ព័ត៌មាន
កម្ពុជាស្វាគមន៍កិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាមួយប្រទេសជាមិត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់
នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាថ្នាក់តំបន់ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។
សិក្ខាសាលា ដែលមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានសហការរៀបចំដោយក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក និងដោយមានការ ជួយគាំទ្រផ្នែកហិរញ្ញវត្ថុពីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ។
សិក្ខាសាលានេះបានប្រមូលផ្តុំនូវអ្នកជំនាញស៊ើបអង្កេត ចៅក្រម ព្រះរាជអាជ្ញា និងស្ថាប័នអាជ្ញាធរថ្នាក់ជាតិ ដែលមានបទពិសោធន៍មកពីបណ្តាប្រទេស មួយចំនួនក្នុងតំបន់ដូចជា ប្រទេសឡាវ ហ្វីលីពីន ថៃ វៀតណាម កូរ៉េ ចិន បារាំង និងកម្ពុជា បានពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗលើវិធីសាស្រ្ត បច្ចេកទេសស៊ើបអង្កេត ការផ្តន្ទាទោសឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការប្រមូលភស្តុតាង ការរក្សាការពារ ការចែករំលែកនិងការទទួលយកភស្តុតាងអេឡិចត្រូនិក ការស៊ើបអង្កេត ហិរញ្ញវត្ថុ យុទ្ធសាស្ត្រការពារជនរងគ្រោះ និងការការពារសាក្សីជាដើម។
ថ្លែងក្នុងពិធីបិទសិក្ខាសាលានោះ ឯកឧត្តមសន្តិបណ្ឌិត បានថ្លែងអំណរគុណចំពោះក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា ការិយាល័យអង្គការសហប្រជាជាតិUNODC ចំពោះការបន្តកិច្ចសហប្រតិបត្តិការ អនុវត្តសកម្មភាពជាឧត្តមប្រយោជន៍នៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តមសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង ឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់រដ្ឋជាសមាជិកទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការធ្វើបត្យាប័នក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនឱ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម សន្តិបណ្ឌិតបានថ្លែងបន្ថែមទៀតថា លេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្វាគមន៍កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិជាមួយUNODC រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍនានា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ឆ្លងដែន និងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕








-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច