ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកព្រះរាជអំណោយរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ ចែកជូនប្រជានុរាស្ត្រចំនួន ១.៨០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តត្បូងឃ្មុំ
បន្ទាប់ពីបានទទួលព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមចំនួន ២ម៉ឺនដុល្លារអាម៉េរិក របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ភ្លាមៗ នៅព្រឹកថ្ងៃអាទិត្យទី៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមនេះទិញស្បៀង និងសម្ភារ យកមកចែកជូនប្រជានុរាស្ត្រងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៨០០គ្រួសារ មកពីភូមិចំនួន១៤ ក្នុងឃុំចំនួន៣ នៃស្រុកត្បូងឃ្មុំ ក្នុងនោះ ឃុំបឹងព្រួលចំនួន ២០០គ្រួសារ, ឃុំជីរោទិ៍ទី១ ចំនួន ៨២៨គ្រួសារ និងឃុំទន្លេបិទចំនួន ៧៧២គ្រួសារ ហើយដែលពិធីជួបសំណេះសំណាល និងចែកអំណោយនេះធ្វើឡើងនៅទីទួលសុវត្ថិភាពឧកញ៉ា វ័ន ប៊ុនថៃ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំនូវព្រះរាជបន្ទូលនិងព្រះសវណីយ៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយព្រះរាជហឫទ័យក្តីនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ពីព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខប្រជានុរាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង។ ជាក់ស្ដែង កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារអាម៉េរិក សម្រាប់យកមកចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំរបស់យើងនេះ។
សូមបញ្ជាក់ថា ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ១ដប, សាប៊ូដុសខ្លួន ១ដប, ម្សៅសាប៊ូ ២កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា និងក្រុមតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ឧបត្ថម្ភថវិកាបន្ថែមក្នុង ១គ្រួសារ ៥ម៉ឺនរៀល។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ឧបត្ថម្ភបន្ថែម នំប៉័ងសាប ១ដើម និងទឹកបរិសុទ្ធ ១ដប។ ចំពោះស្ត្រីមានផ្ទៃពោះនិងស្ត្រីក្នុងវ័យបន្តពូជ ទទួលបានបន្ថែមនូវកញ្ចប់អនាម័យសម្រាប់ស្ត្រី ដែលជាអំណោយរបស់មូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន (UNFPA) ផងដែរ។
ជាមួយគ្នានេះ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន ក៏បានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារអាម៉េរិក ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការមនុស្សធម៌ផងដែរ។
ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានឧបត្ថម្ភថ្នាំពេទ្យបញ្ចុះកម្តៅ និងព្យាបាលផ្តាសាយប្រភេទ ACETA-SANT 500 ចំនួន ៨កេស (ស្មើនឹង ៧៦.៨០០គ្រាប់) ជូនមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងចំនួន ៨កេសទៀត ជូនដល់មន្ទីរសុខាភិបាលខេត្តកំពង់ចាម សម្រាប់ចាត់ចែងបន្តដល់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពក្នុងខេត្តនីមួយៗផងដែរ៕




















-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន1 week agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន6 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
ព័ត៌មាន3 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន2 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ