ព័ត៌មាន
ប្រមុខការទូតកម្ពុជាប្រាប់ពិភពលោកថា ទង្វើរបស់ថៃគឺបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាពិតប្រាកដ
នៅក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានធ្វើឡើងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនៅថ្ងៃទី២៧ ខែកញ្ញា ម្សិលមិញនេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ទង្វើរបស់ថៃដែលបានធ្វើឡើងចំពោះប្រជាជនកម្ពុជា គឺបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយមួយ វិញទៀតសកម្មភាពទាំងនោះក៏បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជាផងដែរ។
ប្រមុខការទូតកម្ពុជា បានប្រាប់ពិភពលោកទៀតថា បញ្ហាដែលព្រួយបារម្ភបំផុតនោះ គឺទាហានថៃបានធ្វើការបណ្ដេញពលរដ្ឋកម្ពុជាដោយបង្ខំ ការគំរាមកំហែងប្រើច្បាប់ជាតិ (ច្បាប់អាជ្ញាសឹក) ប្រឆាំងនឹងពលរដ្ឋខ្មែរ និងការបណ្ដេញប្រជាជនកម្ពុជារាប់រយគ្រួសារទៀតចេញពីភូមិដ្ឋាន ដែលពួកគេបានរស់នៅអាស្រ័យផលអស់រាប់ទសវត្សមកហើយ។ ឯកឧត្តមបានបន្ថែមថា «ការចូលកាន់កាប់ទឹកដីនៅលើតំបន់ដែលមិនទាន់ត្រូវបានខណ្ឌសីមាព្រំដែន បង្ហាញឱ្យឃើញយ៉ាងជាក់ច្បាស់ពីការមិនគោរពចំពោះលក្ខខណ្ឌនៃបទឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងទាំងសងខាងផ្សេងៗទៀត ពាក់ព័ន្ធការដោះស្រាយបញ្ហាព្រំដែនផងដែរ។ ទង្វើខាងលើនេះបានរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាមួយគ្នានេះ សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាច្រើនក៏ត្រូវបានបំពាន»។
នៅក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិមូលបទ«រួមគ្នា ដើម្បីភាពប្រសើរឡើង៖៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស»នេះដែរ ឯក ឧត្តមប្រាក់ សុខុន ក៏បានបង្ហាញថា កម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ ដោយបង្ហាញសុឆន្ទៈ និងតម្លាភាពពេញលេញក្នុងការអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់ និងរក្សាភាពអត់ធ្មត់ជាទីបំផុតចំពោះមុខ ការបង្ករឿង និងការរំលោភបំពានម្ដងហើយម្ដងទៀត។ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ មានការវាយប្រហារមួយ កន្លែងដោយមិនញញើត នៅជិតទីតាំងដ៏រសើបមួយ ដោយចោទប្រកាន់ថា កងកម្លាំងរបស់កម្ពុជាបានបើក ការបាញ់ប្រហារមុន។ កងទ័ពកម្ពុជាមិនបានបាញ់ និងបានរក្សាភាពអត់ធ្មត់មិនឆ្លើយតបវិញទេ ដើម្បីបញ្ជាក់ ពីការប្តេជ្ញាចិត្តដ៏មោះមុតចំពោះសន្តិភាព។
តាមរយៈថ្លែងសុន្ទរកថា នៅក្នុងមហាសន្និបាតនេះដែរ ឯកឧត្តម ប្រាក់ សុខុន ក៏បានបង្ហាញការ សោកស្តាយ ការបន្តសកម្មភាពឯកតោភាគីដើម្បីយកអធិបតេយ្យ ទឹកដីពីសំណាក់ប្រទេសជិតខាងរបស់ កម្ពុជា ដោយប្រើកម្លាំងជំនួសឲ្យយន្តការដែលបានព្រមព្រៀងគ្នា ផែនទីឯកតោភាគីជំនួសឲ្យផែនទីដែល មានការទទួលស្គាល់ជាអន្តរជាតិស្របតាមសន្ធិសញ្ញា ដែលបានចងជាកាតព្វកិច្ចសម្រាប់ប្រទេសទាំងពីរ និងសកម្មភាពរាប់មិនអស់ដែលបំផ្លាញដល់កិច្ច ខិតខំប្រឹងប្រែងកសាងទំនុកចិត្ត និងសន្តិភាព។
យ៉ាងណាក៏ដោយនៅក្នុងមហាសន្និបាតនេះដែរ ឯកឧត្តមប្រាក់ សុខុន ក៏បានអំពាវនាវឱ្យមានកិច្ចសន្ទនា ការដោះស្រាយជម្លោះដោយសន្តិវិធីដោយគោរពយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់ចំពោះលក្ខខណ្ឌដែលបានព្រមព្រៀងនៃបទឈប់បាញ់ ការគោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគី ច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ កម្ពុជាក៏បានស្នើសុំដោយស្មោះត្រង់នូវការបន្តគាំទ្រ និងការសម្របសម្រួលរបស់ប្រធានអាស៊ាន និង ប្រទេសសមាជិកអាស៊ាន, អគ្គលេខាធិការ និងស្ថាប័នពាក់ព័ន្ធនៃអង្គការសហប្រជាជាតិ ព្រមទាំងថ្នាក់ដឹកនាំជុំវិញពិភពលោក ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង លើកទឹកចិត្តដល់ការដោះស្រាយជម្លោះដោយសន្តិវិធី និងទប់ស្កាត់ការកើតឡើងនូវសោកនាដកម្មបន្ថែមទៀត។
ជាមួយគ្នានោះដែរ ប្រមុខការទូតកម្ពុជា ក៏បានប្រាប់ទៅមហាសន្និបាតផងដែរថា«កម្ពុជាជាប្រទេសតូច ផ្ដោតលើការកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញ និងលើកកម្ពស់សុខុមាលភាព របស់ប្រជាជន។ យើងមិនបង្កការគំរាមកំហែងដល់អធិបតេយ្យរបស់ប្រទេសណាមួយឡើយ។ ខណៈពេលដែលយើងតែងតែការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើង ការប្រើប្រាស់កម្លាំងគឺជា ជម្រើសចុងក្រោយបំផុត។ មួយវិញទៀតកម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនុកចិត្ត និងប្រក្រតីភាព លើកកម្ពស់ការរួមរស់ជាមួយ គ្នាប្រកបដោយសុខដុមរមនា និងទំនាក់ទំនងអ្នកជិតខាងល្អ និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា៕ អត្ថបទបាន ចក់

-
ព័ត៌មាន4 days ago
ក្រុមគ្រូពេទ្យមន្ទីរពេទ្យព្រះអង្គឌួង បានចុះពិនិត្យសុខភាពភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកែប
-
ព័ត៌មាន1 week ago
សមត្ថកិច្ចបង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងជួញដូរមនុស្សដោយមានគោលដៅដោយឃាត់ជនសង្ស័យ៧នាក់
-
កីឡា6 days ago
កម្ពុជាទទួលបានការអញ្ជើញជាពិសេស ចូលរួមកិច្ចប្រជុំនាយបេសកកម្មត្រៀមកីឡាអាស៊ី លើកទី២០ នៅជប៉ុន
-
កីឡា6 days ago
កម្ពុជាបានត្រឹមជើងឯករង នៃការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥
-
កីឡា6 days ago
កម្ពុជា យកឈ្នះម៉ាកាវ ១១-២ ក្នុងវគ្គជម្រុះជើងឯក Futsal អាស៊ី ឆ្នាំ២០២៦ មុនត្រឡប់មកផ្ទះវិញ
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំងកម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃដូចការលើកឡើងរបស់ផេកកងទ័ពថៃ និងសារព័ត៌មានថៃ នោះទេ
-
កីឡា6 days ago
មុនជួប Nam Dinh គ្រូព្រះខ័នរាជថា នឹងល្អមើល ដោយសារក្រុមទាំងពីរ មានកីឡាករល្អៗដូចគ្នា
-
ព័ត៌មាន1 week ago
គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២១ កញ្ញា កើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សស្លាប់៧នាក់ និងរបួសធ្ងន់ស្រាល ១១នាក់