ព័ត៌មាន
រាជរដ្ឋាភិបាលបានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី
គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីប្រទេសថៃកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥មក ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់ក្រសួង និងស្ថាប័ននានាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក៏ដូចជាការយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋភៀសសឹកដោយចាត់ទុកជាកិច្ចការងារអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះថា គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីប្រទេសថៃកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់ក្រសួង និងស្ថាប័ននានាដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានបំពេញការងារយ៉ាងសកម្មបំផុតដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក៏ដូចជាការយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋភៀសសឹក ដោយចាត់ទុកជាកិច្ចការងារអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។
ជាក់ស្តែងក្នុងអំឡុងពេល៦ខែចុងក្រោយនេះ ក្រសួងនិងស្ថាប័ននានារបស់រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញ្ញតិថ្កោលទោស និងលិខិតបកស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗ គ្រប់ទម្រង់សរុបចំនួនជិត ៧០០ លើកក្នុងនោះមានដូចជា ក្រសួងការពារជាតិចំនួន ៣៨៣ លើក, ក្រសួងមហាផ្ទៃចំនួន ៨៣ លើក, ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈចំនួន ៦៤លើក, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ៤៩លើក, គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ២៧ លើក, អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ២៥លើក, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន២០ លើក, មជ្ឈមណ្ឌលម្ចាត់មីនកម្ពុជា ១៦ លើក និងក្រសួងធម្មការនិងសាសនាចំនួន១លើក។
ដោយឡែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសហការណ៍ជាមួយក្រសួង ស្ថាប័ននានា ដោយមានការសម្របសម្រួលពីបញ្ជាការដ្ឋានព័ត៌មានក៏បានរៀបចំធ្វើបច្ចុប្បន្នភាព(Press Briefing) ប្រចាំថ្ងៃចំនួនជិត ២០០ លើកដើម្បីផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋឬឆ្លើយតបជាមួយភាគីថៃ និងបញ្ជាក់ជំហរច្បាស់លាស់របស់កម្ពុជាចំពោះការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជូនដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាសហគមន៍អន្តរជាតិបានជ្រាប។
ក្រៅពីនោះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើបទបង្ហាញចំនួន១៤លើកជូនប្រធាន និងតំណាងនៃស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិអំពីបច្ចុប្បន្នភាពនៃការវិវត្តន៍ស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជាថៃ និងបានដឹកនាំអង្គទូត និងអង្គការអន្តរជាតិចុះពិនិត្យមើលស្ថានភាពជាក់ស្តែងតាមបណ្តាខេត្តជាប់ព្រំដែនបាន៤លើក។ ចំណែកស្ថានតំណាងកម្ពុជានៅក្រៅប្រទេសក៏បានធ្វើចលនាការទូតយ៉ាងសកម្មដើម្បីឱ្យបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិបានយល់ពីការពិត និងពីជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ។
ក្រសួងការពារជាតិក៏បានសម្របសម្រួលក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកសង្កេតការណ៍អាស៊ាន(AOT)ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅតាមព្រំដែនជាបន្តបន្ទាប់ និងសម្របសម្រួលកិច្ចប្រេជុំ RBC និង GBC ជាច្រើនលើកទៀត។ ដោយឡែក ក្រសួងព័ត៌មានក៏បានសម្របសម្រួលឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនចុះទៅដល់តំបន់ព្រំដែនដើម្បីរាយការណ៍ព័ត៌មានអំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងផលប៉ះពាល់លើជនស៊ីវិលស្លូតត្រង់កម្ពុជាដោយសារការវាយប្រហារពីយោធាថៃបំពានមកលើដែនអធិបតេយ្យភាពកម្ពុជា។ ទាំងអស់នេះសបញ្ជាក់អំពីការងារយ៉ាងសកម្ម មោះមុត ម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលលើគ្រប់ចំណុចទាំងអស់ដោយគ្មានខ្វះចន្លោះឬធ្វេសប្រហែសឡើយ។
ងាកទៅមើលប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទី រាប់ទាំងព្រះសង្ឃ អ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម បានបង្ហាញស្មារតីស្នេហាជាតិ និងសាមគ្គីភាពយ៉ាងរឹងមាំដោយរួមគ្នាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាសកម្មក្លៀវក្លាជាមួយរាជរដ្ឋាភិបាល។ ប្រតិកម្មរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានធ្វើឡើងតាមគ្រប់រូបភាព ទាំងនៅលើបណ្តាញសង្គម នៅតាមវេទិកាសាធារណនានា ក៏ដូចជាការប្រមូលផ្តុំគ្នាដើម្បីបញ្ចេញសំឡេងតវ៉ា និងការស្វះស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិឱ្យដឹងលឺ និងជួយគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី តាមគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។ និយាយជារួម ទីណាមានប្រជាពលរដ្ឋខ្មែររស់នៅ ទីនោះមានសំឡេងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាលាន់លឺយ៉ាងកងរំពង។ បន្ថែមពីលើនេះ សកម្មភាពសប្បុរសធម៌ដើម្បីជួយដល់វីរកងទ័ព និងវីរនគរបាលជាតិដែលឈរជើងនៅជួរមុខ ក៏ដូចជាជួយដល់ជនភៀសសឹក ក៏កើតមានយ៉ាងគគ្រឹគគ្រេងពីគ្រប់មជ្ឈដ្ឋាន។ នេះគឺជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាតាមរយៈការរក្សាជំហររឹងមាំ និងស្រុះគ្នាជាសំឡេងតែមួយរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលជាកម្លាំងសាមគ្គីដ៏រឹងមាំនៃមហាគ្រួសារខ្មែរ ដើម្បីថែរក្សាការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់ខ្លួនយ៉ាងប្តូរផ្តាច់បំផុតនិងឥតងាករេ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕

-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន4 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន7 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន4 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន2 days agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះ១ខ្នងជូនយោធិន ក្នុងខេត្តបាត់ដំបង