Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី កម្ពុជាបង្ហាញការពិតយ៉ាងខ្លាំងអំពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅភ្នំពេញ កម្ពុជា បានបន្តបង្ហាញការពិតយ៉ាងខ្លាំងអំពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជាកាលពីឆ្នាំ២០២៥ និងសកម្មភាពបន្តឈ្លានមានបណ្ដាលឱ្យពលរដ្ឋខ្មែរជាង ២ម៉ឺននាក់មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលលើកទី២០នៃអង្គការហ្វ្រង់កូហ្វូនី កាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្នុងរាជធានីភ្នំពេញដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅឆ្នាំ២០២៥ ការប៉ះទង្គិចដោយអាវុធបានកើតឡើង២លើករវាងកម្ពុជានិងថៃ ដែលក្នុងនោះកម្ពុជាមិនមែនជាអ្នកផ្តើមបាញ់មុននោះទេ។ មនុស្សបានបាត់បង់ជីវិត ក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរត់ភៀសខ្លួន។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ និងបានអនុម័តសេចក្តីសម្រេចស្តីពី «ស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី» ដែលមានខ្លឹមសារសរុបចំនួន៨៤ចំណុច គ្របដណ្តប់លើបណ្តាប្រទេស និងតំបន់សំខាន់ៗជុំវិញពិភពលោក ក្នុងនោះក៏មានបញ្ហាព្រំដែនកម្ពុជា-ថៃ ដែរ។ ពាក់ព័ន្ធនឹងកម្ពុជា សេចក្តីសម្រេច បានសម្តែងការព្រួយបារម្ភចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់អះអាងជាថ្មីអំពីការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

សេចក្តីសម្រេចក៏បានសម្តែងការសោកស្តាយចំពោះទុក្ខវេទនារបស់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំ ជាពិសេសប្រជាជនកម្ពុជា ដោយអំពាវនាវឱ្យមានការធានាការការពារប្រជាជនស៊ីវិល ការផ្តល់ជំនួយមនុស្សធម៌ដោយគ្មានការរារាំង និងធ្វើយ៉ាងណាឱ្យពួកគេអាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញប្រកបដោយសុវត្ថិភាព និងឱ្យមានដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ, ការចាប់ផ្តើមឡើងវិញឱ្យបានឆាប់រហ័សបំផុតនូវការងារវាស់វែង និងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia