Connect with us

ព័ត៌មាន

កម្ពុជា-ឥណ្ឌា ប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យបរិស្ថាន និងការអភិរក្សជីវៈចម្រុះ

ក្នុងឱកាសទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌា ជាពិសេសសមិទ្ធផលក្នុងវិស័យបរិស្ថាន ដែលសម្រេចបានរួមគ្នានាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីទិសដៅការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដោយផ្តោតសំខាន់លើចំណុចគន្លឹះសំខាន់លើ កិច្ចសហប្រតិបត្តិការអភិរក្សជីវៈចម្រុះ ជាពិសេសការបន្តជំរុញវឌ្ឍនភាពនៃ គម្រោងស្តារ និងអភិរក្សសត្វខ្លាធំ នៅ ឱ្យសម្រេចបានជោគជ័យស្របតាមផែនការ។ ជាមួយគ្នានេះ ឯកឧត្តមមានប្រសាសន៍ពីការគាំទ្រ ដល់ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន នៅតាមសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការពង្រីកការអភិវឌ្ឍណ៍គោលដៅលម្ហែបៃតង ការបង្កើនជម្រើសថ្មីជូនប្រជាពលរដ្ឋ កាត់បន្ថយការដាក់សម្ពាធលើព្រៃឈើ និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។

ជាកិច្ចឆ្លើយតប ឯកឧត្តម Vanlalvawna Bawitlung បានកោតសរសើរចំពោះចក្ខុវិស័យ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការបន្តគាំទ្របច្ចេកទេស និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន បន្ថែមទៀត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia