Connect with us

ព័ត៌មាន

រដ្ឋាភិបាលកំពុងរៀបចំជម្រកបណ្ដោះអាសន្នសម្រាប់ពលរដ្ឋភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលក្រោមការគិតគូរ និង​យក​ចិត្ត​ទុក​ដាក់​ពី​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី, ក្រសួង ស្ថាប័នពាក់ព័ន្ធ​កំពុង​ខិតខំ​រៀប​ចំ​ជម្រក​បណ្ដោះ​អាសន្ន រឹងមាំសម្រាប់ជា​ជម្រក​បង​ប្អូន​ភៀស​សឹក​ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​សំបែង​វិញ​បាន​អាច​ស្នាក់នៅបានដោយសុខសុវត្ថិភាព។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះថា ក្នុងសារជូនប្រជាពលរដ្ឋកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្រាប់បងប្អូនភៀសសឹកដែលមិនទាន់អាចវិលទៅកាន់ផ្ទះសម្បែងវិញបាន រាជរដ្ឋាភិបាលតាមរយៈក្រសួងនិងស្ថាប័នពាក់ព័ន្ធកំពុងគិតគូរពីការពង្រឹងជម្រកបណ្តោះអាសន្ន ឬក៏អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នទៅកាន់ទីតាំងថ្មីដែលមានភាពប្រសើរជាងបច្ចុប្បន្នក្នុងករណីចាំបាច់។ រាជរដ្ឋាភិបាលក៏គិតគូរដោះស្រាយដើម្បីឱ្យបងប្អូនអាចរក្សាលំនឹងជីវភាពបាននៅក្នុងគ្រាដ៏លំបាកនេះ រហូតដល់ពេលដែលបងប្អូនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។

ឯកឧត្តម បានបន្តថា ឆ្លើយតបនឹងបំណងប្រាថ្នា និងការគិតគូររបស់សម្តេចនាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខបងប្អូនជនភៀសសឹក ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានកំណត់តំបន់ដែលបានសិក្សារួច ដើម្បីរៀបចំជម្រកបណ្តោះអាសន្នសម្រាប់ពលរដ្ឋភៀសសឹកដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេទម្រាំដល់ពេលដែលពួកគេអាចវិលត្រឡប់ទៅកាន់ភូមិដ្ឋានវិញបាន។ នេះគឺជាការវិវឌ្ឍន៍ថ្មីមួយទៀតដែលបញ្ជាក់ពីការយកចិត្តទុកដាក់របស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការជួយសម្រួលដល់ជីវភាពនិងការរស់នៅរបស់ជនភៀសសឹក ដែលនៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅពេលនេះ រហូតដល់ពេលដែលពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននាពេលខាងមុខ។

ឯកឧត្តម ប៉ែន បូណា បានជម្រាបជូនប្រជាពលរដ្ឋថា រហូតមកទល់ពេលនេះ មានបងប្អូនជនភៀសសឹកជិត ៨៣% ហើយ ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញរួចជាស្រេច។ ការវិលត្រឡប់របស់ជនភៀសសឹកត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃ ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីម្តងទៀតថា ពលរដ្ឋភៀសសឹកដែលស្នាក់នៅប្រមូលផ្តុំក្នុងមណ្ឌលសុវត្ថិភាព ទទួលបានការយកចិត្តទុកដាក់គ្រប់បែបយ៉ាងពីសំណាក់រាជរដ្ឋាភិបាល។ ពួកគេត្រូវបានផ្តល់ជូននូវជម្រកឬតង់សម្រាប់ការស្នាក់នៅ ការការពារសន្តិសុខ សុវត្ថិភាព ការផ្គត់ផ្គង់ស្បៀងអាហារ (ដូចជា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត សាច់ក្រកជាដើម) ព្រមទាំងទឹកស្អាតសម្រាប់ទទួលទាននិងប្រើប្រាស់ប្រចាំថ្ងៃ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ និងសេវាសុខាភិបាលនៅនឹងកន្លែង។ សេវាទាំងអស់នេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ ក្រោមការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីសំណាក់អាជ្ញាធរខេត្ត បណ្តាប្រទេសជាមិត្ត និងសប្បុរសជនពីគ្រប់ទិសទី។

លើសពីនេះ ក្នុងមណ្ឌលសុវត្ថិភាព ក៏មានទាំងការផ្តល់ជូននូវសេវាអប់រំសម្រាប់កុមារតាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល។ កម្មវិធីអប់រំផ្លូវចិត្តតាមរយៈព្រះពុទ្ធសាសនាក៏ត្រូវបានគិតគូរ និងផ្តល់ជូនផងដែរ ជាពិសេសសម្រាប់មនុស្សវ័យចំណាស់។ ក្រោមគំនិតផ្តួចផ្តើមពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សួនបន្លែក្នុងមណ្ឌលភៀសសឹកក៏ត្រូវបានបង្កើតឡើង ដើម្បីឱ្យពលរដ្ឋភៀសសឹកដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផង

ចំណែកប្រជាពលរដ្ឋភៀសសឹក ដែលបានវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញក៏ត្រូវបានរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមូលដ្ឋាន និងក្រុមការងារពាក់ព័ន្ធយកចិត្តទុកដាក់ជួយដោះស្រាយរាល់បញ្ហានានាដែលពួកគេជួបប្រទះ។ ចំពោះមុខនេះ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើបញ្ហាសំខាន់បីគឺ ផលប៉ះពាល់លើផលដំណាំ ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាចាំបាច់ដូចជា សេវាទូរគមនាគមន៍ ទឹក និងភ្លើងអគ្គិសនីជាដើម។

ជាក់ស្តែង ឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចលើកលែងការប្រាក់សរុបមានចំនួន ១០,៦លានដុល្លារអាម៉េរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក និងបានលុបចោលបំណុល (ទាំងប្រាក់ដើម ទាំងការប្រាក់) ចំនួនប្រមាណ ១លានដុល្លារអាម៉េរិក សម្រាប់យោធិនជួរមុខ យោធិនរងរបួស និងគ្រួសាររបស់យោធិនពលី។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏បានរៀបចំឥណទានឡើងវិញក្នុងទំហំទឹកប្រាក់ប្រមាណជា ៥០០លានដុល្លារអាម៉េរិក ដើម្បីសម្រាលសំពាធហិរញ្ញវត្ថុជូនដល់ជនភៀសសឹក និងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត។ នេះសបញ្ជាក់ពីការយកចិត្តទុកដាក់ដោះស្រាយតាមគ្រប់មធ្យោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាគ្រួសារវីរយុទ្ធជនពលី និងវីរយុទ្ធជនរបួស។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា បន្ទាប់ពីកិច្ចខិតខំស្វះស្វែងរកបទឈប់បាញ់ដើម្បីបញ្ចប់សោកនាដកម្មមកលើប្រទេសជាតិនិងប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើគ្រួសារយុទ្ធជនពលីនិងយុទ្ធជនរងរបួស ក៏ដូចជាការស្តារឡើងវិញនូវជីវភាពជនភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានតែងតាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចុះវាយតម្លៃអំពីការខូចខាត និងផលប៉ះពាល់នានាឱ្យបានជាក់លាក់ ដើម្បីរាជរដ្ឋាភិបាលយកមកធ្វើជាមូលដ្ឋានក្នុងការអន្តរាគមន៍ដោះស្រាយឱ្យមានប្រសិទ្ធភាព៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia