ព័ត៌មាន
សម្ដេចប្រធានរដ្ឋសភា នឹងអញ្ជើញដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅប្រទេសបារំាង នាចុងសប្តាហ៍នេះ
ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី និងចូលរួម វេទិកាសន្តិភាពប៉ារីសលើកទី៨ នៅប្រទេសបារំាង នាចុងសប្តាហ៍នេះ។
ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសហុងគ្រី ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្ដម ឡាស្លូ កូវឺរ (László Kövér) ប្រធានរដ្ឋសភាហុងគ្រី ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដែលមានរយៈពេល៦៩ ឆ្នាំ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង។
អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនេះ សម្តេចរដ្ឋសភាធិបតី គ្រោងចូលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសហុងគ្រី ជាពិសេសសម្តេចនឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្ដម ឡាស្លូ កូវឺរ ប្រធានរដ្ឋសភាហុងគ្រី។ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទំាងពីរ គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងរដ្ឋសភាប្រទេសទំាងពីរ និងកម្រិតអគ្គលេខាធិការដ្ឋានផងដែរ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសភា ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី គ្រោងជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសហុងគ្រី និងអញ្ជើញទស្សនកិច្ចនៅតាមតំបន់ឧស្សាហកម្ម ទេសចរណ៍ និងវប្បធម៌របស់ប្រទេសហុងគ្រី មួយចំនួនទៀត ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាការជំរុញទំនាក់ទំនងវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ទៅវិញទៅមកបន្ថែមទៀត ។
ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ (8th Edition of the Paris Peace Forum) នៅទីក្រុងប៉ារីស សាធារណរដ្ឋបារំាង ដែលប្រារព្ធឡើងនៅថ្ងៃទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៥ បន្តទៀត។
នៅក្នុងវេទិកាអន្តរជាតិនេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថា ចំនួនបីលើក ដាច់ដោយឡែកពីគ្នា រួមមាន៖ ១) នៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមមូលបទ «សម្ព័ន្ធភាពថ្មី ដើម្បីសន្តិភាព មនុស្ស និងភពផែនដី» ២) កិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖ អធិបតេយ្យភាពក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែក » និងទី ៣) កិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី»។
ក្រៅពីនេះសម្តេចរដ្ឋសភាធិបតី គ្រោងជួបជាមួយថ្នាក់ដឹកនាំគណៈប្រតិភូបណ្តាប្រទេសផ្សេងៗ និងដៃគូអភិវឌ្ឍន៍នានា រួមទំាងលោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំងផង ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីទំាងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដែលជាបុរេសកម្មនៃវិស័យការទូតសភាកម្ពុជាក្នុងការស្វែងរកផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ៕

-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន2 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន3 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន1 day ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់