Connect with us

ព័ត៌មាន

រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាយកចិត្តទុកដាក់ខ្ពស់បំផុតលើគ្រួសារវីរយុទ្ធជន និង​ពលរដ្ឋ​ភៀសសឹក

បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរកបទឈប់បាញ់ដើម្បីបញ្ចប់សោកនាដកម្មមកលើប្រទេសជាតិនិង​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា, សម្តេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុនម៉ាណែត បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើគ្រួសារវីរយុទ្ធជនពលី វីរ​យុទ្ធជន​រង​របួស ​វីរយុទ្ធជនដែលឈរជើងនៅជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ នេះបើតាម​ការ​បញ្ជាក់​ជា​ថ្មី​របស់​អ្នក​នាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះថា ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗចំពោះជនភៀសសឹក ក្នុងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានសម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួនជិត៣ ០០០ គ្រួសារដែលកំពុងស្នាក់នៅតាមជំរុំសុវត្ថិភាព ក្នុងស្រុកអូរជ្រៅនិងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ពួកគេ ជាពិសេសបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលធ្វើឱ្យពួកគេជួបការលំបាក។ អំណោយមនុស្សធម៌ទាំងនោះ ដែលជារួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនផង ដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋានតាមរយៈកាកបាទក្រហមកម្ពុជា នឹងត្រូវយកទៅចែកជូនផ្ទាល់ដៃដល់បងប្អូនប្រជាជនភៀសសឹកទាំងនោះនៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៦។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរកបទឈប់បាញ់ដើម្បីបញ្ចប់សោកនាដកម្មមកលើប្រទេសជាតិនិងប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុនម៉ាណែត បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើគ្រួសារវីរយុទ្ធជនពលី វីរយុទ្ធជនរងរបួស វីរយុទ្ធជនដែលឈរជើងនៅជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។

ក្នុងដំណើរអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខពលរដ្ឋភៀសសឹកកាលពីពេលកន្លងទៅនេះ សម្តេចបវរធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចាំបាច់ក្នុងការការដោះស្រាយសម្រាប់ទាំងបងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញបាន ទាំងបងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ និងទាំងការស្តារឡើងវិញនូវហេដ្ឋានរចនាសម្ព័ន្ធដែលរងការខូចខាត។

សម្រាប់បងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យពួកគេអាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបានដោយផ្តល់ជូនទាំងសុវត្ថិភាព និងការជួយស្តារជីវភាពរបស់ពួកគេ។ រហូតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង៩២% ហើយបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់។

សម្រាប់បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារស្ថានភាពមិនទាន់អំណោយផល រាជរដ្ឋាភិបាលបានផ្តល់នូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្តែងដើម្បីជួយបងប្អូនអាចរស់នៅក្នុងបរិយាកាសល្អប្រសើរ និងរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញបាននាពេលខាងមុខ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធដែលបានរងការខូចខាត មានដូចជា មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន សាលារៀន វត្តអារ៉ាម បណ្តាញទឹកស្អាត ភ្លើងអគ្គិសនី និងបណ្តាញទូរគមនាគមន៍ ជាដើម ក្រុមការងារចំពោះកិច្ចបាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះដើម្បីរាជរដ្ឋាភិបាលស្តារឡើងវិញឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្តែង។

ទន្ទឹមនឹងដៃម្ខាងដោះស្រាយបញ្ហាជូនពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាមរំលោភបំពានរបស់ថៃ ដៃម្ខាងទៀត រាជរដ្ឋាភិបាលក៏បាននិងកំពុងខិតខំយ៉ាងខ្លាំងនិងយ៉ាងសកម្មលើនយោបាយការទូតដើម្បីជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការ JBC ដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញានិងច្បាប់អន្តរជាតិ និងគោរពយ៉ាងខ្ជាប់ខ្ជួននូវស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia