ព័ត៌មាន
ទេសរដ្ឋមន្ត្រី គន់ គីម៖ ចិនបានចាត់វិធានការបុរេសកម្ម ដើម្បីបង្កើនភាពធន់ និងការត្រៀមរួចជាស្រេចសហការជាមួយអាស៊ានទប់ទល់នឹងបញ្ហាគ្រោះមហន្តរាយនាពេលអនាគត
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានAMMDM លើកទី៤៧ និង ឯកឧត្តម WANG DAOXI អនុរដ្ឋមន្រ្តី ក្រសួងគ្រប់គ្រងគ្រោះអាសន្ន នៃសាធារណរដ្ឋប្រជាមានិតចិន ជាសហប្រធាន បានអញ្ជើញដឹកនាំ និងសម្របសម្រួលក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានបូកចិន លើកទី៥ នៅរាជធានីភ្នំពេញ។

ក្នុងសន្ទរថាស្វាគមន៍ ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងថា ប្រធានបទក្នុងភាពជាប្រធានរបស់នៅឆ្នាំនេះគឺ “ ខួបគម្រប់២០ឆ្នាំនៃកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន (អាត់ម៊ែរ): ចក្ខុវិស័យអាស៊ាន សម្រាប់ភាពជាអ្នកដឹកនាំសកល ក្នុងភាពធន់ ទៅនឹងគ្រោះមហន្តរាយ” ក្នុងគោលបំណងឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់តំបន់ ចំពោះការរួមចំណែកដ៏មានអត្ថន័យដល់កិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការកសាងសហគមន៍ប្រកបដោយភាពធន់។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា តាមរយៈការប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់នេះ អាស៊ានបានបញ្ជាក់ ឡើងវិញនូវសាមគ្គីភាពក្នុងតំបន់ បង្ហាញពីសមិទ្ធផលសម្រេចបានរបស់ខ្លួន និងកំណត់ទិសដៅជាយុទ្ធសាស្តសម្រាប់អនាគត ដោយធានាថាការងារនេះ ស្ថិតនៅជួរមុខ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយជាសកល។
ជាមួយគ្នា ឯកឧត្តម ទេសរដ្ឋមន្ត្រី កត់សម្គាល់ឃើញថា ការប្តេជ្ញាចិត្តរបស់សាធារណរដ្ឋប្រជាមានិតចិន ចំពោះការត្រៀមរៀបចំគ្រោះមហន្តរាយ គឺបានបង្ហាញឱ្យឃើញតាមរយៈយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ ដែលរួមបញ្ចូលនូវគតិបណ្ឌិតបុរាណ ជាមួយនឹងបច្ចេកវិទ្យាទំនើប។ ក្នុងនោះ នៅចំពោះមុខកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការប្រែប្រួល អាកាសធាតុ ដែលកំពុងកើតមានឡើងជាញឹកញាប់ សាធារណរដ្ឋប្រជាមានិតចិន បានចាត់វិធានការបុរេសកម្ម ដើម្បីបង្កើនភាពធន់ និងការត្រៀមរួចជាស្រេចសម្រាប់បញ្ហាប្រឈមនាពេលអនាគត។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានបូកចិន លើកទី៥ ជាវេទិកាដ៏មានតម្លៃ ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងជំរុញគោលដៅរួម របស់យើងក្នុងការត្រៀមរៀបចំ និងការឆ្លើយតបគ្រោះមហន្តរាយ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា ការចូលរួមយ៉ាងសកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន និងការរួមចំណែកដ៏មានសារៈសំខាន់ តាមរយៈជំនាញ បច្ចេកវិទ្យា និង ធនធានបានដើរតួយ៉ាងសំខាន់នៅក្នុងការពង្រឹងសមត្ថភាពនៃការគ្រប់គ្រងគ្រោះមហន្តរាយរបស់អាស៊ាន។
ឯកឧត្តម ទេសរដ្ឋមន្ត្រី លើកឡើងថា តាមរយៈការរួមជាកម្លាំងអាស៊ានអាចបង្កើនកម្លាំងរួមដើម្បីរៀបចំបង្កើតដំណោះស្រាយ ប្រកបដោយភាពនវានុវត្តន៍ និងចែករំលែកការអនុវត្តល្អៗ ដែល ផ្តល់ផលប្រយោជន៍ទាំងអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន។
លើសពីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានប្តេជ្ញានឹងរិះរកមាគ៌ាថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការ ដូចជាគំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នាលំហាត់សមយុទ្ធត្រៀមរៀបចំគ្រោះមហន្តរាយ និងការផ្លាស់ប្តូរចំណេះដឹង ស្តីពីហានិភ័យគ្រោះមហន្តរាយកំពុងកើតឡើង សំដៅរួមគ្នាកសាង អនាគត ប្រកបដោយភាពធន់ និងចីរភាពសម្រាប់តំបន់ទាំងមូល។
ជាចុងក្រោយ ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា ចំពោះមុខនេះអាស៊ាននឹងប្តេជ្ញាចិត្ត ក្នុងការកសាងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅ ជាមួយសាធារណរដ្ឋប្រជាមានិតចិន ដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព៕







-
PR NEWS7 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន6 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន6 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
កីឡា1 week agoទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅព្រះសីហនុ ធ្វើឡើងដើម្បីទាក់ទាញទេសចរណ៍