Connect with us

ព័ត៌មាន

សេវារថយន្តក្រុងសាធារណៈ បាននិងកំពុងជួយសម្រាលការចំណាយរបស់ពលរដ្ឋ ក្នុង​បរិបទ​វិបត្តិ​តម្លៃប្រេង

សេវារថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ បាន​និងកំពុង​ជួយ​សម្រាល​ការ​ចំណាយ​របស់​ពលរដ្ឋ​ក្នុងបរិបទវិបត្តិតម្លៃប្រេង ខណៈប្រតិបត្តិការរថយន្តក្រុង ទាំងខ្សែរត់ និងតម្លៃ នៅថេរ។

លោក កែវ ចាន់ណារិទ្ធ អភិបាលរដ្ឋករស្វយ័តដឹកជញ្ជូនរថយន្តក្រុងសាធារណៈ City Bus បាន​ឲ្យ​ដឹង​ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែ​គិតគូរ​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​កាលៈ​ទេសៈ ​ពិសេសនោះលើវិស័យដឹកជញ្ជូនសាធារណៈនេះ គឺចាំបាច់​ត្រូវ​បម្រើ​ពលរដ្ឋ​ប្រកប​ដោយ​ភាព​ប្រសើរ ​ដោយមិនមានដំឡើងថ្លៃឈ្នួល ឬកាត់បន្ថយខ្សែរត់ជាប្រចាំនោះឡើយ ខណៈប​រិបទ​ពិភព​លោក​កំពុងជួបវិបត្តិប្រេងឥន្ធនៈឡើងតម្លៃ ចេញមកពីសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយ​សាយ​ភាយ​ឥទ្ធិពល​មកដល់កម្ពុជាផងដែរ។

ប្រជាពលរដ្ឋ សម្តែងក្តីសប្បាយរីករាយ នឹងការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈរបស់រដ្ឋ ដែល​បាន​ជួយសម្រួលភាពងាយស្រួលដល់ការធ្វើដំណើរ និងស​ម្រាល​ការ​ចំណាយ​លើកា​រ​ធ្វើ​ដំណើរ​ប្រចាំ​ថ្ងៃផងដែរ។

អ្នកបើកបររថយន្តក្រុងសាធារណៈ ក៏បានពង្រឹងការទទួលខុសត្រូវខ្ពស់ផងដែរ លើកា​រ​បើកបរ​ដើម្បី​ធានា​សុខសុវត្ថិភាពជូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ ធានាយ៉ាងណា មិនឲ្យកើត​មាន​នូវ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​លើដងផ្លូវនោះឡើយ ។

គួរបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ រាជរដ្ឋាភិបាល បាន​សម្រេច​បញ្ចេ​ញ​រថយន្ត​ក្រុងសាធារណៈចំនួន៦០០គ្រឿង សម្រាប់ដឹក​ជញ្ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ជិះ​ធ្វើ​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ ​ទៅកាន់ស្រុកកំណើត ក្នុងរយៈពេល០៦ថ្ងៃផងដែរ៕ អត្ថបទ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia