ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជា-វៀតណាម អញ្ជើញជាអធិបតីលាបបង្គោលព្រំដែនលេខ១៧១, ទស្សនាការល្បាតកងទ័ពរួមគ្នា និងបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធសាលាបឋមសិក្សា សាំង សុវណ្ណ
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញជាអធិបតីភាព ពិធីលាបបង្គោលព្រំដែនលេខ ១៧១ ទស្សនាការល្បាតរួមគ្នារវាងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) និងបន្តដំណើរចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀនបឋមសិក្សា សាំង សុវណ្ណ ដែលផ្តួចផ្ដើមសាងសង់ឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ស្ថិតនៅស្រុកស្វាយទាប ឃុំស្វាយរំពារ ខេត្តស្វាយរៀង។

លោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានឱ្យដឹងថា ទូទាំងស្រុកស្វាយទាបមានសាលារៀនមានមត្តេយ្យសិក្សាសហគមន៍ និងមត្តេយ្យរដ្ឋចំនួន ៤២កន្លែង បឋមសិក្សាមាន២៥កន្លែង និងអនុវិទ្យាល័យ៦កន្លែង វិទ្យាល័យ២កន្លែង។ ដោយឡែកសាលាបឋមសិក្សា សាំង សុវណ្ណ ដើមឡើយ ដែលមានទីតាំងនៅក្នុងវត្តពោធិ៍ទន្ទឹម ស្ថិតនៅភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ដោយពិនិត្យឃើញស្ថានភាពតូចចង្អៀត ចំនួនសិស្ស កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងចំនួនថ្នាក់រៀនមានចំនួនតិច មិនសមស្របទៅតាមនិយាមរបស់ក្រសួងអប់រំយុវជន និងកីឡា ឃើញស្ថានភាពបែបនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការផ្តួចផ្តើមរកទិញដីនៅទីតាំងថ្មីសម្រាប់កសាងសាលាបឋមសិក្សា សាំង សុវណ្ណ ដោយមានប្រកាសលេខ៨០៣ អយកប្រក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួងអប់រំយុវជន និងកីឡា ស្តីពីការផ្លាស់ប្តូរឈ្មោះសាលាបឋមសិក្សា ពោធិ៍ទន្ទឹម ទៅជាសាលាបឋមសិក្សា សាំង សុវណ្ណ នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើចាប់ផ្តើមទិញដី និងសាងសងហេដ្ឋារចនាសម្ព័ន្ធនានា លើផ្ទៃដី ចំនួន ៣១,៥៧០ មែត្រការ៉េ។

ចំពោះការក៏សាងហេដ្ឋារចនាសម្ព័ន្ធសាលាបានស្ថាបនាលូកាត់ផ្លូវ៣ខ្សែ និងក្រាលថ្មមិច ធ្វើផ្លូវបានចាក់អាចម៌ដីបំពេញទីធ្លាសាលា សាងសង់របងថ្មព័ន្ធជុំវិញសាលា តបណ្តាញអគ្គីសនី នឹងបន្តសាងសង់អគារសិក្សាចំនួន៤ខ្នង អគារទីចាត់ការ ចំនួន១ខ្នង បណ្ណាល័យចំនួន១ខ្នង បន្ទប់អនាម័យចំនួន៣ខ្នង ទីលានបាល់ទាត់សួនកុមារ និងបំពាក់ឧបករណ៍ក្មេងលេងកំសាន្ត ប្រព័ន្ធលូចម្រោះទឹកកខ្វក់ ទម្រធុងទឹក និងធុងទឹកចម្រោះ បង្គោលដងទង់ជាតិ ក្លោងទ្វា និងស្លាកឈ្មោះសាលា រោងដាក់-កង់ម៉ូតូ ស្ថាបនាផ្លូវបេតុង ដាំដើមឈើ និងការងារសាងសង់មួយចំនួនទៀតដែលការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា គ្រោងចំណាយថវិកាចំនួន ២,០០១,៩៨៤ ដុល្លារផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងថា ក្នុងនាមក្រសួងការពារជាតិកម្ពុជាសូមថ្លែងអំណរគុណនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារ ប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូអមដំណើរដែលបានអញ្ជើញមកចូលរួមពិធីបញ្ចុះបឋមសិលាសាងសង់សាលា និងពិសារអាហារសាមគ្គី រៀបចំដោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាពេលនេះ គឺជាឱកាសមួយដ៏មានតម្លៃបន្ថែមទៀត ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលជាប្រពៃណីដ៏ល្អផូរផង់ជាយូរលង់ណាស់មកហើយ រវាងកងទ័ពប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា-វៀតណាម ដោយកន្លងមករដ្ឋាភិបាល និងកងទ័ពទាំងពីរតែងតែសហការ និងគាំទ្រដល់គ្នាទៅវិញទៅមក ទាំងវិស័យការពារជាតិ និងវិស័យផ្សេងៗទៀត ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍប្រទេសជាតិបានយ៉ាងឆាប់រហ័ស។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ស្ថិតក្នុងឱកាសដ៏ឧត្តុងឧត្តមនេះ គួរកត់សម្គាល់ផងដែរថា គឺចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយបណ្តាថ្នាក់ដឹកនាំរបសភាគីមិត្តវៀតណាមជាច្រើនលើកកន្លងមក ដែលជំនួបទាំងនេះ ជាការឆ្លុះបញ្ចាំង អំពីទំនាក់ទំនង មិត្តភាពល្អជិតស្និទ្ធដ៏យូរលង់ រវាងប្រទេស កម្ពុជា-វៀតណាម ដោយប្រកាន់ជំហរមិនប្រែប្រួលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា និងបន្តគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧។ ជាពិសេសការពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ក្នុងកម្រិតខ្ពស់ ស្របតាមដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា សម្រាប់ឆ្នាំ២០២៥ ក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ក៏សង្កេតឃើញមានការកើនឡើង ជាបន្តបន្ទាប់ នូវសកម្មភាពកិច្ចសហប្រតិបត្តិការរួមមាន៖ ការផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ការហ្វឹកហ្វឺន បណ្តុះបណ្តាលយោធិន ដើម្បីបង្កើនសមត្ថភាព ជាពិសេសមានការរៀបចំលំហាត់ សមយុទ្ធរួមគ្នា ដែលនឹងផ្តោតសំខាន់លើការសង្គ្រោះគ្រោះមហន្តរាយ និងកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ឡាវ-វៀតណាម សកម្មភាព ទាំងនេះ បានពង្រឹងនូវទំនាក់ទំនង និងបង្កើនជំនឿទុកចិត្តក្នុងវិស័យការពារជាតិ និងសន្តិសុខ ដើម្បីឈានទៅ ដល់ការ កសាងកិច្ចសហប្រតិបត្តិការយោធារួមគ្នា ដើម្បីចូលរួមជំរុញលើកកម្ពស់ចក្ខុវិស័យសន្តិសុខរួមសហ ប្រតិបត្តិការ និងសន្តិសុខ ប្រកបដោយនិរន្តរភាព ព្រមទាំងចូលរួមរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់រួមគ្នាផងដែរ៕









-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន បានប្រាប់មិត្តបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនត្រឹមតែផ្ដាច់ការតភ្ជាប់រវាងកម្ពុជា-ថៃ ទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៊ីផងដែរ
-
ព័ត៌មាន1 day agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់
-
ព័ត៌មាន6 days agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
-
ព័ត៌មាន6 days agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង