ព័ត៌មាន
គណៈប្រតិភូសភាម៉ាឡេស៊ីវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៅកម្ពុជា
នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយឯកឧត្តមបណ្ឌិត Mohd Hatta សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Mohd Hatta បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមបណ្ឌិតបានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានដឹកនាំគណៈប្រតិភូសភាម៉ាឡេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានកត់សម្គាល់នូវការរីកចម្រើននៅកម្ពុជា។ ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណគណៈប្រតិភូសភាកម្ពុជា ដែលបានអញ្ជើញ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៦ នៅម៉ាឡេស៊ី នាពេលថ្មីៗនេះ។ ឯកឧត្តមបណ្ឌិតមានជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងរវាងសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងពង្រីកទំនាក់ទំនងទ្វេភាគីម៉ាឡេស៊ី-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅថែមទៀត។
ជាការឆ្លើយតប, សម្តេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមបណ្ឌិត និងគណៈប្រតិភូសភាម៉ាឡេស៊ីដែលបានអញ្ជេីញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ។ សម្តេចបវរធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ី លើវិស័យសំខាន់ៗជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិ ផងដែរ។ សម្តេចបវរធិបតីបានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់ក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ គឺជាកត្តាដ៏សំខាន់ក្នុងការជំរុញ, ពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែខ្លាំងក្លា និងទូលំទូលាយថែមទៀត។

សម្ដេចបវរធិបតី និងឯកឧត្តមបណ្ឌិត Mohd Hatta បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសំខាន់ៗមួយចំនួន រួមមាននយោបាយ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការពារជាតិ និងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន។
ក្នុងឱកាសនោះ សម្តេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ ព្រមទាំងតួនាទីរបស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួល និងដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕

-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន3 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន2 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ