ព័ត៌មាន
កម្ពុជា ផ្ដល់ទស្សនទាន ៥ចំណុច ក្នុងការកែទម្រង់ UN ឱ្យកាន់តែមានប្រសិទ្ធភាព
ភ្នំពេញ ៖ នៅក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ UN មូលបទ «រួមគ្នា ដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កម្ពុជាបានផ្ដល់ ទស្សនទាន ៥ចំណុច ចាំបាច់ត្រូវតែមានការកែទម្រង់អង្គការនេះ ដើម្បីលើកស្ទួយនូវចក្ខុវិស័យរបស់ស្ថាបនិកអង្គការសហប្រជាជាតិ និងឆ្លើយតបចំពោះស្ថានការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន។
ក្នុងសម័យប្រជុំខាងលើ នាថ្ងៃទី២៧ ខែកញ្ញា នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បន្ថែមថា កម្ពុជាគាំទ្រកំណែទម្រង់ដែល មានលក្ខណៈជាក់ស្តែង និងតាមដំណាក់កាលបន្តបន្ទាប់ សំដៅជួយពង្រឹងប្រសិទ្ធភាព តែមិនធ្វើឱ្យប៉ះពាល់ ដល់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិឡើយ។ កម្ពុជាយល់ថាអាទិភាពសំខាន់ ៥ចំណុចរួមមាន៖
– ការពង្រឹងអំណាចនៃយន្តការការទូតដើម្បីបញ្ចៀសជម្លោះ និងសម្រុះសម្រួល ដោយផ្តល់ឧបករណ៍ បន្ថែមដល់អង្គការសហប្រជាជាតិ សម្រាប់ដោះស្រាយវិបត្តិឲ្យបានមុនពេលផ្ទុះឡើង។
– ការពង្រឹងមហាសន្និបាតអ.ស.ប. ដែលជាស្ថាប័នមានលក្ខណៈតំណាងបំផុត ដោយត្រូវធ្វើយ៉ាង ណាឱ្យសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត មានសមត្ថភាពខ្លាំងជាងមុនក្នុងការត្រួតពិនិត្យ តាមដានលើការអនុវត្ត និងមានទម្ងន់ផ្នែកសីលធម៌ខ្លាំងជាមុន។
– ការបង្កើនចំនួនអាសនៈសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីឆ្លុះបញ្ចាំងឲ្យកាន់តែ ប្រសើរជាងមុននូវស្ថានភាពពិភពលោកពហុប៉ូលនាពេលបច្ចុប្បន្ននេះ និងដើម្បីពង្រឹងនីត្យានុកូល ភាពនៃក្រុមប្រឹក្សាសន្តិសុខ។
– ពង្រឹងបេសកកម្មថែររក្សាសន្តិភាព និងបេសកកម្មឃ្លាំមើលតាមបន្ទាត់ព្រំដែន ជាពិសេសនៅតំបន់ ជម្លោះ ដើម្បីឱ្យរដ្ឋតូចៗទទួលបាននូវសិទ្ធិស្មើគ្នាក្នុងយន្តការសម្រុះសម្រួល និងការការពារ។
– វិធានការបំពេញបន្ថែមមួយចំនួនទៀត ដូចជា ការផ្តល់មូលនិធិ, បច្ចេកវិទ្យា និងការកែសម្រួលផ្នែក ច្បាប់ជាជំហានៗ នឹងអាចប្រែក្លាយគោលការណ៍កំណែទម្រង់ដ៏ធំទៅជាវឌ្ឍនភាពជាក់ស្តែង។
ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន លើកឡើងថា សម្រាប់ប្រទេសដូចជាកម្ពុជា អំណាចដ៏ធំបំផុតរបស់អង្គការសហប្រជាជាតិ មិនមែនជាអំណាច បង្ខិតបង្ខំទេ ប៉ុន្តែជាអំណាចខាងសីលធម៌ ភាពស្របច្បាប់ និងអំណាចកោះប្រជុំ ដែលនឹងអាចជួយការពារ ប្រទេសតូចៗ និងរក្សាសន្តិភាពបាន។ ដើម្បីអបអរសាទរខួបលើកទី៨០ នៃអង្គការសហប្រជាជាតិ យើងទាំងអស់គ្នាត្រូវគោរពចក្ខុវិស័យ របស់ស្ថាបនិកអង្គការអន្តរជាតិនេះ ដោយជ្រើសយកកិច្ចសហប្រតិបត្តិការជំនួសការប្រឈមមុខគ្នា ការសន្ទនាជំនួសការបែកបាក់ និងក្តីសង្ឃឹមជំនួសភាពអស់សង្ឃឹម។
ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា កម្ពុជាត្រៀមខ្លួនក្នុងការសម្រេច «ភាពប្រសើរឡើងជាមួយគ្នា» ដោយសហការជាមួយរដ្ឋសមាជិកទាំងអស់, ប្រព័ន្ធអង្គការសហប្រជាជាតិ និងដៃគូរបស់យើងនៅទូទាំងពិភពលោក ដើម្បីធានាថា ក្នុងអនាគត រាប់ទសវត្សរ៍ទៅមុខទៀតនឹងពោរពេញទៅដោយសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសេចក្តីថ្លៃថ្នូរ ដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូប៕

-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន7 days agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា