ព័ត៌មាន
យោធភូមិភាគទី៥កម្ពុជា ឆ្លើយតប ៤ចំណុច ទៅ ភូមិភាគ១ថៃ ដែលស្នើឱ្យជម្លៀសប្រជាជនខ្មែរ មុនចូលរួមកិច្ចប្រជុំ RBC នៅថ្ងៃទី១០-១២ ខែតុលា
មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ឆ្លើយតប ៤ចំណុច ទៅមេបញ្ជាការភូមិភាគ១ថៃ ដែលស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី៣តំបន់ មុនចូលរួមកិច្ចប្រជុំ RBC នៅថ្ងៃទី១០-១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ។
ឧត្ដមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ កងទ័ពជើងគោក យោធភូមិភាគទី៥ បានផ្ញើលិខិត ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ជូន លោក ឧត្តមសេនីយ៍ទោ វីរ៉ាក់យុត លឿងសុវណ្ណ មេបញ្ជាការកងទ័ពភូមិភាគទី១ នៃកងទ័ពភូមិន្ទថៃ ប្រធានគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគថៃ- កម្ពុជា។
តបតាមកម្មវត្ថុ សេចក្តីឆ្លើយតបទៅនិងលិខិតលេខ កហ.០៤៨១/៦៥៥៦ របស់កងទ័ពភូមិភាគទី១ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ស្តីអំពី ការប្រជុំវិសាមញ្ញលើកទី២ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទនិងកងទ័ពភូមិភាគទី១ នៃកងទ័ពភូមិន្ទថៃ, ឧត្ដមសេនីយ៍ឯក ឯក សំអូន បានជម្រាបជូន លោកមេបញ្ជាការភូមិភាគទី១ ថៃ ថា យោងតាម ស្មារតី នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្ត កោះកុង ព្រះរាជាណាចក្រកម្ពុជា យោធភូមិភាគទី៥ បានស្នើអញ្ជើញកងទ័ពភូមិភាគទី១ ដើម្បី ប្រជុំវិសាមញ្ញ លើកទី២ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ នៅថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៥ នៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៥ បានទទួលលិខិតឆ្លើយតបពីកងទ័ពភូមិភាគទី១ ដោយ ខ្លឹមសារបញ្ជាក់ថា លុះត្រាតែយោធភូមិភាគទី៥ រៀបចំផែនការជម្លៀសប្រជាជនកម្ពុជា ដែលស្ថិតនៅ ក្នុងតំបន់ឈមបរិវេណភូមិណងចាន់ ភូមិណងយ៉ាកែវ ស្រុកខូកស៊ូង ខេត្តស្រះកែវ និងភូមិតាផាក់យ៉ា ស្រុកតា ជាក់យ៉ា ខេត្តស្រះកែវ សរុបចំនួន ៣តំបន់ ដោយផ្ញើផែនការជម្លៀសប្រជាជននេះ មកកងទ័ពភូមិភាគទី១ នៅថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០២៥សិន ទើបភាគីកងទ័ពភូមិភាគទី១ យល់ព្រមចូលរួមការប្រជុំតាមសំណើខាងលើ។
ករណីនេះ យោធភូមិភាគទី៥ កម្ពុជា បានបញ្ជាក់ជំហរថា៖
១. ការស្នើប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគរវាងយោធភូមិភាគទី៥ និងកងទ័ពភូមិភាគទី១ គឺជាការ អនុវត្តន៍ទៅតាមស្មារតី នៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថ កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៥។
២. ចំពោះករណីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលភាគីកងទ័ពភូមិភាគទី១ បានដាក់ស្នើមក គឺត្រូវអនុវត្តន៍ ទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារបស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៃប្រទេសទាំងពីរ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ពិសេសក្នុងចំណុចទី៨ នៃកំណត់ហេតុកិច្ចប្រជុំដែលបានប្រគល់ភារកិច្ចឱ្យ JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការប្រជុំដោះស្រាយ។ ដោយឡែក កិច្ចប្រជុំ RBC ក្នុងកម្រិតយោធ ភូមិភាគ គឺមានភារកិច្ចត្រឹមតែសម្រួលបញ្ហានៅនឹងកន្លែង បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយបញ្ហាដោយ សន្តិវិធី ប៉ុន្ដែមិនមានសមត្ថកិច្ចកំណត់អំពីខ្សែព្រំដែននោះទេ។
៣. ឧត្ដមសេនីយ៍ឯក ឯក សំអូន បញ្ជាក់ផងដែរថា ការអង្កេតនៅលើដីជាក់ស្តែង បានបង្ហាញ និងបញ្ជាក់ច្បាស់ថានៅកន្លែងខ្លះក៏មាន ការកាន់កាប់ និង អាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាដែរ។ បញ្ហានេះបានបង្ហាញឱ្យឃើញអំពីភាពស្មុគស្មាញ និង ការលំបាកក្នុងការដោះស្រាយបញ្ហាព្រំដែនដែលទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីបានឯកភាពគ្នាកន្លងមក។ កម្ពុជាប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលន កិច្ចប្រជុំ JBC ចំពោះករណីនៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ (ដោយរួមទាំងតំបន់ដែលមានសំណង់ថ និងប្រជាជនថៃធ្វើសកម្មភាព ហួសបង្គោលព្រំដែនមួយចំនួនផង)។ ក្នុងន័យនេះ កម្ពុជាក៏ជំរុញឱ្យមានកិច្ច ប្រជុំ JBC ឱ្យបានឆាប់ដើម្បីស្វែងរកដំណោះស្រាយ។
៤. យោធភូមិភាគទី៥ ស្នើសុំឱ្យគោរពយ៉ាងខ្ជាប់ខ្ជួននូវអ្វីដែលភាគីទាំងពីរ កម្ពុជា-ថៃ បានព្រមព្រៀងគ្នាកន្លងមកក្នុងកិច្ចប្រជុំ GBC ។ កម្ពុជាសូមសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការបង្កើតបរិយាកាស អំណោយផលដល់ ដំណើរការស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេសតាមរយៈការបញ្ចៀសរាល់សកម្ម ភាពទាំងឡាយ ដែលអាចនាំឱ្យប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងសងខាង ដោយរង់ចាំរហូតដល់មានការសម្រេចចិត្តរបស់គណៈកម្មការចម្រុះខណ្ឌសីម៉ាព្រំដែនគោក (JBC) នៃប្រទេស យើងទាំងពីរ។





-
ព័ត៌មាន1 week agoសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoគណៈប្រតិភូជាន់ខ្ពស់ GBC កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ពីម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន1 week agoកម្ពុជា អបអរសាទរ ម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន
-
ព័ត៌មាន1 week agoយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រកអូរស្មាច់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoលោកអភិបាលខណ្ឌ៧មករា បន្តដឹកនាំមន្រ្តីជំនាញត្រួតពិនិត្យការដ្ឋានវាយរំលំ អគារអតីត សណ្ឋាគារអង្គរមានជ័យ
-
ព័ត៌មាន1 week agoយោធិនបង្កហិង្សាលើយុវតីម្នាក់ ត្រូវបានផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានី