ព័ត៌មាន
ពលរដ្ឋខ្មែរនៅថៃប្រមាណ២០០នាក់ក្នុងមួយថ្ងៃ បានបន្តវិលត្រឡប់មកកម្ពុជាវិញដោយសារឱកាសការងារសម្បូរបែបជាងមុន
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតចាប់ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រហូតមកដល់ពេលនេះ នៅតែមានប្រជាពលរដ្ឋខ្មែរនៅថៃ បានបន្តវិលត្រឡប់ចូលមកស្រុកកំណើតដើមវិញ ជាមធ្យមចំនួន២០០នាក់ ក្នុងមួយថ្ងៃ ដោយសារការមើលឃើញឱកាសការងារជាច្រើនកន្លែងបានកំពុងប្រកាសតម្រូវការកម្លាំងពលកម្ម។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥កន្លងទៅ បានប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរដែលបានចាកចេញពីប្រទេសថៃ មានចំនួនសរុបប្រមាណជាង ៩៤ម៉ឺននាក់ ដើម្បីវិលត្រឡប់មកស្វែងរកការងារ ក៏ដូចជាមករស់នៅក្នុងប្រទេសកម្ពុជាវិញ ក្នុងនោះប្រមាណ៦ម៉ឺននាក់ជាកុមារ និងអ្នកមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ ចំនួន ២៥ម៉ឺននាក់។
អ្នកនាំពាក្យដដែលនេះ បានបន្តទៀតថា ដោយឡែក រហូតមកដល់ពេលនេះ ក៏នៅតែមានការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរមកពីថៃផងដែរ ដោយក្នុងមួយថ្ងៃមានចំនួនប្រមាណ២០០នាក់ ដើម្បីមកធ្វើការងារនៅស្រុកកំណើតដើមវិញ ដោយសារការមើលឃើញរបស់ពួកគាត់ថា ប្រទេសកម្ពុជាមានការងារសម្បូរបែបជាងមុន ជាក់ស្តែងមកដល់ពេលនេះការងារនៅសល់ប្រមាណជាង ៨ម៉ឺនកន្លែង ដើម្បីផ្តល់ឱកាសការងារនៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។ លោកបន្តថា បន្ថែមពីនេះ ដោយសារការមើលឃើញអំពីអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀតក្រៅពីប្រាក់ឈ្នួល នៅពេលដែលធ្វើការនៅក្នុងប្រព័ន្ធនៅកម្ពុជា ពួកគាត់នឹងទទួលបានរបបផ្នែកថែទាំសុខភាព របបហានិភ័យការងារ និងរបបប្រាក់សោធន (ប្រាក់រឺត្រែត) ជាដើម ដែលចំណុចទាំងអស់នេះនៅក្រៅប្រទេសគឺមិនមាននោះទេ។
លោក ស៊ុន មេសា បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសពលករមកពីថៃ ដែលមិនទាន់មានការងារធ្វើអាចទៅចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១ និងទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខផងដែរ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ពីព្រោះថា ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលប្រមាណ១៥០ ដែលនឹងដាក់តាំងបង្ហាញអំពីឱកាសការងារចំនួនជាង ៣ម៉ឺនកន្លែង ជាពិសេសបានជួបជាមួយតំណាងក្រុមហ៊ុន សហគ្រាស និងសម្ភាសន៍ការងារភ្លាមៗតែម្តងនៅក្នុងព្រឹត្តការណ៍នោះ៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន5 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន5 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង
-
ព័ត៌មាន4 days agoគណៈទន្ដពេទ្យកម្ពុជាធ្វើសិក្ខាសាលា ស្តីពីបច្ចេកវិទ្យាទន្តសាស្រ្តសម័យទំនើបនៅខេត្តសៀមរាប