ព័ត៌មាន
សម្តេចធិបតី ណែនាំឲ្យគ្រប់កន្លែងសិក្សាអប់រំទាំងអស់ជំរុញចលនាសិស្ស និងបង្កើតកម្មវិធីក្រៅម៉ោងសិក្សាចុះសួរសុខទុក្ខមនុស្សចាស់
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ក្រសួងអប់រំ យុវជន និងកីឡាត្រូវធ្វើសេចក្ដីណែនាំដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ជំរុញចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មាន របស់មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សចាស់ ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោងសិក្សាចុះសួរសុខទុក្ខមនុស្សវ័យចាស់ ជាពិសេសជួយបំពេញ ការងារជាឧត្តមប្រយោជន៍ជូនមនុស្សវ័យចាស់ ជរាព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងមូលដ្ឋាន ស្ថិតនៅជិតកន្លែងសិក្សារបស់ខ្លួន។
ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានេះ គឺតាមរយៈសារាចរ ស្តីពីការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមប្រធានបទ«វ័យចាស់ដោយសេចក្តីថ្លៃថ្នូរ» ហើយទិវានេះ ត្រូវបានសម្តេចធិបតីចាត់ទុកថាដើម្បីលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយ សុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ហើយមួយវិញទៀតទិវានេះក៏បង្ហាញឱ្យឃើញអំពីតួនាទី ដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ព្រមទាំងផ្តល់នូវចំណេះដឹងចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយផងដែរ។
ទាក់ទងនឹងទិវាមនុស្សចាស់នេះដែរ សម្តេចធិបតី ក៏បានណែនាំដល់ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តជំរុញ និងពង្រឹងសមាគមមនុស្សចាស់នៅតាមសហគមន៍ឱ្យដំណើរការ និងមាននិរន្តរភាពទូទាំងរាជធានីខេត្ត ស្របតាមផែនការដែលបានកំណត់ដោយឈរលើ ស្មារតីសាមគ្គីភាពជួយគា្នទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ជួយ មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា សូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់។
សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់២០១៧-២០៣០ នៅតាមមូលដ្ឋានវត្តអារាម វិហារសាសនានានា ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹងផងដែរ។ មួយវិញទៀតក្រសួងសុខាភិបាលត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយ ជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ នៅតាមមូលដ្ឋានវត្តអារាម វិហារសាសនានានា ដើម្បី ណែនាំអំពីវិធានសុខាភិបាលដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។
ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានប្រាប់ទៅក្រសួងធម្មការ និងសាសនាត្រូវធ្វើការណែនាំចលនានៅតាមវត្តអារាម វិហារសាសនាទូទាំងប្រទេស តាមរយៈបព្វជិតសាសនា ដៃគូអភិវឌ្ឍសប្បុរសជននានា និងមូលនិធិផ្សេងទៀត ដើម្បីឱ្យមានសកម្មភាពជួយឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង និងសមាគមមនុស្សចាស់ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ ដើម្បីឱ្យពួកគាត់អាចមានកន្លែងស្នាក់នៅសមរម្យ អាហារទទួលទាន តាំងសមាធិ និងសមាទានសីល ព្រមទាំងទទួលបានសេវាថែទាំផ្សេងៗទៀតជាបន្តបន្ទាប់ផងដែរ៕ អត្ថបទ៖ បាន ចក់




-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន6 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន6 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប