Connect with us

ព័ត៌មាន

កម្ពុជា-ចិននឹងរៀបចំឱ្យមានវេទិកាសន្ទនារវាងរដ្ឋ និងឯកជន ដើម្បីឆ្លើយ​តប​នឹង​កង្វល់​អ្នក​វិនិយោគ

កម្ពុជា-ចិននឹងចាប់ផ្តើមរៀបចំវេទិកាសន្ទនា រវាងរដ្ឋនិងវិស័យឯកជនលើកទី១ នៅក្នុង​ខែ​កុម្ភៈ​នេះ ​ដើម្បីឆ្លើយតបទៅនឹងកង្វល់ របស់អ្នកវិនិយោគដោយផ្ទាល់ និងដើម្បីធានាថា អ្នក​វិនិយោគ​នឹង​ទទួល​បាន​នូវបរិយាកាសធុរកិច្ច ដែលងាយស្រួល និងអាចប៉ាន់ ប្រមាណបាន។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)​ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ប្រចាំ​កម្ពុជា​ នៅចុងសប្តាហ៍កន្លងមកនេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី មហា​សន្និបាត​ប្រចាំ​ឆ្នាំ​២០២៥​ ក្នុងពិធីនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចនូវមោទនភាពចំពោះទំនាក់ទំនង “មិត្តភាព ដែកថែប” ដែលបានចាក់គ្រឹះយ៉ាងរឹងមាំអស់រយៈពេលជាងបីទសវត្សរ៍ និង​បាន​គូស​បញ្ជាក់​ថា ភាពជោគជ័យនៃចំណងទាក់ទងនេះ មិនត្រឹមតែស្តែងចេញតាមរយៈកិច្ចព្រម ព្រៀង​កម្រិត​រដ្ឋ​ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការតភ្ជាប់ដោយស្មោះត្រង់ រវាងប្រជាជន និងប្រជាជន ក្នុង​ស្មារ​តី​កសាង​ «សហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី»។ ការកសាងវាសនារួមនេះ បាន​នាំ​មក​នូវ​ការបង្កើតការងារ ការផ្ទេរចំណេះដឹង និងការកសាងឱកាសសម្រាប់យុវជនកម្ពុជា ខណៈ​សភា​ពាណិជ្ជកម្មចិនត្រូវបានប្រសិទ្ធនាមថា ជាស្ពានតភ្ជាប់ ដ៏មានឥទ្ធិពល ដែលបាន​ជំរុញ​ឱ្យ​សហ​គ្រាស​នៃប្រទេសទាំងពីរ ដើរទន្ទឹមគ្នាលើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីតួនាទីដ៏សំខាន់នៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់និងផ្លូវ” ដែល​ជាកម្លាំងចលករផ្លាស់ ប្តូរកម្ពុជាពី “ប្រទេសដែលមានសក្តានុពល” ទៅជា “ប្រទេស​ដែល​មាន​ការ​រីកចម្រើនពិតប្រាកដ” ព្រមទាំងបានបញ្ជាក់ថា តាមរយៈ កិច្ចសហប្រតិបត្តិការនេះ កម្ពុជា​សម្រេច​បាន​នូវសមិទ្ធផលធំៗជាច្រើនរួមមាន ផ្លូវថ្នល់ជាង ៣ ពាន់គីឡូម៉ែត្រ ស្ពានយុទ្ធសាស្ត្រ អាកាស​យានដ្ឋានទំនើប និងផ្លូវល្បឿនលឿនដែលបានកាត់បន្ថយថ្លៃដើមឡូជីស្ទីក និងបង្កើន​ភាព​ប្រកួត​ប្រជែងរបស់កម្ពុជាក្នុងតំបន់។ លើសពីនេះ, ក្នុងឆ្នាំ២០២៥ ការវិនិយោគ​ផ្ទាល់​ពី​ចិនមា​ន​ចំនួន​រហូតដល់ជាង ៥០% នៃ FDI សរុប ដែលជាសក្ខីភាពបង្ហាញពីទំនុក ចិត្តខ្ពស់​របស់​អ្នក​វិនិយោគ​ចិន​មកលើស្ថិរភាពនយោបាយ និងម៉ាក្រូ​សេដ្ឋ​កិច្ច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអំពាវនាវយ៉ាងទទូច ឱ្យមានការវិនិយោគលើវិស័យអាទិភាពខ្ពស់ ដើម្បី​រុញច្រានកម្ពុជាឱ្យកាន់ តែមានភាពធន់ក្នុងយុគសម័យឌីជីថលរួមមាន ការជំរុញ​ផលិត​កម្ម​ដែល​មាន​តម្លៃបន្ថែមខ្ពស់ ការកែច្នៃកសិផលឱ្យមានម៉ាកយីហោ ល្បីៗលើទីផ្សារអន្តរជាតិ ការវិ​និយោគ​លើថាមពលបៃតង និងការកសាងប្រព័ន្ធឡូជីស្ទីកវៃឆ្លាត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុង​ក្របខ័ណ្ឌនៃសហគមន៍វាសនារួម កម្ពុជាមិនត្រឹមតែចង់បានបរិមាណវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែ​គឺ​ផ្ដោតលើគុណភាព និងចីរភាព ដែលអាច ជួយឱ្យកម្ពុជា ក្លាយជាថ្នាល​ឡូជី​ស្ទីក​ដ៏​សំខា​ន់​នៅ​ក្នុងច្រករបៀងមេគង្គ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា ដើម្បី​គាំ​ទ្រដ​ល់​មហិច្ឆតា​នៃ​ការ​កសាង​អនាគត​រួមគ្នាដ៏រុងរឿងនេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនជាស្រេច ក្នុងការដោះ​ស្រាយ​រាល់​បញ្ហា​រាំង​ស្ទះតាមរយៈយន្តការថ្មីៗ, ឯកឧត្តមបានប្រកាសពីការ ដាក់ឱ្យដំណើរការ “វេទិកា​សន្ទនា​រ​វាងរដ្ឋ និងវិស័យឯកជនកម្ពុជា-ចិន” (PPSD) ដែលនឹងចាប់ផ្តើមកិច្ចសន្ទនាលើកទី១ នៅ​ខែ​កុម្ភៈ ខាងមុខនេះ ហើយនឹងត្រូវរៀបចំឡើងរៀងរាល់៦ខែម្តង ដើម្បីឆ្លើយតប​ទៅ​នឹង​កង្វល់​របស់​អ្នក​វិនិយោគដោយផ្ទាល់។ ការប្តេជ្ញាចិត្តនេះ ត្រូវបានពង្រឹង បន្ថែមតាមរយៈ​ការ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​ឌីជីថល ការលើកកម្ពស់តម្លាភាព និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស (TVET)​ ដើម្បីធានាថាអ្នកវិនិយោគនឹងទទួលបាននូវបរិយាកាសធុរកិច្ចដែលងាយស្រួល និង​អាច​ប៉ាន់​ប្រមាណបាន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia