ព័ត៌មាន
សម្តេចតេជោ ក្រើនរំលឹកពលរដ្ឋខ្មែរគ្រប់រូបប្រសិនបើមិនចូលចិត្ត និងមានការឈឺចាប់ចំពោះថៃសូមកុំទិញទំនិញថៃ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានក្រើនរំលឹកដល់ពលរដ្ឋខ្មែរគ្រប់រូបទាំងអស់ ប្រសិនបើមិនចូលចិត្តថៃ ឬមានការឈឺចាប់ចំពោះថៃ សូមកុំទិញទំនិញថៃបន្តទៀតឲ្យសោះ មួយវិញទៀតសម្តេចក៏សូមឲ្យបងប្អូនឈប់ប្រើប្រាស់ប្រាក់បាតថៃ លើដីខ្មែរតទៅទៀតផងដែរ ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិខ្មែរ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនេះ គឺបន្ទាប់ពីមានបងប្អូនប្រជាពល រដ្ឋខ្មែរចង់យករូបព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃមកធ្វើមិនគប្បី ដើម្បីឆ្លើយតបនឹងទង្វើរបស់ជនជាតិថៃ ដែលបានយករូបសម្តេចដាក់តាំងបាញ់យករង្វាន់ កាលពីកន្លងទៅថ្មីៗនេះ។
តាមរយៈបណ្តាញសង្គមនាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាស៍ថា «នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ »
សម្ដេចតេជោ ហ៊ុន សែនបានបន្តថា កន្លងមកនេះបងប្អូនយើងមួយចំនួនបាន សុំមកសម្ដេចដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃយកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ សម្ដេចក៏បានប្រាប់ទៅវិញថា បើយល់ថាគេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។ សម្ដេចតេជោបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យសម្ដេចបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ព និងប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាពជាដើមនោះ។
យ៉ាងណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវជនរួមជាតិទាំងអស់សូមកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។ ដោយសម្តេចបានថ្លែងបែបលក្ខណៈចំអកថា«ទោះជាប្រទេសយើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើងត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹងឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិយើង។ សូមកុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ សម្ដេចនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ»។
តាមរយៈបណ្តាញសង្គមនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ក៏បានលើកឡើងផងដែរថា មនុស្សមួយចំនួននៅថៃរាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែន ដោយខ្វះទំនិញប្រើប្រាស់។ ក្នុងករណីនេះសម្ដេចគួរតែអរគុណអ្នកដឹកនាំថៃម្តងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វែលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឲ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានប្រាប់ទៅថៃផងដែរថាកម្ពុជាមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារកម្ពុជាទេ គឺកម្ពុជាយកលុយទៅទិញ ដូច្នេះសូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ សម្តេចតេជោ បានបន្ថែមថា យើងដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឲ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល។
សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។
តាមរយៈសំណេរនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅបងប្អូនពិសេសបងប្អូននៅជិតព្រំដែនថៃ សូមប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន និងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគម្រាមដូចករណីអគ្គិសនី អ៊ីនធើណែត និងប្រេងឥន្ធនៈកាលពីពេលមុន។ សម្តេចបានសង្កត់ធ្ងន់បន្ថែមថា«ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិយើង»៕
-
ព័ត៌មាន1 week agoសមត្ថកិច្ចខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoគណៈប្រតិភូជាន់ខ្ពស់ GBC កម្ពុជា ធ្វើមាតុភូមិនិវត្តន៍ ពីម៉ាឡេស៊ី ប្រកបដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន1 week agoកម្ពុជា អបអរសាទរ ម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន
-
ព័ត៌មាន1 week agoយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រកអូរស្មាច់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoលោកអភិបាលខណ្ឌ៧មករា បន្តដឹកនាំមន្រ្តីជំនាញត្រួតពិនិត្យការដ្ឋានវាយរំលំ អគារអតីត សណ្ឋាគារអង្គរមានជ័យ
-
ព័ត៌មាន1 week agoយោធិនបង្កហិង្សាលើយុវតីម្នាក់ ត្រូវបានផ្អាកមុខតំណែង និងបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានី