Connect with us

ព័ត៌មាន

កម្ពុជា ព្រុយណេ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍

នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា និង ព្រុយណេ បានប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍, លើកកម្ពស់ទេសចរណ៍មូស្លីម និងជំរុញការផ្សព្វផ្សាយគោលដៅសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ។

នាឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម DATO DR ABDUL MANAF METUSSIN រដ្ឋមន្ត្រីទេសចរណ៍ព្រុយណេ ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមរយៈការគ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានការឯកភាពគ្នាលើទិដ្ឋភាពបច្ចេកទេសរួចរាល់។

ភាគីទាំងពីរបានឯកភាពក្នុងការជំរុញការធ្វើទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍មូស្លីមឱ្យបានទូលំទូលាយ ព្រមទាំងផ្សព្វផ្សាយគោលដៅសក្តានុពលទេសចរណ៍រវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ, ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ មានទស្សនៈរួមគ្នាថាការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ទាមទារឱ្យមានការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។

ភាគីទាំងពីរឯកភាពក្នុងការចុះហត្ថលេខាលើអនុរស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ កម្ពុជា ព្រយណេ ដែលអាចរៀបចំឡើងនៅកម្ពុជា ឬ នៅអំឡុងពេល នៃវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វលីពីន។ ភាគីទាំងពីររំពឹងថាតាមរយៈការចុះហត្ថលេខាលើ MOU នេះ នឹងជួយជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរកាន់តែច្រើនឡើនបន្ថែមទៀត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia