ព័ត៌មាន
សមាគមបណ្តាញកសិករតេជោ មានគោលដៅជំរុញប្រែក្លាយវិស័យកសិកម្មឱ្យកាន់តែខ្លាំងក្លា
សមាគមបណ្តាញកសិករតេជោ មានគោលដៅជំរុញប្រែក្លាយវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លា តាមរយៈការសម្រប សម្រួល លើកកម្ពស់កសិករ ការគៀងគរកសិ-ពាណិជ្ជករ សេវាករធ្វើការរួមគ្នា ការជំរុញធ្វើកសិកម្មតាមបែបទំនើប លើកកម្ពស់ផលិតភាព កសិកម្ម និងការបង្កើតតម្លៃបន្ថែមក្នុងអាជីវកម្មជាដើម។
លោកជេត ភិរម្យ អនុប្រធានសមាគមបណ្តាញកសិករតេជោ លើកឡើងក្នុងការចូលរួមជាវាគ្មិនកិត្តិយស លើការចែករំលែក គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រវិស័យកសិកម្ម នេះថា សមាគមបណ្តាញកសិករតេជោ បានដាក់ចេញនូវគោលដៅ យ៉ាងច្បាស់លាស់លើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនផលិភាព និងធ្វើពិពិធកម្មកសិកម្ម កសិ-ពាណិជ្ជកម្ម តាមរយៈការផ្តល់នូវបច្ចេកទេស និងការស្វែងរកទីផ្សារសម្រាប់ផលិតផលកសិកម្ម។
លោកលើកឡើងបន្ថែមថា កសិកម្មគឺជាឆ្នាំងបាយនៃប្រទេសជាតិ និងជាឆ្នាំងបាយរបស់ពិភពលោក ហើយយើងមាន មោទនភាពក្លាយជាកសិករ ចំណែកសមាគមក៏បានមោទនភាពផងដែរ ដែលបានធ្វើការជាមួយកសិករ បម្រើកសិករ។ ជុំវិញកសិករ នេះឃើញថា បច្ចុប្បន្នមានការនៅរាយប៉ាយ ដែលជាចំណុចធ្វើឱ្យកសិករមិនខ្លាំង ដែលតាមរយៈនេះ, សមាគមបណ្តាញកសិករតេជោ ដើរតួជាអ្នកសម្របសម្រួល និងការកសាងជាក្រុមខ្សែច្រវាក់ផលិតកម្មនីមួយៗ ក្រោមការជួយជ្រោមជ្រែងពីដៃគូធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកកម្ម។
ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា លើកឡើងថា ជុំវិញវិស័យកសិកម្មនេះ កម្ពុជាបាន និងកំពុងដើរទៅមុខ ប៉ុន្តែដើម្បីជំរុញឱ្យកសិកម្មកាន់តែដើរលឿនបន្ថែមទៀត ការធ្វើកសិកម្មត្រូវផ្សាភ្ជាប់និងបច្ចេកវិទ្យា ដើម្បីពង្រឹង គុណភាពផលិតផល និងការធ្វើឱ្យថ្លៃដើមប្រសើរឡើងជាងមុន។ បញ្ហានេះ ក្រៅពីការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រផ្សេងៗ ការចាប់យកបញ្ញាសិប្បនិម្មិត Ai ក៏ជារឿងសំខាន់មួយផងដែរ សម្រាប់ជាជំនួយស្មារតីបន្ថែម ទាំងលើការដាំដុះ និងការធ្វើអាជីវកម្មជាដើម។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០២៦នេះ, បើយោងតាមក្របខ័ណ្ឌច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ រាជរដ្ឋាភិបាលគ្រោងចំណាយចរន្តវិស័យសេដ្ឋកិច្ច ប្រមាណ ១ ៨៥៨ ប៊ីលានរៀល ដែលថវិកានៃវិស័យនេះបានផ្ដល់ការគាំទ្រទៅលើ កម្មវិធី និងសកម្មភាពការងារជាអាទិភាពរួមមាន៖ ការលើកកម្ពស់ផលិតភាពកសិកម្ម និងការជួយគ្រួសារកសិករ ក្នុងការលើកស្ទួយ ផលិតផលកសិកម្ម តាមរយៈការរៀបចំឱ្យមានសហគមន៍កសិកម្មទំនើប និងការពង្រាយមន្រ្តីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ-សង្កាត់ ទូទាំងប្រទេស។ ការលើកកម្ពស់ផលិតភាពស្របតាមស្តង់ដា និងតម្រូវការទីផ្សារ តាមរយៈការផលិតគ្រាប់ពូជស្រូវ ដំណាំ ផលិតកម្ម បន្លែ ផលិតកម្មកៅស៊ូ និងការពង្រឹងយន្តការទីផ្សារ ព្រមទាំងការជំរុញខ្សែច្រវាក់ផលិតកម្មដំណាំដូចជា បន្លែសុវត្ថិភាព ម្រេច និង ដំណាំ ស្វាយជាដើម ដើម្បីជំរុញការធ្វើពិពិធភាវូបនីយកម្ម និងពាណិជ្ជបនីយកម្ម។ ក្រៅពីវិស័យកសិកម្ម គម្រោងថវិកាខាងលើនេះ ក៏ត្រូវបានយកទៅអភិវឌ្ឍន៍លើវិស័យផ្សេងៗមួយចំនួនទៀត ដែលគាំទ្រដល់ការរីកលូតលាស់ក្នុងវិស័យសេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច