ព័ត៌មាន
ប្រធានរដ្ឋសភាកម្ពុជា និងអាស៊ែបៃហ្សង់ ប្តេជ្ញារួមគ្នាក្នុងការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀតទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានឆ្លៀតពេលជួបពិភាក្សាការងារជាមួយ លោកជំទាវ សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី នៅក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៦ នារសៀលថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៥ ។

សម្តេចរដ្ឋសភាធិបតី និងជំទាវប្រធានរដ្ឋសភា មានក្តីរីករាយជាអនេក ដែលបានជួបពិភាក្សាការងារជាមួយគ្នាសាជាថ្មីម្តងទៀត ។សម្តេចបាន ចាត់ទុកជំនួបនាឱកាសនេះ ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយថ្មីថែមទៀតសម្រាប់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទំាងស្ថាប័ននីតិប្បញ្ញត្តិទាំងនីតិប្រតិបត្តិ និងជាការឆ្លុះបញ្ចាំងពីការអនុវត្តនូវអនុស្សារណៈយោគយល់គ្នារវាងរដ្ឋសភានៃប្រទេសយើងទាំងពីរ ដែលបានចុះហត្ថលេខានៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។

សម្តេចប្រធានរដ្ឋសភាបានថ្លែងការកោតសរសើរ ចំពោះតួនាទីដឹកនាំរបស់អាស៊ែបៃហ្សង់ ដែលបានជួយសម្របសម្រួលបណ្ដាញសភាចលនាមិនចូលបក្សសម្ព័ន្ធ ដែលកំពុងទទួលបានការគំាទ្រនិងចូលរួមកាន់តែសកម្មឡើង។ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទំាងពីរ មានជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងប្រទេសទំាងពីរនឹងត្រូវពង្រឹងពង្រីកបន្ថែមទៀត ដោយយកពលរដ្ឋជាស្នូល ឈរលើភាពស្មោះត្រង់ យោគយល់និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ទំាងសម្តេចនិងលោកជំទាវសាហ៊ីបា ហ្គាហ្វារ៉ូវ៉ា យល់ស្របថាប្រទេសទំាងពីរនៅមានសក្តានុពលជាច្រើន ដែលត្រូវអនុវត្តពង្រឹងពង្រីកបន្ថែមទៀត ដូចជាវិស័យពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងអប់រំជាដើម។

លោកជំទាវ សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា បានស្នើសម្តេចជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មឡើងរវាងក្រុមមិត្តភាព គណៈកម្មការជំនាញនៃរដ្ឋសភាប្រទេសទំាងពីរ។ លោកជំទាវប្រធានរដ្ឋសភា បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេស អាស៊ែបៃហ្សង់ នាពេលខាងមុននេះ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយកការអញ្ជើញរបស់លោកជំទាវប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ថា ការខកខានមិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ នាពេលកន្លងមកនោះ ក៏ដោយសារកម្ពុជា កំពុងស្ថិតនៅស្ថានភាពដ៏លំបាកមួយ គឺកំពុងរងនូវជម្លោះព្រំដែនជាមួយប្រទេសថៃ។ សម្តេចបានជម្រាបប្រទេសជាមិត្តថា កម្ពុជាស្រលាញ់សន្តិភាព និងមិនចង់ឃើញ មិនចង់ឮ ឬចង់ជួបសង្រ្គាមនោះឡើយ ដោយសារអតីតកាលកម្ពុជា បានរងគ្រោះពីសង្រ្គាមជាងបីទសវត្សរ៍មកហើយ។ កម្ពុជាស្គាល់ពីទុក្ខលំបាកនិងសោកនាដកម្មពីសង្រ្គាមយ៉ាងច្បាស់ ដូច្នេះបានប្តេជ្ញាចិត្តយ៉ាងមោះមុត និងឆន្ទៈខ្ពស់ក្នុងការអនុវត្តដោយពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ ដែលសម្រេចបាននៅទីក្រុងកូឡាឡាំពួកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន នឹងត្រូវបានដាក់ពង្រាយនាពេលឆាប់ៗនេះ តាមដែលអាចធ្វើទៅបាន ដើម្បីធានាថា ការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព សំដៅកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាពយូរអង្វែង និងស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ថៃ។

លោកជំទាវ សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា បានស្តាប់ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាដោយយកចិត្តទុកដាក់ជាទីបំផុត។ លោកជំទាវបានយល់ពីអារម្មណ៍របស់សម្តេចប្រធានរដ្ឋសភា និងអារម្មណ៍របស់ពលរដ្ឋខ្មែរ។ លោកជំទាវប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា អាស៊ែបៃហ្សង់ ក៏ធ្លាប់បានឆ្លងកាត់បទពិសោធន៍ស្រដៀងនឹងកម្ពុជានេះដែរ។ ជាការពិត សង្រ្គាមបានបង្កទុក្ខលំបាកនិងវិនាសកម្មច្រើនណាស់ ពិសេសផលលំបាកធ្លាក់ទៅលើស្រ្តីនិងកុមារដែលជាជនងាយរងគ្រោះ។

ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានឯកភាពគ្នាថា នៅក្នុងស្ថានការណ៍អន្តរជាតិកាន់តែមានភាពស្មុគស្មាញ មិនប្រាកដប្រជា និងប្រែប្រួលយ៉ាងឆាប់រហ័ស ហើយប្រព័ន្ធអន្តរជាតិដែលផ្អែកលើច្បាប់កាន់តែចុះខ្សោយទៅ វាពិតជាមានសារៈសំខាន់ ក្នុងការស្តារ និងបណ្តុះស្មារតីនៃកិច្ចសហប្រតិបត្តិការសាកលឱ្យរស់ឡើងវិញ៕



-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន6 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន3 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន5 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ