ព័ត៌មាន
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
ពលរដ្ឋ ព្រះសង្ឃ ទាហានកម្ពុជា បានរងរបួសធ្ងន់ស្រាល អំឡុងពេលទាហានថៃបានបាញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង និងប្រើប្រាស់ឧបករណ៍សំឡេង មកលើប្រជាពលរដ្ឋកម្ពុជាបានកើនឡើងដល់ ២៨ អង្គ/នាក់នៅរសៀលថ្ងៃទី១៧ខែកញ្ញានេះ។ នេះបើតាម ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ឯកឧត្ដម ប៉ែន បូណា បានមានប្រសាសន៍ថា សមត្ថកិច្ចថៃបានបាញ់កាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែងមុខលើប្រជាពលរដ្ឋខ្មែរ ដែលធ្វើឲ្យពួកគេហៀរទឹកភ្នែក និងប្រើប្រាស់ឧបករណ៍សំឡេង ដែលធ្វើឲ្យប៉ះពាល់ទៅដល់ក្រដាសត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្កអំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាប និងបាញ់ចម្ពាមកៅស៊ូគ្រាប់ឃ្លី ដែលបណ្តាលឲ្យប្រជាពលរដ្ឋ និងព្រះសង្ឃចំនួន ២៨ អង្គ/នាក់ ដួលសន្លប់ និងរងរបួសធ្ងន់ និងស្រាល។ សមត្ថកិច្ច និងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃដែលបានរងរបួស និងបានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ដើម្បីដឹកអ្នករងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមថ្កោលទោសចំពោះអំពើហិង្សារបស់សមត្ថកិច្ចថៃមកលើប្រជាពលរដ្ឋ និងព្រះសង្ឃខ្មែរ ព្រមទាំងអំពាវនាវឲ្យអាជ្ញាធរថៃ បញ្ឈប់ទង្វើរំលោភបំពាន និងអំពើហិង្សាទាំងអស់នេះជាបន្ទាន់ និងទាមទារឲ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ គោរពស្មារតីនៃកិច្ចប្រជុំ GBC និង RBC អនុស្សរណៈនៃការយោគយល់ត្រង់ចំណុចទី២ មាត្រា៤ នៃ MOU ឆ្នាំ២០០០ និងគោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូន ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភពលោក នានាដែលរួមមាន ឯកឧត្តមស៊ី ជើងពឹង ប្រធានាធិបតីចិន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងឯកឧត្តម អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ឯកឧត្តមអង់តូនីញូ ហ្គោ តេរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ និង លោកជំទាវ អាណាលេណា បេណាបក ប្រធានមហា សន្និបាតអង្គការសប្រជាជាតិលើកទី៨០។ គោលបំណងនៃលិខិត គឺដើម្បីទាញចំណាប់អារម្មណ៍របស់ ថ្នាក់ដឹកនាំពិភពលោកទាំងអស់ ទៅលើស្ថានការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កការគំរាម កំហែងដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងសម្រាប់តំបន់យើងទាំងមូលផងដែរ។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ចាប់ពីវេលាម៉ោង ៣៖៤៤នាទី កងទ័ពថៃប្រដាប់ដោយអាវុធ និងសមត្ថកិច្ចនគរបាលបង្ក្រាបបាតុកម្មថៃ ដែលប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗទៀត បានចូលមករាយបន្លាលួសសាជាថ្មីទៀត នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីព័ទ្ធយកដីដែលប្រជាពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលជាយូរមកហើយ។ ប៉ុន្តែប្រជាពលរដ្ឋដែលនៅទីនោះបានចេញមុខរាវាំង ដើម្បីការពារដីរបស់ខ្លួន និងបានរើបន្លាលួសទាំងនោះចេញវិញ។ កងកម្លាំង និងអាជ្ញាធរសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមានប្រដាប់ដោយអាវុធ ហើយដែលកំពុងតែឈរជើងប្រចាំនៅក្នុងតំបន់នោះ ក៏មានវត្តមាននៅក្នុងហេតុការណ៍នោះផងដែរ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោយបានបំពេញភារៈកិច្ចប្រកបដោយវិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់ ក្នុងការប្រកាន់ខ្ជាប់ខ្ជូនបំផុត នៃកិច្ចព្រមព្រៀងឈប់បាញ់ ព្រមទាំងគោរពគោលការណ៍ដែលបានឯកភាពគ្នា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងត្រឹមត្រូវស្របតាមច្បាប់អន្តរជាតិ៕

-
ព័ត៌មាន2 days agoក្រុមគ្រូពេទ្យខេត្តកោះកុង ចុះបេសកម្មពិនិត្យព្យាបាលជំងឺទូទៅ អប់រំសុខភាពមាត់ធ្មេញជូនប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ
-
ព័ត៌មាន6 days agoគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធវីរបុរសជាតិ និងយុទ្ធជនពលីដើម្បីបុព្វហេតុជាតិ របស់ប្រទេសអាស៊ែបៃហ្សង់
-
ព័ត៌មាន4 days agoឃាត់ខ្លួនជនបរទេសជាង១០០នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងអគារខនដូរ១កន្លែង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តការយកពន្ធលើចំណេញមូលធនទ្រព្យចំនួន ៦ ប្រភេទរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តម សាយ សំអាល់៖ ការរស់នៅបានសុខក្នុងសន្តិភាព ធ្វើឲ្យជាតិសាសន៍នានានៅកម្ពុជារួមគ្នាប្រឆាំងសង្គ្រាម
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃ សិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ
-
ព័ត៌មាន4 days agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភានិវត្តន៍មកកាន់មាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីស នៅប្រទេសបារំាង
-
ព័ត៌មាន5 days agoការថែទាំខួបផ្លូវជាការចាំបាច់ សម្រួលការធ្វើដំណើរ និងការប្រកបមុខរបរផ្សេងៗរបស់ប្រជាពលរដ្ឋ