ព័ត៌មាន
ទឹកជំនន់នៅស្រុកកោះញែកចាប់ផ្តើមស្រកទៅវិញ ខណៈអាជ្ញាធរចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា
មណ្ឌលគិរី៖ ទឹកជំនន់ដែលបានជន់លិចស្រុកកោះញែកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានចាប់ផ្តើមស្រកទៅវិញបណ្តើរៗហើយនៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ ខណៈប្រជាពលរដ្ឋមួយចំនួនក៏អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ។
លោក សី ទូច អភិបាលស្រុកកោះញែកបានបញ្ជាក់ថា ទឹកជំនន់នេះកើតឡើងដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃក្នុងខេត្តមណ្ឌលគិរី ដែលធ្វើឱ្យកម្ពស់ទឹកទន្លេស្រែពកឡើងខ្ពស់ ហើយស្រុកកោះញែកដែលនៅជាប់នឹងទន្លេក៏រងផលប៉ះពាល់យ៉ាងខ្លាំង ។ យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា មិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយសារអាជ្ញាធរបានជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ។ មកទល់ពេលនេះ គេនៅមិនទាន់អាចវាយតម្លៃពីទំហំនៃការខូចខាតសរុបបាននៅឡើយទេ ព្រោះទឹកមិនទាន់ស្រកអស់ទាំងស្រុង ដែលធ្វើឱ្យការពិនិត្យមិនទាន់អាចធ្វើទៅបានគ្រប់ជ្រុងជ្រោយ។
លោក សី ទូច បានប្រាប់ពីផលប៉ះពាល់បឋមដោយសារជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួន ៦ឃុំ ដែលរងផលប៉ះពាល់ ។ ក្នុងនោះ ឃុំណងឃីលិកមានផ្លូវចំនួន ៤កន្លែងត្រូវបានលិចទឹក ដែលមានប្រវែងប្រហែល ១,០៨០ម៉ែត្រ ។ ឃុំអរបួនលើមានផ្លូវទូទាំងឃុំត្រូវបានលិចទឹក និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១៥៥ខ្នង ស្មើនឹង ១៨០គ្រួសារ ។ ឃុំរយ៉មានផ្លូវចំនួន ២ខ្សែ ប្រវែង ៨០០ម៉ែត្រ និងប៉ះពាល់ផ្ទះចំនួន ១០០ខ្នង ។
ឃុំសុខសាន្តមានផ្លូវសរុបទូទាំងឃុំប្រវែង ៣,៥០០ម៉ែត្រត្រូវបានលិច សាលាបឋមសិក្សាសុខសាន្តក៏រងផលប៉ះពាល់ ។ ទំនប់អូរវល់ក្នុងភូមិស្រែធំត្រូវបានខូចខាតទាំងស្រុង រីឯទំនប់អូរណំក្នុងភូមិក្តង់ឡែវិញ ទឹកបានហូរច្រោះលើខ្នងទំនប់ទាំងស្រុង ១,៤០០ម៉ែត្រ ។ ឃុំស្រែហ៊ុយមានផ្លូវសរុបប្រវែង ៥,៥០០ម៉ែត្រត្រូវបានលិចទឹក ។ ចំណែកឯឃុំស្រែសង្គមវិញ វត្តចំនួន ២ គឺវត្តគិរីរម្យ និងវត្តរតនមណ្ឌលរង្សី រងផលប៉ះពាល់ ។ សាលាបឋមសិក្សាហ៊ុន សែនកោះញែកក៏ត្រូវបានលិចទឹកផងដែរ។ ផ្លូវលំឃុំជាប់មាត់ច្បារ និងផ្លូវគម្រោងមន្ទីរអភិវឌ្ឍន៍ក៏ត្រូវបានជន់លិច និងផ្ទះប្រជាពលរដ្ឋចំនួន ១៥ខ្នងត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ។
កម្លាំងនគរបាលខេត្តមណ្ឌលគិរីដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត កាលពីម្សិលមិញក៏បានចុះទៅពិនិត្យស្ថានភាពទឹកជំនន់ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅភូមិចំនួន ៤ ក្នុងស្រុកកោះញែក រួមមាន៖ ភូមិអន្ទ្រេះ ភូមិអរបួនលើ ភូមិឈូល ភូមិស្រែសង្គម និងឃុំស្រែហ៊ុយ ។ លោកឧត្តមសេនីយ៍ស្នងការបានជំរុញឱ្យអធិការស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តយកចិត្តទុកដាក់លើសុវត្ថិភាពប្រជាពលរដ្ឋ និងត្រៀមជួយសង្គ្រោះពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងដោះស្រាយបញ្ហាចាំបាច់មួយចំនួនឱ្យបានទាន់ពេលវេលា៕ អត្ថបទ៖ អ៊ិត ភីរុណ














-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន7 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន4 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន3 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ