ព័ត៌មាន
កម្ពុជាបង្កើនការទាក់ទាញទេសចរ និងអ្នកវិនិយោគរុស្ស៊ី ដើម្បីរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ
ក្រុមហ៊ុនអន្តរជាតិ សហការជាមួយក្រុមហ៊ុនក្នុងស្រុក សុំគោលការណ៍គាំទ្រពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើលទ្ធភាពបើកផ្លូវហោះហើរត្រង់ ពីសហព័ន្ធរុស្ស៊ីមកកម្ពុជា និងការពិចារណាលើការសម្រួលលើកលែងទិដ្ឋាការ សម្រាប់ទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ីមកកម្ពុជា ដើម្បីចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី ២១ ខែ មករា ឆ្នាំ២០២៦នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិកាក្រុមហ៊ុន JFT Jet និងលោក ប្លាឌីមា ប៉ាឡង់ស៊ីកា (Vladimir Palancica) អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធានសាខា BRICS House ដើម្បីពិភាក្សាអំពីទិសដៅ និងយុទ្ធសាស្រ្តក្នុង ការទាក់ទាញទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ីមកកាន់ប្រទេសកម្ពុជា។
ក្នុងជំនួបនោះ លោក ប្លាឌីមា ប៉ាឡង់ស៊ីកា លើកឡើងឱ្យដឹងថា Lotus Group of Companies គឺជាក្រុមហ៊ុនទេសចរណ៍ អន្តរជាតិមានកេរ្តិ៍ឈ្មោះ ដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាកម្មដំណើរកម្សាន្តប្រកបដោយគុណភាព នៅប្រទេសរុស្ស៊ី និងប្រទេសជាច្រើនក្នុងតំបន់អាស៊ី, ក្នុងនោះកម្ពុជាគឺជាប្រទេសមួយ មានសក្តានុពលខ្លាំងក្នុងការទាក់ទាញទេសចរ រុស្ស៊ី ដោយកម្ពុជាមានធនធានទេសចរណ៍សម្បូរបែបដូចជា ប្រាសាទបុរាណដ៏អស្ចារ្យ តំបន់ឆ្នេរសមុទ្រស្រស់ស្អាត បរិយាកាស សុខសាន្ត និងប្រជាជនមានភាពរួសរាយរាក់ទាក់ មិនចាញ់ប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។
តាមរយៈនៃជំនួបនេះ លោកសូមការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី ក្នុងលទ្ធភាពបើកផ្លូវហោះហើរត្រង់ ពីសហព័ន្ធរុស្ស៊ីមកកាន់ កម្ពុជា និងការពិចារណាលើការសម្រួលទិដ្ឋាការ (Visa Facilitation) សម្រាប់ទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ី។ តាម រយៈនៃកិច្ចសហការរវាងក្រុមហ៊ុន JFT Jet ដែលជាក្រុមហ៊ុនឈានមុខគេមួយ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់សេវាយន្ត ហោះឯកជន (Private Jet) រួមជាមួយ Lotus Group of Companies គ្រោងបើក Boxing House នៅប្រទេសកម្ពុជា ក្នុងខែកុម្ភៈ ខាងមុខ លើការផ្តល់សេវាយន្តហោះឯកជន ដើម្បីចូលរួមចំណែកជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែប្រសើរ។
ជាការឆ្លើយតប, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិត និង យុទ្ធសាស្រ្តសហការរវាងវិស័យឯកជន និងរដ្ឋ ក្នុងការបង្កើនលំហូរភ្ញៀវទេសចររុស្ស៊ីមកកាន់កម្ពុជា ព្រមទាំងបានផ្តល់អនុសាសន៍ មួយចំនួន សម្រាប់ការអនុវត្តជាក់ស្តែង ដើម្បីឲ្យកិច្ចសហប្រតិបត្តិការនេះសម្រេចបានជោគជ័យ និងមានចីរភាព។
គួរបញ្ជាក់ថា ភ្ញៀវទេសចររុស្ស៊ី ត្រូវបានចាត់ទុកជាទេសចរដែលមានសមត្ថភាពចំណាយខ្ពស់ មានទំនោរចូលចិត្តសេវាកម្មដែលមាន គុណភាពដូចជា ទេសចរណ៍សុខភាព ស្ប៉ា និងការស្នាក់នៅរយៈពេលវែង ក្នុងនោះជាមធ្យម ការធ្វើដំណើររបស់ពួកគេមានរយៈពេល ពី ៥–៧ ថ្ងៃ និងមួយចំនួនអាចស្នាក់នៅរហូតដល់ ១–២ ខែ ដែលជាកត្តាសំខាន់ក្នុងការជំរុញចំណូលសេដ្ឋកិច្ចជាតិ។ ចំពោះតាមរយៈ កិច្ចសហការរវាង JFT Jet, Lotus Group និងការគាំទ្រពីក្រសួងទេសចរណ៍នេះ ត្រូវបានចាត់ទុកថា ជាឱកាសដ៏សំខាន់មួយ សម្រាប់ យុទ្ធសាស្រ្តបើកទ្វារទទួលយកទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញការរីកចម្រើនក្នុង វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ក្នុងរយៈពេលមធ្យម និងវែង៕អត្ថបទ៖ សុន រ៉ាឌី






-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង