ព័ត៌មាន
អ្នកជំនាញ៖ ការទូតរបស់កម្ពុជា ជំរុញឱ្យថៃគោរពកិច្ចព្រមព្រៀង និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
ភ្នំពេញ៖ កម្ពុជាបន្តប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិ ជាមូលដ្ឋានក្នុងការការពារអធិបតេយ្យភាព និងស្វែងរកដំណោះស្រាយវិវាទព្រំដែនជាមួយថៃដោយសន្តិវិធី។ អ្នកជំនាញភូមិសាស្ត្រនយោបាយយល់ថា ការប្រកាន់ខ្ជាប់គោលការណ៍ច្បាប់អន្តរជាតិ និងការជំរុញឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមានស្រាប់ គឺជាគន្លឹះសំខាន់ក្នុងការបញ្ចៀសភាពតានតឹង និងឈានទៅរកសន្តិភាពយូរអង្វែង។
លោកបណ្ឌិត អាន ប៉ាស្ទី អ្នកស្រាវជ្រាវផែនការយុទ្ធសាស្ត្រ និងច្បាប់អន្តរជាតិ មានប្រសាសន៍ថា ការលើកយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅកាន់វេទិកាអន្តរជាតិ គឺជាការប្រើប្រាស់យន្តការការទូត ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ លោកបណ្ឌិតបញ្ជាក់ថា តាមរដ្ឋធម្មនុញ្ញកម្ពុជា ប្រទេសកម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ និងមានបូរណភាពទឹកដីដែលមិនអាចរំលោភបំពានបាន។ ដូច្នេះ ការការពារអធិបតេយ្យភាពត្រូវធ្វើឡើងតាមយន្តការសមស្រប និងស្របតាមច្បាប់អន្តរជាតិ។
លោកបណ្ឌិតបន្ថែមថា គោលការណ៍ស្នូលនៃធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញអង្គការសហប្រជាជាតិ សុទ្ធតែសង្កត់ធ្ងន់លើការគោរពអធិបតេយ្យភាពរបស់រដ្ឋ ការមិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ការចូលរួមរបស់កម្ពុជានៅក្នុងវេទិកាអន្តរជាតិ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋ តាមរយៈយន្តការច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអាស៊ាន និងអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ បញ្ហាមនុស្សធម៌ត្រូវបានចាត់ទុកជាអាទិភាព ដែលភាគីពាក់ព័ន្ធគួរយកចិត្តទុកដាក់ជាចម្បង។
លោកបណ្ឌិតមានប្រសាសន៍ថា៖ «ហេតុនេះហើយបានជាគ្រប់មេដឹកនាំអាស៊ាន និងពិភពលោក នៅពេលដែលចូលរួមពាក់ព័ន្ធជាមួយនឹងបញ្ហាកម្ពុជា-ថៃ តែងតែលើកឡើងមុនគេគឺ បញ្ហាមនុស្សធម៌ ត្រូវតែយកចិត្តទុកដាក់អាទិភាពទីមួយ។នេះជាគោលការណ៍ជាសកល។ សរុបជារួម សូម្បីតែធម្មនុញ្ញនៃ អង្គការហ្វ្រង់កូហ្វូនី នៅក្នុងមាត្រា ១ ក៏បានកំណត់ថា ឱ្យរដ្ឋទាំងអស់ត្រូវតែបង្ការ និងជួយដោះស្រាយជម្លោះដោយសន្តិវិធី និងគាំទ្រសន្តិភាព»។
ចំណែកលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ មានប្រសាសន៍ថា ការបង្ហាញការពិតទៅកាន់សហគមន៍អន្តរជាតិ គឺជារឿងចាំបាច់ ដើម្បីឱ្យពិភពលោកបានយល់ពីស្ថានភាពជាក់ស្តែង ជាពិសេសផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលប្រជាពលរដ្ឋកម្ពុជាកំពុងជួបប្រទះ។ ទោះបីភាគីថៃតែងតែអះអាងថា ខ្លួនគោរពច្បាប់អន្តរជាតិក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាជាង២ម៉ឺននាក់នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។
លោកបណ្ឌិតយល់ថា៖ «ក្នុងនាមជាប្រទេសស្ថាបនិកមួយដែលបានបង្កើតអាស៊ាន ថៃគួរប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី»។
បើតាមអ្នកជំនាញ ប្រជាជនកម្ពុជា និងប្រជាជនថៃមិនគួរមានការស្អប់ខ្ពើមគ្នានោះទេ ព្រោះកម្ពុជាចង់រស់នៅជាមួយប្រទេសជិតខាងដោយសន្តិភាព សុខដុមរមនា និងការគោរពគ្នាទៅវិញទៅមក។ អ្វីដែលសំខាន់ គឺការជៀសវាងសកម្មភាពជ្រុលនិយមដែលអាចបង្កភាពតានតឹង និងរារាំងដល់ការរស់នៅដោយសន្តិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ៕



-
ព័ត៌មាន1 day agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 day agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 day agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 day agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 day agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 day agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន1 day agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»
-
ព័ត៌មាន1 week agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន