Connect with us

ព័ត៌មាន

ឯកឧត្តម វង សូត៖ ប្រទេសជាតិរីកចម្រើន អភិវឌ្ឍជឿនលឿន និងរឹងមាំទៅបាន គឺពឹងលើធនធានមនុស្ស

ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្ស ដែលមានបញ្ញាញាណខ្ពង់ខ្ពស់។ ដូច្នេះ ប្អូនៗក្មួយៗនិស្សិតទាំងអស់ ត្រូវប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានខ្លាំងក្លា ដើម្បីជាទំពាំងស្នងប្ញស្សី ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានលើកឡើងដូច្នេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានបន្តថា៖«ធនធានមនុស្ស គឺជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់កសាង និងអភិវឌ្ឍសង្គមជាតិ។ ប្រទេសនីមួយៗអាចរីកចម្រីន ជឿនលឿនទៅបាន គឺអាស្រ័យដោយមានធនធានមនុស្ស ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដែលចេះគិតគូរដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃនិងអាចដឹកនាំប្រកបដោយភាពប៉ិនប្រសប់។រាជរដ្ឋាភិបាល កម្ពុជា អាចរីកចម្រើនជឿនលឿនអភិវឌ្ឍទៅបាន គឺពឹងលើក្មួយៗជំនាន់ក្រោយទាំងអស់នេះហើយ»។

លោកសាស្រ្តាចារ្យរងបណ្ឌិត ពិន វណ្ណារ៉ូ សាកលវិទ្យាធិការសាកលវិទ្យាល័យ បានឱ្យដឹងថា៖ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ រួមមាន៖ មហាវិទ្យាល័យចំនួន០៤ វិទ្យាស្ថានចំនួន៣ ដេប៉ាតឺម៉ង់ចំនួន២១ ស្មើនឹងមុខជំនាញចំនួន៣៥។ ការបណ្តុះបណ្តាលនិស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានបណ្តុះបណ្តាលសិស្ស-និស្សិតបានបញ្ចប់ដោយជោគជ័យ ដែលមាននិស្សិតសរុបចំនួន ១,៤៤៧ នាក់ ស្រីសរុបចំនួន ៨៨៤ នាក់។ ក្នុងនោះមាន៖ បរិញ្ញាបត្រជាន់ខ្ពស់ចំនួន០៩នាក់ ស្រី០៧នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ១០៤០ នាក់ ស្រី៦៥០នាក់ ,ថ្នាក់បរិញ្ញាបត្ររង ចំនួន ១៤៩ នាក់ ស្រី ៨១នាក់ និងនិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បាននិងកំពុងបណ្តុះបណ្តាលសិស្ស-និស្សិតសរុបចំនួន ២៤១០ នាក់ ស្រីសរុបចំនួន ១៤៦៧ នាក់ ។ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៨៩នាក់ ស្រី២៥នាក់ ថ្នាក់បរិញ្ញាបត្រចំនួន ២០៧២នាក់ ស្រី១៣០៤នាក់ ថ្នាក់បរិញ្ញាបត្ររងចំនួន ២៩នាក់ ស្រី ១៤នាក់ ថ្នាក់អប់រំបច្ចេកទេសចំនួន២២០នាក់ ស្រី១២៤នាក់។

ក្នុងឱកាសនោះ ឯកឧត្តម វង សូត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា   សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ប្អូនៗនិស្សិតទាំងអស់ដោយក្តីនឹករលឹក។

ឯកឧត្តមបានសំណូមពរទាំងអស់គ្នា មេត្តាតស៊ូ អត់ធ្មត់និង ត្រូវជឿទុកចិត្តទៅលើថ្នាក់ដឹកនាំ និងរួមសាមគ្គីគ្នាជាធ្លុងមួយឱ្យបានរឹងមាំ ក្នុងគ្រាដែលប្រទេសជាតិកំពុងជួបប្រទះសង្រ្គាមឈ្លានពានពីកងទ័ពសៀម។ ឯកឧត្តមបានប្រកាសថ្កោលទោស ចំពោះថៃ ដែលឈ្លានពាន មកលើកម្ពុជាទាំងកំរោល ដែលចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម និងរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

ឯកឧត្តម វង សូត បានបន្តទៀតថា ក្នុងកាលៈទេសៈដែលខ្មែររងការឈ្លានពានពីទាហានថៃ ឯកឧត្តមបានឱ្យនិស្សិតជឿជាក់លើថ្នាក់ដឹកនាំជាតិយើង ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញដោយបទពិសោធ ប្រាជ្ញាស្មារតីវាងវៃ និងការលះបង់ខ្ពស់ក្នុងបុព្វហេតុបម្រើការពារជាតិមាតុភូមិ។

ឯកឧត្តម វង សូត នៅក្នុងឱកាសនោះ ក៏បានលើកឡើងពីវិស័យអប់រំ ក្រោយឆ្នាំ១៩៧៩ ដែលកម្ពុជាមិនមានអ្វីទាំងអស់ តែដោយការខិតខំប្រឹងប្រែងពីរាជរដ្ឋាភិបាលនាពេលនោះ ទើបធ្វើឲ្យវិស័យអប់រំ មានការអភិវឌ្ឍ រីកចម្រើន រហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តម សូមឱ្យកូនក្មួយ សិស្សានុសិស្ស និស្សិតទាំងអស់ ប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានខ្លាំងក្លា ដើម្បី​យកចំណេះវិជ្ជាទាំងនេះ មកបម្រើជាតិ មាតុភូមិ ធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់យើងកាន់តែរីកចម្រើនមួយកម្រិតថែមទៀត ហើយចំណេះវិជ្ជាទាំងនេះ ក៏ជាខឿនការពារបូរណភាពទឹកដីរបស់យើងដ៏មានប្រសិទ្ធភាពផងដែរ។

ឯកឧត្តម បានផ្តល់អនុសាសន៍មួយចំនួនដល់​គណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រប់លំដាប់ថ្នាក់ ព្រមទាំងសាស្ត្រាចារ្យ និងនិស្សិត ដើម្បីជំរុញ​គុណភាព នៃការអប់រំ និងការសិក្សា។

ក្នុងឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភថវិកា​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង​សម្តេចវង្សា សៅ ទី ចំនួន៤០លានរៀលសម្រាប់​កសាងសាកលវិទ្យាល័យបន្ត ឧបត្ថម្ភសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗ៥ម៉ឺនរៀល សិស្ស និស្សិតក្នុងម្នាក់ៗ ២ម៉ឺនរៀល ឧបត្ថម្ភក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ៥០ ម៉ឺនរៀលនិងឧបត្ថម្ភកម្លាំង​ការពារថវិកាចំនួន១ លានរៀលផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia