Connect with us

ព័ត៌មាន

ប្រជាពលរដ្ឋ ទេសចរជាតិ-អន្តរជាតិ ដើរកម្សាន្តផ្លូវថ្មើរជើងចតុមុខ ប្រកបដោយភាពរីករាយ ក្នុងការបើក៥ថ្ងៃ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក

ប្រជាពលរដ្ឋ ទេសចរជាតិ-អន្តរជាតិ អញ្ជើញដើរកម្សាន្តផ្លូវថ្មើរជើងចតុមុខ ប្រកបដោយភាពរីករាយ ក្នុងការបើករយៈពេល០៥ថ្ងៃ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក ។

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាថ្ងៃទី១ ក្នុងចំណោម០៥ថ្ងៃ ដែលផ្លូវថ្មើរជើងចតុមុខ ឬ Chaktomuk Walk Street ត្រូវបានបើកឲ្យដំណើរការ ដើម្បីជាការផ្តល់ទីតាំងជូនបងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ-អន្តរជាតិ នាំគ្នាទៅដើរលេងកម្សាន្តសប្បាយ ។ ការបើកផ្លូវថ្មើរជើងរយៈពេល០៥ថ្ងៃនេះ ក៏ជាការបើកដើម្បី ចូលរួមអបអរជាមួយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំ២០២៦ផងដែរ ។

នៅយប់ថ្ងៃទី១ដដែលនេះ ប្រជាពលរដ្ឋ មានជាលក្ខណៈឯកជនភាព មិត្តភក្តិជាក្រុម ក៏ដូចជាក្រុមគ្រួសារ និង បណ្តាទេសចរជាតិ-អន្តរជាតិ កុះករ បានអញ្ជើញនាំគ្នាបន្តទៅដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង ប្រកបដោយក្តីរីករាយ ក្រោមបរិយាកាស និងខ្យល់អាកាសល្អ លាយលំជាមួយភ្លើងពណ៌ភ្លឺចិញ្ចែងចិញ្ចាចបំភ្លឺតាមដងទន្លេ ធ្វើឱ្យទិដ្ឋភាពកាន់តែស្រស់ស្អាត អមជាមួយកម្មវិធីសប្បាយភាពនានាជាច្រើន មានទាំងបុរាណ និងសម័យ ប្រគុំលេងដោយសិល្បៈករប្រុសស្រី បំពេរដល់អារម្មណ៍អ្នកដើរទស្សនា ឲ្យចូលរួមស្តាប់ ឬក៏ចូលរួមច្រៀងរាំលេងកម្សាន្តបានដោយសេរីផងដែរ ។

ប្រជាពលរដ្ឋ សម្តែងក្តីរីករាយ ចំពោះការបើកដំណើរការផ្លូវថ្មើរជើងរយៈពេល០៥ថ្ងៃ នៅរាជធានីភ្នំពេញ ដែលនេះ អាចឲ្យពួកគាត់មានពេលវេលាច្រើន ក្នុងការដើរកម្សាន្តសប្បាយនៅក្នុងរាជធានីភ្នំពេញតែម្តង ក្នុងឱកាសថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៦នេះ ក្រោយទទួលអារម្មណ៍ហត់នឿយច្រើនពីការខិតខំបំពេញភារកិច្ច និងតួនាទីរៀងៗខ្លួនប្រចាំថ្ងៃរបស់ពួកគាត់ ។

ទេសចរអន្តរជាតិ បង្ហាញភាពកក់ក្តៅខ្ពស់ ពេលពួកគាត់បានអញ្ជើញដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង Walk Street និងបានបង្ហាញពីអារម្មណ៍ដែលពោរពេញដោយទំនុកចិត្តមកលើប្រទេសកម្ពុជា និងបានចាត់ទុកកម្ពុជាជាប្រទេសដែលមានសន្តិសុខល្អ សន្តិភាព និងមានប្រជាជនដ៏សែនរុះរាយរាក់ទាក់ ចេះគោរពឲ្យតម្លៃគ្នាទៅមក មិនប្រកាន់ជាតិសាសន៍ ។

ក្រុមអ្នកលក់ដូរ ក៏ប្តេជ្ញាថា នឹងបម្រើឲ្យបានដិតដល់សេវាម្ហូបអាហារជូនភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយការទទួលខុសត្រូវ ទាំងគុណភាព និងតម្លៃ នឹងផ្តល់ជូនម្ហូបខ្មែរដ៏ឆ្ងាញ់ពិសារ សម្រាប់អ្នកដើរកម្សាន្តដែលហត់នឿយពីការដើរទស្សនា អាចអញ្ជើញចូលអង្គុយ ឬទិញទៅទទួលទានបាន ។

គួរបញ្ជាក់ជូនថា ៖ ផ្លូវថ្មើរជើងចតុមុខ ដែលនឹងបើករយៈពេល០៥ថ្ងៃខាងលើនេះ គឺបើកចាប់ពីវេលាម៉ោង ១៨:០០នាទី ដល់ម៉ោង ២៣:០០នាទីយប់តែប៉ុណ្ណោះ ដោយឡែកនៅពេលថ្ងៃ គឺបើកលំហូរចរាចរណ៍ធ្វើដំណើរទៅមកជាធម្មតា ។ ហើយនៅពេលព្រះរាជពិធីបុណ្យអុំទូកត្រូវបានបញ្ចប់ ផ្លូវថ្មើរជើងនេះ នឹងត្រូវដាក់ឲ្យដំណើរតែ០២ថ្ងៃជាប្រក្រតីភាពឡើងវិញធម្មតា ពោលនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ គឺថ្ងៃសៅរិ៍ និងថ្ងៃអាទិត្រ ៕

អត្ថបទ ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia