ព័ត៌មាន
កម្មកររោងចក្រសប្បាយចិត្តក្រោយទទួលការបើកប្រាក់ឈ្នួលមុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ
តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ម្ចាស់រោងចក្រ សហគ្រាសជាច្រើន បានសម្របសម្រួលបើកប្រាក់ឈ្នួល និងរោងចក្រមួយចំនួនផ្សេងទៀតបានបើកប្រាក់ឈ្នួលបន្ថែមទៀតដល់កម្មករនិយោជិត មុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។
លោក អ៊ុំ សុវណ្ណវឌ្ឍនា រដ្ឋបាលរោងចក្រផលិតថង់ ប្លាស្ទីក Rally Packaging Cambodia CO.,LTD នៅរាជធានីភ្នំពេញបានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះថា រោងចក្រនេះ បានផ្តល់ការឈប់សម្រាកដល់កម្មករនិយោជិតទាំងអស់ចំនួនមួយសប្តាហ៍ពេញ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ និងចូលបំពេញការងារឡើងវិញនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយមិនមានការកាត់ប្រាក់ឈ្នួលអ្វីទាំងអស់ផងដែរ។
លោកបានឱ្យដឹងទៀតថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ ភាគីនិយោជកបានបើកប្រាក់ឈ្នួលដល់កម្មករនិយោជិតតាំងពីសប្តាហ៍មុនមកម្ល៉េះ។ ហើយដោយឡែកនៅក្នុងសប្តាហ៍នេះ និយោជកក៏បានបើកថវិកាមួយចំនួនថែមទៀត ដើម្បីទុកជាសោហ៊ុយដល់កម្មករនិយោជិតធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ។
លោក ផាក សុភិក្ត កម្មកររោងចក្រខាងលើនេះ ដែលមានស្រុកកំណើតនៅខេត្តក្រចេះ បាននិយាយឱ្យដឹងថា ជាទូទៅរាល់ពិធីបុណ្យជាតិធំៗ កម្មកររោងចក្រភាគច្រើនតែងតែទទួលបានការឈប់សម្រាកជាច្រើនថ្ងៃ និងមិនកាត់ប្រាក់ឈ្នួលផងដែរ។ លោកបន្តថា ឆ្នាំនេះក្រៅពីជួបជុំក្រុមគ្រួសារ និងនាំយកចង្កាន់ប្រគេនព្រះសង្ឃ គឺមិនមានគម្រោងទៅកម្សាន្តទីណានោះទេ ព្រោះរដូវនេះ សំខាន់ជាងគេ គឺការធ្វើបុណ្យ ធ្វើទាន និងជួបជុំក្រុមគ្រួសារ សាច់ញាតិ ដែលខានជួបគ្នាយូរ ដោយសារម្នាក់ៗមមាញឹកការងាររៀងៗខ្លួន។
ស្រដៀងគ្នានេះ កម្មការិនី ឈៀង រៀម មានស្រុកកំណើតនៅខេត្តកំពង់ចាម និងកម្មករ ផាក សុភិក្ត មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំ បាននិយាយដោយទឹកមុខញញឹមថា ពួកគាត់ពិតជាសប្បាយចិត្តណាស់ ដែលបានទៅលេងស្រុកកំណើត ព្រោះបានទៅលេងឪពុកម្តាយ បងប្អូន និងមិត្តភ័ក្តិ ដែលខកខានជួបជុំគ្នាយ៉ាងយូរ ដោយសារជាប់រវល់ការងារ។ ពួកគាត់ បានលើកឡើងថា ការរស់នៅក្រុងភ្នំពេញសព្វថ្ងៃនេះ ពិតជារវល់ និងមមាញឹកច្រើនក្នុងការបំពេញការងារ ដូច្នេះមិនសូវមានពេលទៅលេងស្រុកឡើយ លុះត្រាតែមានបុណ្យទាន ឬបុណ្យជាតិធំៗទើបអាចធ្វើដំណើរទៅបាន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អនុញ្ញាតឱ្យកម្មករនិយោជិត ឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រយៈពេល ៣ថ្ងៃ គឺថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែកញ្ញា ដែលកម្មករនិយោជិតត្រូវទទួលបានឱ្យបានមុនថ្ងៃឈប់សម្រាកនេះ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ឱ្យតែពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំប្រពៃជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យអុំទូកជាដើម ប្រជាពលរដ្ឋចំណាកស្រុករស់នៅភ្នំពេញ ក៏ដូចជាកម្មករ កម្មការនីជាច្រើនសិបនាក់ តែងតែធ្វើដំណើរចេញ ដើម្បីជួបជុំក្រុមគ្រួសារ និងសាច់ញាតិនៅស្រុកកំណើតរៀងៗខ្លួន៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
PR NEWS6 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន6 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន6 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន5 days agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន