ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត តំណាងរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានទី១១
នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញចូលរួមជាកិត្តិយស និងថ្លែងសុន្ទរកថាក្នុងកម្មវិធីអបអរសាទរសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានទី១១ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត វិស័យឯកជន ភ្ញៀវជាតិនិងអន្តរជាតិជាច្រើនរូប។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រជាជនទីម័រឡេស្តេ និងការចូលជាសមាជិកទី១១របស់ប្រទេសទីម័រឡេស្តេក្នុងគ្រួសារអាស៊ាន។ ការចូលជារដ្ឋសមាជិកផ្លូវការរបស់ប្រទេសទីម័រឡេស្តេក្នុងសហគមន៍អាស៊ាននៅពេលនេះ បានចារទុកក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីបានខិតខំតស៊ូ និងព្យាយាមអស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ។ ពិតណាស់ ការណ៍ដែលប្រទេសទីម័រឡេស្តេក្លាយជារដ្ឋសមាជិកអាស៊ាន មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ទីម័រឡេស្តេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលប្រយោជន៍ដល់អាស៊ានផងដែរ ព្រោះការចូលជាសមាជិកថ្មីនេះ នឹងនាំមកនូវអត្តសញ្ញាណថ្មី, គុណតម្លៃ, ភាពរស់រវើក, និងកម្លាំងថ្មីដល់សហគមន៍របស់យើង។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងផងដែរថា តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេទាំងអស់ ក៏ដូចជាសូមអបអរសាទរផ្ទាល់ ជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត Marcos Dos Reis Da Costa សម្រាប់ថ្ងៃដ៏មានអត្ថន័យ និងរីករាយបំផុតនេះ។ ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានវាយតម្លៃខ្ពស់ និងបានគូសបញ្ជាក់ថា សមិទ្ធផលជាប្រវត្តិសាស្រ្តនេះ មិនត្រឹមតែជាដំណើរដ៏គួរឱ្យកោតសរសើររបស់ទីម័រឡេស្តេក្នុងការតស៊ូ, ការកសាងជាតិ, និងការប្តេជ្ញាចិត្តចំពោះសន្តិភាព, ស្ថិរភាព, វិបុលភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ និងឥតរង្គោះរង្គើរបស់អាស៊ាន ឆ្ពោះទៅកាន់ការធ្វើសមាហរណកម្មតំបន់ឱ្យបានពេញលេញ — ហើយនេះក៏បានសរបញ្ជាក់យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាស៊ានក្នុងការបន្តក្លាយជាគ្រួសារមួយដែលពោរពេញដោយបរិយាបន្ន, ភាពរស់រវើក, ចក្ខុវិស័យវែងឆ្ងាយ, និងឯកភាពគ្នាក្នុងសហគមន៍តែមួយ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានរលឹកឡើងវិញថា យើងពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលបានឃើញសក្ខីភាពនៃចំណុចរបត់ដ៏សំខាន់នេះ — ដែលជាចំណុចមួយអាចពង្រឹងស្មារតីសាមគ្គីភាពរបស់សហគមន៍អាស៊ាន និងការវិវត្តជាបន្តបន្ទាប់ ទៅជាសហគមន៍មួយដែលពោរពេញដោយមិត្តភាព, ការគោរពគ្នាទៅវិញទៅមក, ផលប្រយោជន៍រួម និងបំណងប្រាថ្នារួមគ្នា ស្របតាមពាក្យស្លោក «ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ»។ ទន្ទឹមនេះ អាស៊ានក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការសម្របសម្រួលលើបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងមកនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការចូលជារដ្ឋសមាជិករបស់ប្រទេសទីម័រឡេស្តេនឹងជួយបង្កើននូវថាមពល និងភាពរស់រវើកថ្មីក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានរួមគ្នា និងពង្រឹងបន្ថែមទៀតនូវតួនាទីរបស់អាស៊ានដើម្បីក្លាយជាស្ថាប័នតំបន់ដែលមានភាពជោគជ័យបំផុតក្នុងពិភពលោក។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តលើកឡើងថា ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តមានសេចក្តីសោមន្សរីករាយចំពោះមិត្តភាព និងទំនាក់ទំនងដ៏កក់ក្តៅ ចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០០២ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយចំណងមិត្តភាពនេះ បាននិងកំពុងបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទាំងក្នុងវេទិកាទ្វេភាគី និងពហុភាគី។ ការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងកិច្ចសន្ទនាជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ពិតជាបានជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណងមិត្តភាពប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមក។ ចំណងមិត្តភាពដ៏ជិតស្និទ្ធនេះ បានសរបញ្ជាក់កាន់តែច្បាស់ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ទៅកាន់ប្រទេសទីម័រឡេស្តេ កាលពីដើមខែឧសភា ឆ្នាំនេះ ដែលក្នុងអំឡុងពេលនោះ សម្ដេចតេជោ បានទទួលការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុតពីសំណាក់រដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តេ ដូចបងប្អូន។
ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់សារជាថ្មីថា ប្រទេសកម្ពុជានឹងនៅតែបន្តគាំទ្រទីម័រឡេស្តេក្នុងសហគមន៍អាស៊ាន ហើយបំណងប្រាថ្នារួមគ្នារបស់យើង គឺសម្រេចឱ្យបាននូវតំបន់អាស៊ីអាគ្នេយ៍ ដែលកាន់តែមានការតភ្ជាប់, ឯកភាព, ភាពធន់, និងវិបុលភាព។ សូមឱ្យជំពូកថ្មីនេះនាំមកនូវឱកាសកាន់តែច្រើនសម្រាប់ប្រជាជនរបស់យើង ហើយចំណងមិត្តភាព និងសាមគ្គីភាពកាន់តែស៊ីជម្រៅរវាងប្រទេសយើងទាំងពីរ និងអាចលើសពីនេះទៀត។ ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានជូនពរដល់ប្រទេសទីម័រឡេស្តេ និងគ្រួសារអាស៊ានទាំងមូល សូមមានតែចំណងមិត្តភាព និងឯកភាពគ្នា ដែលជាចំណងដ៏រឹងមាំចងភ្ជាប់មិត្តភាពរបស់យើង៕










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន6 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន1 day agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)