ព័ត៌មាន
សម្តេចប្រធានរដ្ឋសភាកម្ពុជា អរគុណរដ្ឋាភិបាលនិងសភាម៉ាឡេស៊ី ក្នុងកិច្ចខិតខំសម្របសម្រួល ដោះស្រាយជម្លោះករណីយោធាថៃរំលោភឈ្លានពានលើដែនអធិបតេយ្យកម្ពុជា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធានអាយប៉ាលើកទី៤៦ ក្នុងពេលដែលសម្តេចអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅក្នុងទីក្រុងគូឡាឡាំពួ។
នៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភា បានថ្លែងអណរគុណដល់ ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ីដែលជាប្រធានអាយប៉ាលើកទី៤៦ ដែលបានទទួលស្វាគមន៍គណៈប្រតិភូសភាកម្ពុជាយ៉ាងកក់ក្តៅបំផុត។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះប្រទេសម៉ាឡេស៊ី ដែលបានបំពេញតួនាទីបានយ៉ាងល្អនៅក្នុងការដឹកនាំរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៦ ប្រកបដោយជោគជ័យ មានអត្ថន័យឆ្ពោះសម្រេចបានចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ប្រកបដោយចីរភាព បរិយាបន្ននិងវិបុលភាព។
ក្នុងនាមពលរដ្ឋកម្ពុជា សម្តេចសូមអរគុណស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិម៉ាឡេស៊ី ដែលខិតខំសម្របសម្រួលនៅក្នុងការបង្កើតឱ្យមានបទឈប់បាញ់និងចូលសង្កេតការណ៍យ៉ាងយកចិត្តទុកដាក់លើការអនុវត្តបទឈប់បាញនិងបន្តតាមដានសភាពការណ៍ជាប់ជាប្រចាំ។ សម្តេចបានគូសបញ្ជាក់ថាកម្ពុជាត្រូវការសុខសន្តិភាព ។សន្តិភាពដែលមិនត្រឹមសម្រាប់ពលរដ្ឋកម្ពុជានិងថៃប៉ុណ្ណោះទេ តែសម្រាប់សហគមន៍អាស៊ានទំាងមូល។ “ក្នុងនាមសមាជិកអាស៊ាន យើងត្រូវការពារសុខសន្តិភាពក្នុងតំបន់ មិនគួរបណ្តោយឱ្យបញ្ហាជាអរិភាពណាមួយ រីករាលដាលកាន់តែធំសម្រាប់គ្រួសារអាស៊ាននោះឡើយ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាទំនាក់ទំនងកម្ពុជា ម៉ាឡេស៊ី មានការរីកចម្រើនយ៉ាងខ្លំាងក្លានិងគ្រប់វិស័យ។ សម្តេចអរគុណម៉ាឡេស៊ី ដែលបានផ្តើមវិនិយោគនៅកម្ពុជាតំាងពីឆ្នាំ១៩៩៣មក ដែលប្រការនេះ កើតចេញពីការទុកចិត្ត និងការជឿជាក់លើចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាអំឡុងពេលស្នាក់នៅទីក្រុងគូឡំាឡាំពួ ដ៏ស្រស់ស្អាត សម្តេចបានជួបប្រាស្រ័យទាក់ទងជាមួយអ្នកអ្នកវិនិយោគម៉ាឡេស៊ី មួយចំនួន ហើយពួកគាត់បានបង្ហាញពីចំណាប់អារម្មណ៍នៅក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដូចជានៅក្នុងវិស័យឧស្សាហកម្មចំណីអាហារជាដើម។ សម្តេចរដ្ឋសភាធិបតី បានគួសបញ្ជាក់ថា កម្ពុជានិងម៉ាឡេស៊ី នៅមានសក្តានុពលជាច្រើនទៀតត្រូវពង្រីកបន្ថែមទៀត ដូចជាវិស័យពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងបច្ចេកវិទ្យាជាដើម។
ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា មកចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងបានចែករំលែកនូវទស្សនៈ បទពិសោធន៍ យ៉ាងសកម្មដើម្បីចូលរួមលើកកម្ពស់វិបុលភាពអាស៊ាននិងសកលោក តាមរយៈតួនាទីដ៏សំខាន់របស់សភា។ ប្រធានមហាសន្និបាតអាយប៉ាលើកទី៤៦ បានវាយតម្លៃខ្ពស់ចំពោះឆន្ទៈមោះមុតរបស់កម្ពុជា ដើម្បីសន្តិភាព សុវត្ថិភាពរបស់ពលរដ្ឋ ។ ជាពិសេសការស្វែងរកដំណោះស្រាយដោយសន្តិវិធី នៅក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាង។
ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី បានឯកភាពចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ពីចំណងមិត្តភាពកម្ពុជា-ម៉ាឡេស៊ី ដែលប្រៀបបានជាបងប្អូនបង្កើតដូច្នេះដែរ។ ឯកឧត្តមប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ទំនាក់ទំនងពលរដ្ឋប្រទេសទំាងពីរមានភាពជិតស្និទ្ធជាខ្លំាង ។ ពលរដ្ឋកម្ពុជាដែលកំពុងរស់នៅនិងធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី ជាពលរដ្ឋស្មោះត្រង់ ខិតខំប្រឹងប្រែងនិងបានចូលរួមចំណែកដល់ការអភិវឌ្ឍរបស់ម៉ាឡេស៊ីផងដែរ៕










-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប
-
ព័ត៌មាន3 days agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
ព័ត៌មាន1 week agoក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ