ព័ត៌មាន
អាជ្ញាធរខេត្តឧត្តរមានជ័យ កំពុងរៀបចំឲ្យកុមារភៀសសឹកបានរៀនបណ្ដោះអាសន្ន ខណៈសិស្សក្នុងខេត្តនេះជិត ៧ម៉ឺននាក់បាត់បង់ការសិក្សា
ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ កំពុងរៀបចំឲ្យកុមារភៀសសឹកដែលបាត់បង់ការសិក្សានៅសាលារៀន បង្កដោយសង្គ្រាមឈ្លានពានរបស់ថៃ ដើម្បីឲ្យពួកគេបានរៀនបណ្ដោះអាសន្ន នៅតាមមណ្ឌលសុវត្ថិភាព។
លោក ប៉ិច រតនា ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅក្នុងខេត្តឧត្តរមានជ័យ មានសាលារៀនប្រមាណ ២៦០ទីតាំង និងមានសិស្សប្រមាណជាង ៦ម៉ឺន ៨ពាន់នាក់ ហើយបច្ចុប្បន្នសាលាទាំងអស់នេះ បានបិទអស់ហើយ ខណៈសាលាមួយចំនួន ក៏ត្រូវរងគ្រោះដោយសារការផ្លោងគ្រាប់ របស់កងទ័ពថៃបានត្រូវ និងរងការខូចខាតអគារសិក្សាមួយចំនួន។
លោកបានបន្តថា ជុំវិញការបាត់បង់ការសិក្សាដោយសារសង្គ្រាម បង្កឡើងដោយកងទ័ពថៃនេះ សិស្សទាំងអស់នោះ គឺបានភៀសសឹកទៅតាមម្ដាយឪពុក និងគ្រួសាររបស់ពួកគេ ទៅស្នាក់នៅតាមមណ្ឌលសុវត្ថិភាព និងតំបន់ផ្សេងៗ ។
លោកប្រធានមន្ទីរ បានបន្ថែមថា ទន្ទឹមនឹងការមិនបានរៀនសូត្រនេះ សិស្សមួយចំនួន ដែលទៅស្នាក់នៅខេត្តផ្សេង ក៏បានចុះឈ្មោះចូលរៀនបណ្ដោះអាសន្ន នៅសាលាដែលជិតកន្លែងគេស្នាក់នៅហើយអ្នកនៅតាមជំរំភៀសសឹក អាជ្ញាធរ និងមន្ទីរអប់រំខេត្តកំពុងឲ្យពួកគេរៀនបណ្ដោះអាសន្ន ដោយផ្ដោកទៅលើភាសាខ្មែរ និងគណិតវិទ្យា ។
ជាមួយគ្នានេះ លោក ប៉ិច រតនា តំណាងឲ្យបុគ្គលិកអប់រំ នៅក្នុងខេត្តឧត្តរមានជ័យទាំងអស់ សូមធ្វើការថ្កោលទោសនូវអំពើឈ្លានពានរបស់កងទ័ពថៃ មកលើបូរណភាពទឹកដីកម្ពុជានេះ ហើយក៏សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ និងដាក់សម្ពាធទៅរដ្ឋាភិបាលថៃ ឲ្យបញ្ឈប់អំពើឈ្លានពានមកលើទឹកដីកម្ពុជា ព្រោះប្រទេសកម្ពុជាត្រូវការតែសុខសន្តិភាពប៉ុណ្ណោះ ដើម្បីបន្តដំណើរអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ហើយគ្មានបំណងឈ្លានពានប្រទេសណានោះទេ។
គួរបញ្ជាក់ថា អំពើឈ្លានពានរបស់កងទ័ពសៀម បានឈានមកដល់១១ថ្ងៃហើយ បង្កឲ្យមានមនុស្សស្លាប់ និងរបួស ហើយប្រជាពលរដ្ឋខ្មែរស្ទើរតែកន្លះលាននាក់ កំពុងរត់ភៀសសឹក និងកុមាររាប់សិបម៉ឺននាក់ បានបាត់បង់ការសិក្សា កង្វះអនាម័យ និងងាយរងហានិភ័យ ពីការឆ្លងជំងឺ និងរស់នៅទាំងការភ័យតក់ស្លុតជាទីបំផុត៕ អត្ថបទ បាន សុខរិទ្ធិ


-
ព័ត៌មាន1 week agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
ព័ត៌មាន1 week agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
PR NEWS3 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន7 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព
-
ព័ត៌មាន1 week agoរដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តលើកទី១២ នៃមន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ រាជរដ្ឋាភិបាល បន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសកម្មភាពកងកម្លាំងថៃ ឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា
-
ព័ត៌មាន5 days agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន4 days agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត