ព័ត៌មាន
រដ្ឋមន្រ្តីឧស្សាហកម្មណែនាំរោងចក្រ សហគ្រាស អនុវត្តនូវបច្ចេកទេស ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងត្រួសត្រាយអនាគតនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដើម្បីពង្រឹង សុវត្ថិភាពឧស្សាហកម្ម។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេសរោងចក្រ និងសិប្បកម្ម និងការគ្រប់គ្រងហានីភ័យរោងចក្រ និង សិប្បកម្ម នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ទាក់ទិនការផ្សព្វផ្សាយរបស់ក្រសួង លើគោលការណ៍ណែនាំទាំងនេះ ត្រូវបានរៀបចំ ឡើងដើម្បីត្រួសត្រាយអនាគត នៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្មរៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដូចជាការបង្ការអគ្គិភ័យ ការកាត់បន្ថយការបំពុល និងការគ្រប់គ្រងសំណល់ ឧស្សាហកម្ម តាមនិយាមរបស់ជាតិ និងឧត្តមានុវត្តន៍ជាអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ប្លង់បច្ចេកទេសរោងចក្រដែលបានគិតគូរ និងរៀបចំគ្រប់ជ្រុងជ្រោយ គឺជាខែលការពារដំបូង បំផុតដែលមិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺជួយការពារអាយុជីវិតបងប្អូនកម្មករ-យោជិតរបស់យើង។ ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេសត្រូវបានរៀបចំឡើង ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិដែលបានអនុវត្តជាច្រើនទសវត្សរ៍កន្លងមក។ ប្រកាសនេះ កំណត់ប្លង់បច្ចេកទេសរោងចក្រដែលមានឯកសណ្ឋានភាព គ្រប ដណ្តប់លើខ្សែច្រវាក់ផលិតកម្ម គ្រឿងចក្រ-គ្រឿង ម៉ាស៊ីន ប្រព័ន្ធបង្ការអគ្គិភ័យ ច្រកទ្វារជម្លៀសពេលមានអាសន្ន និងលក្ខខណ្ឌ សុវត្ថិភាពផ្សេងៗទៀត ហើយត្រូវបានប្រើជាឯកសារយោងចាំបាច់ សម្រាប់ការស្នើសុំប្រកាសបង្កើតរោងចក្រ បង្កើតសាខារោងចក្រ ផ្លាស់ប្តូរទីតាំង ពង្រីកខ្សែច្រវាក់ផលិតកម្ម និងវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ-សិប្បកម្មជាដើម។
ចំណែកតំណាងរោងចក្រ និងសិប្បកម្ម លើកឡើងផងដែរថា ជុំវិញការអនុវត្តបច្ចេកទេសសម្រាប់រោងចក្រ និងសិប្បកម្ម នៅកម្ពុជា ឃើញថា មានការអភិវឌ្ឍរីកចម្រើនគួរគត់សម្គាល់ ចំណែកការផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់ បច្ចេកទេស របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីតម្រង់ទិសបន្ថែម ដល់រោងចក្រ សហគ្រាស ក្នុងការត្រៀមខ្លួនបន្ថែម និងកិច្ចការពារលើសមិទ្ធផលខ្លួនឯង និងការចូលរួមជាមួយសង្គមផងដែរ។
ជុំវិញកិច្ចការខាងលើនេះ, ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញនិងលើកទឹកចិត្តឱ្យម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ចូលរួមអនុវត្តគោល- ការណ៍ ណែនាំប្លង់បច្ចេកទេសប្រព័ន្ធគ្រប់គ្រងការបំពុល និងការគ្រប់គ្រងហានិភ័យ ដែលក្រសួងបានដាក់ចេញទាំងនេះ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្កើនប្រសិទ្ធភាពផលិតភាព និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចបង្កការខាតបង់ដល់អាយុជីវិត ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ អាជីវកម្មព្រមទាំងបញ្ចៀសការរងពិន័យពីស្ថាប័នមានសមត្ថកិច្ចជាយថាហេតុ៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន5 days agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS6 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន1 week agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន3 days agoដើម្បីជួយសម្រាលជីវភាពពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេបញ្ចុះតម្លៃអាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាសូត
-
កីឡា1 week agoជើងឯកថ្នាក់ជាតិកីឡាគុនល្បុក្កតោ ជាការជួបជុំរបស់អ្នកជំនាន់ក្រោយបន្តកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ
-
ព័ត៌មាន1 week agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច
-
ព័ត៌មាន2 days agoសម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព