ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤នៃមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ២០២៥
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ នៃមន្ទីរពេទ្យព្រះអង្គឌួង ឆ្នាំ២០២៥ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៥ ក្រោមប្រធានបទ«ទំនើបកម្មនៃការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីសុខភាពល្អប្រសើរ»។
លោកសាស្រ្តាចារ្យរង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានអញ្ជើញជាអធិបតី និងអនុញ្ញាតឱ្យយើងរៀបចំកម្មវិធីដ៏មានអត្ថន័យ និងសូមស្វាគមន៍លោក លោកស្រីទាំងអស់គ្នាមកចូលរួមទិវាវេជ្ជសាស្ត្រ-ស ល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤ ក្រោមប្រធានបទ «ទំនើបកម្មនៃការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ ដើម្បីសុខភាពល្អប្រសើរ» ជាប្រធានបទឆ្លុះបញ្ចាំងពីបេសកកម្មរួមរបស់យើងក្នុងការជំរុញឧត្តមភាពនៃការព្យាបាល និងថែទាំសុខភាពជូនអ្នកជំងឺ។
លោកសាស្រ្តាចារ្យរង នាយកមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងទៀតថា ទិវាវេជ្ជសាស្ត្រនាពេលនេះ គឺមានគោលបំណង បន្តលើកកម្ពស់ ជំនាញវិជ្ជាជីវៈរបស់គ្រូពេទ្យ និងបុគ្គលិកថែទាំអ្នកជំងឺ ការផ្ទេរចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ថ្មីៗ ការពង្រឹងកិច្ចសហការ ទំនាក់ទំនងរវាងមន្ទីរពេទ្យ ក្រុមអ្នកជំនាញ និងស្ថាប័នសុខាភិបាលក្នុងប្រទេស ការផ្តោតលើសុវត្ថិភាពអ្នកជំងឺ និងគុណភាពសេវាសុខាភិបាលឱ្យកាន់តែឆាប់រហ័ស ម៉ត់ចត់ និងមានមនុស្សធម៌។ ដោយមានការគាំទ្រ និងចង្អុលបង្ហាញពីឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល មនី្ទរពេទ្យបានខិតខំអភិវឌ្ឍសមត្ថភាព បំពាក់សម្ភារបរិក្ខារ និងបច្ចេកវិទ្យាទំនើប ដើម្បីឆ្លើយតបតាមតម្រូវការរបស់អ្នកជំងឺតាមស្តង់ដារអន្តរជាតិ។ លោកសាស្រ្តាចារ្យរង ជឿជាក់ថា ក្នុងរយៈពេល ០២ថ្ងៃខាងមុខនេះ យើងទាំងអស់គ្នា នឹងមានការបំផុសគំនិត និងបទពិសោធន៍ ហើយយកអ្វីដែលយើងបានរៀននៅទីនេះ ទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃ ដើម្បីភាពប្រសើរឡើងនៃការព្យាបាល និងការថែទាំសុខភាពជូនអ្នកជំងឺ។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្ត បានថ្លែងថា ក្នុងបរិបទការអភិវឌ្ឍប្រព័ន្ធសុខាភិបាលជាតិ ទំនើបកម្មគុណភាពសេវាសុខាភិបាល គឺជាគោលបំណងដ៏សំខាន់ក្នុងគោលនយោបាយអាទិភាពចំនុចទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល។ ការកែលម្អបច្ចេកវិទ្យាវេជ្ជសាស្ត្រ ការបង្កើតមន្ទីរពេទ្យឆ្លាតវៃ ការប្រើប្រាស់ឌីជីថល ក្នុងការគ្រប់គ្រងទិន្នន័យអ្នកជំងឺ និងការព្យាបាលតាម evidence-based medicine គឺជានយោបាយដឹកនាំដែលរាជរដ្ឋាភិបាលបានផ្តោតសំខាន់បំផុត ដើម្បីធ្វើឱ្យប្រព័ន្ធសុខាភិបាលរបស់យើងទាន់សម័យ ដឹកនាំដោយចំណេះដឹង និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានកត់សម្គាល់ឃើញថា មន្ទីរពេទ្យព្រះអង្គឌួង គឺជាមន្ទីរពេទ្យមួយបានប្រើប្រាស់បច្ចេកវិទ្យាទំនើបជាច្រើន ដូចជា៖ បច្ចេកទេសវះកាត់កម្រិតតូច និងធំ ប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកជំងឺ បច្ចេកទេសវេជ្ជសាស្ត្រច្បាស់លាស់ ការគ្រប់គ្រងគុណភាព និងសុវត្ថិភាពអ្នកជំងឺតាមស្តង់ដារ ដែលទាំងនេះសុទ្ធតែឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ក្នុងការធ្វើឱ្យប្រព័ន្ធសុខាភិបាលកម្ពុជា មានការទទួលស្គាល់ ជឿជាក់ មានទំនុកចិត្ត និងកោតសរសើរពីប្រជាពលរដ្ឋ។ ចំណែកឯការយកចិត្តទុកដាក់ក្នុងការថែទាំអ្នកជំងឺ គឺជាការផ្តល់នូវគុណតម្លៃដ៏សំខាន់សម្រាប់អ្នកជំងឺ ត្រូវពង្រឹងឱ្យកាន់តែប្រសើរជាងមុន ដោយផ្តោតលើភាពមនុស្សធម៌ ការគោរពសិទ្ធិអ្នកជំងឺ និងការយកចិត្តទុកដាក់មើលថែប្រកដោយប្រសិទ្ធភាពខ្ពស់។ មន្ទីរពេទ្យព្រះអង្គឌួង បានបង្ហាញយ៉ាងច្បាស់ពីការរួមចំណែក តាមរយៈការអប់រំបុគ្គលិកប្រកបដោយក្រមសីលធម៌ បង្កើតបរិយាកាសសមស្រប ស្អាត សុវត្ថិភាព ផ្តល់យោបល់ និងការឆ្លើយតបយ៉ាងឆាប់រហ័សដល់តម្រូវការអ្នកជំងឺ។ គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យាដ៏ទំនើបអាចធ្វើឱ្យការព្យាបាលកាន់តែប្រសើរ ប៉ុន្តែការយកចិត្តទុកដាក់របស់វេជ្ជបណ្ឌិត ឆ្មប និងគិលានុបដ្ឋាក ដើម្បីព្យាបាលប្រកបមនុស្សធម៌ គឺជាប្រភពនៃការជឿជាក់ និងជឿទុកចិត្តរបស់អ្នកជំងឺ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា ទិវាវេជ្ជសាស្ត្រនេះ មិនត្រឹមតែជាការបង្ហាញ ឬផ្លាស់ប្តូរនូវចំណេះដឹង និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាបង្ហាញពីការរួបរួមសាមគ្គីគ្នា របស់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកក្នុងការទទួលខុសត្រូវ ដើម្បីធ្វើឱ្យប្រព័ន្ធសុខាភិបាលកម្ពុជាអភិវឌ្ឍឆ្ពោះទៅមុខ។ សូមឱ្យយើងទាំងអស់គ្នាប្រើប្រាស់ពេលវេលានេះ ដើម្បីចូលរួមយ៉ាងសកម្ម សួរសំណួរ ផ្តល់មតិយោបល់ និងជំរុញកម្មវិធីឱ្យដំណើរការយ៉ាងរលូនចាប់តាំងពីការចាប់ផ្តើម រហូតដល់ទីបញ្ចប់។
ជាថ្មីម្តងទៀត ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត សូមថ្លែងការគោរពចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យឆ្ពោះទៅមុខ និងផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់វិស័យសុខាភិបាល។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ការខិតខំប្រឹងប្រែង អភិវឌ្ឍបច្ចេកទេស និងគុណភាពសេវាសុខាភិបាល ឱ្យកាន់តែប្រសើរឡើង ហើយសង្ឃឹម និងជឿជាក់ថា «ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៦ និងថែទាំវេជ្ជសាស្ត្រលើកទី៤» នេះ នឹងក្លាយជាគន្លងសំខាន់មួយ សម្រាប់បង្កើតការច្នៃប្រឌិតថ្មី ការរួមចំណែកនៃចំណេះដឹង និងការកែលម្អ ក្នុងការបម្រើសេវាសុខាភិបាលដើម្បីសុខភាពប្រជាពលរដ្ឋកម្ពុជាបានល្អប្រសើរ។ យើងអាចបន្តជាផ្នែកដ៏សំខាន់ក្នុងការកសាងប្រព័ន្ធសុខាភិបាល ដែលមានសមត្ថភាព ទំនើប និងមានមនុស្សធម៌ខ្ពស់ សម្រាប់ប្រទេសជាតិ និងប្រជាជនរបស់យើង៕
អត្ថបទ រដ្ឋា


















-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា7 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន7 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ