នុងការបន្តកិច្ចសហការយ៉ាងរឹងមាំជាមួយបណ្តាដៃគូអាស៊ាននិងប្រទេសចិន ដើម្បីធានាការអនុវត្ត CAFTA 3.0 ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាដើម្បីទាញយកសក្តានុពលពេញលេញនៃ CAFTA 3.0 សម្រាប់ជាប្រយោជន៍ដល់តំបន់របស់យើង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, កម្ពុជាបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើ «បច្ចេកវិទ្យាឌីជីថល» ជាអាទិភាពគន្លឹះថ្មីមួយ និងបានដាក់ចេញនូវ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ជារបៀបវារៈគោលនយោបាយស្នូលដ៏សំខាន់។ កិច្ចខិតខំប្រឹងប្រែងដែលគួរឱ្យកត់សម្គាល់គិតមកទល់ពេលនេះ រួមមាន៖ ការដាក់ឱ្យដំណើរការនូវការចុះបញ្ជីអាជីវកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX), ការពង្រីកយ៉ាងឆាប់រហ័សនូវសេវាកម្មអាជីវកម្មអនឡាញសម្រាប់សហគ្រាសធុនតូចនិងមធ្យម, ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM), ការធ្វើបរិវត្តកម្មឌីជីថលនៃនីតិវិធីពន្ធដារនិងគយ, ការអនុវត្តប្រព័ន្ធទូទាត់ឌីជីថល «បាគង» ដែលជាប្រព័ន្ធទូទាត់អេឡិចត្រូនិកទំនើប និងបច្ចេកវិទ្យាហិរញ្ញវត្ថុជាច្រើនទៀតដែលកំពុងជំរុញបរិយាបន្ន និងប្រសិទ្ធភាពហិរញ្ញវត្ថុ។ លើសពីនេះ ច្បាប់ស្ដីពីវិនិយោគកម្ពុជាផ្តល់អាទិភាពខ្ពស់បំផុត ក្នុងវិស័យឧស្សាហកម្ម និងវិស័យពាក់ព័ន្ធនានា តាមរយៈការផ្តល់នូវការលើកទឹកចិត្តដែលមានភាពទាក់ទាញ និងភាពប្រកួតប្រជែង ដើម្បីជំរុញកំណើនឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ និងវិស័យឌីជីថល។ ទន្ទឹមនេះ កម្ពុជាក៏បានចាប់យកនូវបញ្ញាឌីជីថល ជាពិសេសបញ្ញាសិប្បនិមិត្ត (AI) ដែលឥទ្ធិពលរបស់វាលាតសន្ធឹងហួសពីវិស័យបច្ចេកវិទ្យា ដើម្បីធ្វើបរិវត្តកម្មសង្គម និងសេដ្ឋកិច្ចទាំងមូល តាមរយៈ
ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់លើហេដ្ឋារចនាសម្ព័ន្ធរឹង ដូចជា ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យជាតិ, ការពង្រីក
បណ្តាញខ្សែកាបអុបទិក, និងការត្រៀមរៀបចំសម្រាប់ការដាក់ឱ្យដំណើរការសេវាកម្ម 5G ។ ក្នុងន័យនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកទឹកចិត្តយ៉ាងមុតមាំចំពោះវិនិយោគិនទាំងអស់ ឱ្យចាប់យកកាលានុវត្តភាពទាំងអស់នេះជាមួយកម្ពុជា ដើម្បីអាចដើរតួនាទីនៅក្នុងការកសាងសង្គមឌីជីថលកម្ពុជាមួយដ៏ទំនើប៕









-
ព័ត៌មាន2 days agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន6 days agoគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសជាតិ និងយុទ្ធជនពលីដើម្បីបុព្វហេតុជាតិ របស់ប្រទេសអាស៊ែបៃហ្សង់
-
ព័ត៌មាន4 days agoឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនទ្រព្យចំនួន ៦ ប្រភេទរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ សិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ
-
ព័ត៌មាន4 days agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង
-
ព័ត៌មាន5 days agoការថែទាំខួបផ្លូវជាការចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ