Connect with us

ព័ត៌មាន

កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១

សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និងក កម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាលនិងក អាស៊ាន លើកទី២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ ១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រោមប្រធានបទ “Together for the best ORL-HNS in ASEAN-រួមគ្នាដើម្បី ORL-HNS ល្អបំផុតក្នុងអាស៊ាន”។

សន្និសីទអាស៊ាន លើកទី២១នេះ មានអ្នកចូលរួមជាង 500 នាក់ រួមទាំងអ្នកជំនាញផ្នែក ORL ក្បាល និង ក សាស្រ្តាចារ្យ និងវេជ្ជបណ្ឌិត មកពីប្រទេសសមាជិកអាស៊ាន ព្រមទាំងមកពីប្រទេសជប៉ុន កូរ៉េ បារាំង នេប៉ាល់ បង់ក្លាដេស សហរដ្ឋអាមេរិក និងប្រជាជាតិផ្សេងៗទៀត។ ព្រឹត្តិការណ៍នេះនឹងមិនត្រឹមតែពង្រឹងសាមគ្គីភាពវិជ្ជាជីវៈរវាងអ្នកឯកទេសកម្ពុជា និងសហការីក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសពិសេសមួយដើម្បីបង្ហាញពីការអភិវឌ្ឍន៍របស់កម្ពុជា នៅក្នុង ORL&HNS និងដើម្បីរៀនសូត្រពីអ្នកជំនាញអន្តរជាតិផងដែរ។

លោកសាស្រ្តាចារ្យរង លូ លីឃាង ប្រធានសន្និសីទ លើកទី២១ នៃសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង​​​​​​​​ ក អាស៊ាន (The 21 ASEAN ORL-HNS Congress) និងជានាយកមនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា ពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់សន្និសីទអាស៊ាន ORL-HNS លើកទី21 ។ សន្និសីទនេះ នឹងក្លាយជាឱកាសដ៏ល្អមួយ សម្រាប់គ្រូពេទ្យឯកទេសខាងជំងឺត្រចៀក ច្រមុះ បំពង់ក ទាំងអស់ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងរបស់ពួកគេលើការវិវត្តន៍បច្ចេកទេស និងជំនាញវះកាត់ថ្មីៗ ដែលផ្តោតលើការធានានូវគុណភាពល្អបំផុត នៃការព្យាបាល ORL ។

លោកសាស្រ្តាចារ្យរង លូ លីឃាង បានបន្តថា ក្នុងអំឡុងពេលកម្មវិធីវិទ្យាសាស្ត្រ យើងនឹងសិក្សារួមគ្នាពីការរកឃើញ និងការស្រាវជ្រាវជាមួយនឹងការច្នៃប្រឌិតបច្ចេកទេសសម្រាប់ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងអ្នកជំងឺ។ ព្រឹត្តិការណ៍​នេះធ្វើឡើងនៅខេត្តសៀមរាប ដែលជាខេត្តវប្បធម៌ ដ៏ស្រស់ស្អាតបំផុតក្នុងប្រទេសកម្ពុជា ដែលប្រាសាទអង្គរវត្ត អច្ឆរិយៈរបស់ពិភពលោក។

អ្នកប្រាកដជានឹងរីករាយជាមួយ នឹងទិដ្ឋភាពរបស់សម្បតិ្តបេតិកភណ្ឌវប្បធម៌ពិភពលោក និងវប្បធម៌ខ្មែរ ក្នុងអំឡុងពេលស្នាក់នៅរបស់លោកអ្នក។ លោកសាស្រ្តាចារ្យរង លូ លីឃាង សូមកោតសរសើរដោយស្មោះ ចំពោះការចូលរួមរបស់លោកអ្នក នៅក្នុងសន្និសីទអាស៊ាន ORL-HNS លើកទី21 ហើយទន្ទឹងរងចាំស្វាគមន៍អ្នកទាំងអស់គ្នានៅខេត្តសៀមរាប ប្រទេសកម្ពុជា។

ជាមួយគ្នានោះដែរលោកស្រីសាស្រ្តាចារ្យ Tran Phan Chung Thuy ប្រធានសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និង ក អាស៊ាន (ASEAN ORL-HNS Federation) បានមានប្រសាសន៍ថា សមាគមអាស៊ាន ORL-HNSនេះ បានបង្ហាញពីភាពរឹងមាំ នៃស្មារតីកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករបស់អាស៊ាន ក្នុងការជំរុញ ការថែទាំសុខភាព។ វាផ្តល់ឱកាសពិសេសមួយសម្រាប់អ្នកជំនាញផ្នែក ORL មកពីទូទាំងតំបន់ និងជុំវិញពិភពលោក ដើម្បីមករួមគ្នា ចែករំលែកចំណេះដឹង និងពង្រឹងភាពជាដៃគូ នៅពេលដែលយើងបន្តលើកកម្ពស់ការថែទាំអ្នកជំងឺ និងលទ្ធផលនៃការព្យាបាល។ ក្រុមការងាររៀបចំរបស់យើង បានធ្វើការយ៉ាងឧស្សាហ៍ព្យាយាមដើម្បីបង្កើតកម្មវិធីរយៈពេលបីថ្ងៃ ដ៏គួរឱ្យរំភើប និងទូលំទូលាយដែលនឹងគ្របដណ្តប់លើប្រធានបទជាច្រើន រួមមាន Rhinology, Otology, Oto-Neurology, Laryngology, Head and Neck Surgery, Skull Base Surgery, Endoscopic Ear Surgery, Airway Disease, Plastic Surgery, Cochlear Implantation, Allergic Rhinitis, Audiology, Salivary Gland Disorders, Thyroid/Parathyroid Surgery and Obstructive Sleep Apnea។

លោកស្រីសាស្រ្តាចារ្យ សូមគោរពអញ្ជើញរបស់លោកអ្នក ឱ្យចូលរួមជាមួយពួកយើងនៅខេត្តសៀមរាប ប្រទេសកម្ពុជា សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ ការចូលរួមរបស់អ្នកនឹងរួមចំណែកដល់ភាពជោគជ័យនៃសមាគមនេះ ហើយយើងទន្ទឹងរង់ចាំស្វាគមន៍អ្នកមកកាន់ប្រទេសកម្ពុជា សម្រាប់បទពិសោធន៍ដ៏សម្បូរបែប និងមិនអាចបំភ្លេចបាន។

សូមរំលេចឡើងវិញថា សមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្ត្រ ក្បាល និងក កម្ពុជា នៃ (Cambodian Society ORL&HNS) ត្រូវបានបង្កើតឡើងនៅឆ្នាំ2003 ដោយឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហ៊ួង ដែលមានលេខាធិការដ្ឋានមានទីតាំងនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ និងចក្ខុវិស័យរបស់សមាគម គឺខិតខំផ្តល់សេវា ORL ក្បាល និង ក ដែលមានគុណភាពខ្ពស់ដល់ប្រជាជនទូទាំងប្រទេស ក្នុងគោលបំណងកាត់បន្ថយចំនួនអ្នកជំងឺដែលកំពុងស្វែងរកការព្យាបាលនៅក្រៅប្រទេស។ សមាគមសហការជាមួយនិងមន្ទីរពេទ្យជាតិព្រះអង្គឌួង ផ្តល់ការបណ្តុះបណ្តាលដល់អ្នកឯកទេស នៅក្នុងកម្មវិធី DES ORL ។ គោលដៅ គឺដើម្បីកសាងអ្នកជំនាញ ORL ជំនាន់ថ្មីដែលមានសមត្ថភាពអនុវត្តជាមួយនឹងបច្ចេកទេសស្តង់ដារ និងផ្តល់នូវការថែទាំប្រកបដោយប្រសិទ្ធភាព សមធម៌ដល់ប្រជាពលរដ្ឋកម្ពុជា។ តាមរយៈការដឹកនាំដ៏រឹងមាំ និងសាមគ្គីភាព សមាគមសម្រេចបាននូវការទទួលស្គាល់យ៉ាងសំខាន់ ដោយជំរុញបច្ចេកទេសវះកាត់ទំនើបក្នុង៖ ការវះកាត់ប្រហោងឆ្អឹង Endoscopic, ការវះកាត់មូលដ្ឋានលលាដ៍ក្បាល, ការវះកាត់ខ្នាតតូច, ការវះកាត់ផ្នែកមហារីកក្បាល និងក, ការផ្សាំ Cochlear សម្រាប់អ្នកជំងឺដែលបានជ្រើសរើស ដើម្បីស្តារការស្តាប់ឡើងវិញ លើសពីនេះ សមាគមជំរុញយ៉ាងសកម្មដល់អ្នកឯកទេស ORL កម្ពុជា ឱ្យចូលរួមក្នុងកិច្ចប្រជុំវិទ្យាសាស្ត្រ ORL អាស៊ាន ដែលធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង។ ព្រឹត្តិការណ៍ទាំងនេះពង្រឹងសាមគ្គីភាពវិជ្ជាជីវៈជាមួយសហអាជីពទូទាំងអាស៊ាន និងលើសពីនេះទៀត។ នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2023 ក្នុងសន្និសីទ ASEAN ORL-HNS លើកទី20 នៅទីក្រុងហាណូយ ប្រទេសវៀតណាម សហព័ន្ធ ORL អាស៊ានបានប្រគល់កិត្តិយសដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះសន្និសីទ ORL-HNS អាស៊ានលើកទី 21 នៅឆ្នាំ 2025 ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ និងមោទនភាពសម្រាប់សង្គម និងប្រទេសជាតិ៕អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia