ព័ត៌មាន
កិច្ចប្រជុំពិសេសលើកទី២ GBC បានចុះហត្ថលេខាបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងកាត់បន្ថយភាពតានតឹងផ្នែកយោធា សម្រួលអាវុធធុនធ្ងន់ដែលបំផ្លាញខ្លាំង
តាមរយៈកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ភាគីទាំងពីរ បានចុះហត្ថលេខារួចហើយក្នុងការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងឯកភាពកាត់បន្ថយភាពតានតឹងផ្នែកយោធា សម្រួលអាវុធធុនធ្ងន់ដែលបំផ្លាញខ្លាំង។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនេះ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា បានបញ្ជាក់ថា កិច្ចប្រជុំពិសេសលើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)នេះ គឺបានជាការផ្តើមចេញពីកិច្ចប្រជុំពិសេសរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ភូមិចាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំ ដោយសហរដ្ឋអាមេរិកព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន និងដើម្បីពិនិត្យតាមដាន លទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីសម្រេចបាននូវឯកសារសំខាន់ជាច្រើនដែលជាធាតុចូល សំដៅពង្រឹងកិច្ចសហ ប្រតិបត្តិការជាក់ស្តែង លើកកម្ពស់សន្តិភាពស្ថិរភាពរវាងប្រទេសទាំងពីរ និងវិលត្រលប់ឆាប់រហ័សទៅរកប្រក្រតីភាព ឡើងវិញ។
ប្រមុខការពារជាតិកម្ពុជាបញ្ជាក់ថា តាមរយៈលទ្ធផលកិច្ចប្រជុំនេះ ភាគីទាំងពីរបានសម្រេចឯកភាពគ្នាលើយន្តការសំខាន់ៗមួយចំនួន ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា តាមរយៈការកសាងពង្រាងដំបូងនៃឯកសារផែនការសកម្មភាពការងារសម្រួលអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំង និងយុទ្ធោបករណ៍ឱ្យត្រលប់ទៅមូលដ្ឋានដើមវិញ ដោយការអនុវត្តផែនការនេះនឹងត្រូវធ្វើឡើងក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ឯកសារលក្ខខណ្ឌប្រតិបត្តិ (TOR) ក្នុងការបង្កើតក្រុមអ្នក សង្កេតការណ៍អាស៊ាន (AOT) បានចុះហត្ថលេខារួចរាល់ដោយសហប្រធានGBCនាថ្ងៃនេះ។
ឯកឧត្តមបានបន្តថា ភាគីទាំងពីរបានឯកភាពគ្នាទៅលើនិយាមនីតិវិធីប្រតិបត្តិ (SOP) ចំពោះការងារដោះមីនមនុស្សធម៌សំដៅចូល រួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងធានាបាននូវការរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយឡែកចំពោះតំបន់អាទិភាពនៃការងារដោះមីនមនុស្សធម៌ នេះពុំទាន់មានការឯកភាពគ្នានៅឡើយទេ ដូចនេះភាគីទាំងពីរនឹងបន្តជួបពិភាក្សាគ្នាដើម្បីកំណត់តំបន់អាទិភាពនេះ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិសេស លើកទី២ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលមាន ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ ជាសហប្រធាន និងក្រោមការសង្កេតការណ៍ដោយតំណាងប្រទេសម៉ាឡេស៊ី តំណាងសហរដ្ឋអាមេរិក និងក្រុមការងារ អ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំនៅប្រទេសកម្ពុជា និងថៃ៕



-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន