ព័ត៌មាន
គម្រោងអភិវឌ្ឍន៍សុខភាពសិក្សាសម្រាប់កុមារកម្ពុជា ដំណាក់កាលទី១ បានបញ្ចប់ដោយភាពជោគជ័យ
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទបញ្ចប់ដោយជោគជ័យនូវ គម្រោងអភិវឌ្ឍន៍សុខភាពសិក្សាសម្រាប់កុមារកម្ពុជា របស់សាកលវិទ្យាល័យ តូក្យូ ហ្គាគឺហ្គេ នៃប្រទេសជប៉ុន ដំណាក់កាលទី១ (២០២០-២០២៥) និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក ARIKAWA TAKASHI នាយកប្រតិបត្តិនៃ មូលនិធិ Nippon (The Nippon Foundation) សាស្ត្រាចារ្យបណ្ឌិត ASAKURA TAKASHI ប្រធានគម្រោង SHCC នាយកវិទ្យាស្ថានគរុកោសល្យភ្នំពេញ និងបាត់ដំបង សាស្ត្រាចារ្យពី សាកលវិទ្យាល័យ តូក្យូ ហ្គាគីហ្គេ និងសាកលវិទ្យាល័យដៃគូ អង្គការនិងដៃគូពាក់ព័ន្ធ និងមន្ត្រីក្រោមឱវាទ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មូលនិធិនីបប៉ុន សាស្តាចារ្យប្រធានគម្រោង និងភាគីពាក់ព័ន្ធទាំងអស់ដែលបានសម្រេចបាននូវគម្រោងនេះ ដែលបានជួយលើកកម្ពស់សុខភាពកុមារ និងលទ្ធផលសិក្សាឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។ គម្រោងអភិវឌ្ឍន៍សុខភាពសិក្សាសម្រាប់កុមារកម្ពុជា(SHCC) ដឹកនាំដោយសាកលវិទ្យាល័យ តូក្យូ ហ្គាគឺហ្គេ នៃប្រទេសជប៉ុនក្រោមកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធរួមមាន នាយកដ្ឋានសុខភាពសិក្សា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា និងការគាំទ្រដ៏ថ្លៃថ្លារបស់មូលនិធិនីបប៉ុន បានអនុវត្ត និងបញ្ចប់ដោយភាពជោគជ័យ ហើយសូមបញ្ជាក់ដែរថា គម្រោងនេះរៀបចំឡើងក្នុងគោលបំណង៖
– ការគាំទ្រដល់ការអភិវឌ្ឍន៍វគ្គសិក្សាសុខភាពសិក្សា និងមុខវិជ្ជាសិក្សានៅគ្រឹះស្ថានឧត្តមសិក្សារួមមាន វិទ្យាស្ថានគរុកោសល្យ និងសាលាគរុកោសល្យ និងវិក្រឹត្យការ។
– ការផ្តល់ការបណ្តុះបណ្តាលសុខភាពសិក្សាដល់គ្រូនៅមូលដ្ឋាន បឋមសិក្សា និងមធ្យមសិក្សា និងការលើកកម្ពស់សកម្មភាពសុខភាពសិក្សា។
– ការប្រមូលទិន្នន័យ និងការតាមដានដំណើរការសិក្សា និងការស្រាវជ្រាវតាមភាពចាំបាច់ ដើម្បីបង្កើតសៀវភៅសិក្សាគោល និង ការផ្តល់ក្នុងបណ្តុះបណ្តាលសុខភាពសិក្សាដល់គ្រូឧទ្ទេស។
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញចក្ខុវិស័យក្នុងការប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ តាមរយៈការកំណត់សំណុំយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ផលិតភាពការងារខ្ពស់ និងសុខភាពរឹងមាំ។ ក្នុងបរិបទនេះ ការលើកកម្ពស់សុខភាពសិក្សា គឺជាកត្តាដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការចូលរួមចំណែកដល់ការធានាបាននូវការសិក្សារបស់សិស្ស ប្រកបដោយគុណភាព និងបង្កើនអត្រាបញ្ចប់ការសិក្សារបស់ពួកគេ ដើម្បីឈានទៅដល់ការសម្រេចគោលដៅនៃការអប់រំ និងចក្ខុវិស័យរបស់ជាតិ។ សុខភាព គឺជាកត្តាស្នូលក្នុងការកំណត់ការសិក្សារបស់សិស្ស និងជាមូលដ្ឋានសម្រាប់ ការអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាព។ ដោយមើលឃើញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងសុខភាព និងការអប់រំ ការដាក់បញ្ចូលមុខវិជ្ជាសុខភាពសិក្សា ទៅក្នុងកម្មវិធីអប់រំគ្រូ បង្រៀន គឺជាជំហានដ៏សំខាន់ក្នុងការអប់រំគរុនិស្សិត ដែលអនាគតនឹងក្លាយជាគ្រូបង្រៀន ឱ្យទទួលបាននូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដែលចាំបាច់ក្នុងការជំរុញ សុខុមាលភាពរបស់សិស្សនៅក្នុងថ្នាក់រៀន និងសហគមន៍ឱ្យល្អប្រសើរ។
ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គម្រោងអភិវឌ្ឍន៍សុខភាព សិក្សាសម្រាប់កុមារកម្ពុជា (SHCC) ដឹកនាំដោយ សាស្ត្រាចារ្យបណ្ឌិត (Asakura Takashi) និងក្រុមសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ តូក្យូ ហ្គាគឺហ្គេ និងសាស្ត្រាចារ្យនៅសាកលវិទ្យាល័យដៃគូ ៤ ទៀត រួមមាន សាកលវិទ្យាល័យ អីបារ៉ាគី សាកលវិទ្យា- ល័យ ដូមុនជិ សាកលវិទ្យាល័យ សៃតាម៉ា និង សាកលវិទ្យាល័យជាតិ យ៉ូកូហាម៉ា នៃប្រទេសជប៉ុន ដែលបានរៀបចំតាក់តែងសៀវភៅសិក្សាគោល មុខវិជ្ជាអប់រំសុខភាពនេះឡើង និងសូមថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋាន សុខភាពសិក្សា រួមជាមួយគណៈគ្រប់គ្រង និងគ្រូឧទ្ទេស នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង ដែលបានខិតខំប្រឹងប្រែងអស់ពីលទ្ធភាព និងសមត្ថភាពក្នុងការអនុវត្តគម្រោង SHCC ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កា៕







-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន7 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ