Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីទេសចរណ៍ជឿជាក់ ឆ្នាំ២០២៦ ទេសចរអន្តរជាតិនឹងកើនឡើង ខណៈវិស័យឯកជនពង្រីកទីផ្សារនៅក្រៅប្រទេស

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញភាពជឿជាក់ថា កម្ពុជា នឹងទទួលបានមោទនភាពថ្មី មានទេសចរអន្តរជាតិមកទស្សនាច្រើនកើនលើសឆ្នាំកន្លងមក ខណៈ នៅឆ្នាំ២០២៦នេះ ភាគីរដ្ឋ និងឯកជន បានរួមសាមគ្គីគ្នា អនុវត្តផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់ខ្លួនច្រើន ពង្រីកការធ្វើទីផ្សារទេសចរណ៍នៅតាមបណ្តាប្រទេសនានា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១២ ខែមករានេះថា មកដល់ពេលនេះ ភាគីរដ្ឋ និងឯកជន បានរួមសហការសាមគ្គីគ្នា អនុវត្តផែនការសកម្មភាពជាយុទ្ធសាស្ត្ររបស់ខ្លួនជាច្រើន ការពង្រីកទីផ្សារ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ផ្សព្វផ្សាយគោលដៅទេសចរណ៍ រៀបចំព្រឹត្តិការណ៍ឆ្នាំទេសចរណ៍កម្ពុជា ចិន កម្ពុជា ឥណ្ឌា រៀបចំកញ្ចប់ទេសចរណ៍ថ្មីៗ មានការច្នៃប្រឌិត បញ្ចុះតម្លៃសមរម្យ មានគុណភាព និងមានសុវត្ថិភាពខ្ពស់ ហើយគ្រប់ភាគីព័ន្ធក្នុងវិស័យទេសចរណ៍ បានរួមគ្នាពង្រឹងភាពធន់ និងបានត្រៀមខ្លួនរួចរាល់ ទប់ទល់ភាពប្រែប្រួលវិបត្តិពិភពលោកក្នុងឆ្នាំ២០២៦ រួមទាំងវិបត្តិជម្លោះព្រំដែនកម្ពុជា ថៃ ដែលធ្វើឲ្យប៉ះពាលដល់វិស័យទេសចរណ៍ផងដែរ។

លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា CATA ថ្លែងថា បច្ចុប្បន្ន បណ្តាទីភ្នាក់ងារទេសចរណ៍នៅកម្ពុជាដែលជាសមាជិក បាននិងកំពុងធ្វើការងារយ៉ាងសកម្មភាពជាមួយទីភ្នាក់ងារទេសចរណ៍នៅតាមបណ្តាប្រទេស ពិសេស ចិន ឥណ្ឌា រ៉ូសស្ស៊ី ជប៉ុន កូរ៉េ និងតាមបណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា អាមេរិច និងនៅតំបន់អាស៊ី រៀបចំកញ្ចប់ទេសចរណ៍ និងផ្សព្វផ្សាយនាំភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា។

របាយការណ៍ក្រសួងទេសចរណ៍ ក្នុងរយៈពេល១១ខែ នៅក្នុងឆ្នាំ២០២៥នេះ កម្ពុទទួលបានទេសចរអន្តរជាតិមកទស្សនាប្រមាណជិត ៥លាន២សែននាក់ ទេសចរក្នុងស្រុកចេញដើរកម្សាន្តប្រមាណជិត២៤លាននាក់  ខណៈ តាមរបាយការណ៍ពីគោលដៅទេសចរណ៍ធំៗចំនួន២រួមមាន៖ គោលដៅទេសចរណ៍នៅខេត្តសៀមរាបនៅក្នុងឆ្នាំ២០២៥ ទទួលបានទេសចរអន្តរជាតិទៅទស្សនាបានប្រមាណជិត៩៦ម៉ឺននាក់ ដោយឡែកគោលដៅទេសចរណ៍រាជធានីភ្នំពេញវិញ ក្នុងឆ្នាំ២០២៥ដែរ ទទួលបានទេសចរអន្តរជាតិមកទស្សនាប្រមាណជិត១លាន៩សែននាក់។ អត្ថបទ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia