Connect with us

ព័ត៌មាន

សម្តេចប្រធានរដ្ឋសភា៖ «សុខសន្តិភាព ស្ថិរភាពតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ផ្តល់ឱកាសយ៉ាងល្អដល់ការអភិវឌ្ឍប្រទេសទំាងពីរ»

ក្នុងឱកាសទទួលជួបសវនាការជាមួយគណៈប្រតិភូអាជ្ញាធរសវនកម្មជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ចំណងមិត្តភាពជាប្រពៃណី និងបងប្អូន រវាងកម្ពុជា និងឡាវ បានបង្កលក្ខណៈអំណោយផលយ៉ាងខ្លាំងដល់ការអភិវឌ្ឍ សុខសន្តិភាព និងស្ថិរភាព ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ប្រទេសទាំងពីរប្រៀបដូចជាដន្លងនឹងគ្នា ហើយតែងប្រកាន់ខ្ជាប់នូវទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង»។ ចំណងមិត្តភាពនេះ កាន់តែមានសារៈសំខាន់នៅក្នុងស្ថានភាពពិភពលោក ដែលហ៊ុព័ទ្ធដោយសង្គ្រាម។ ដូចនេះ ប្រទេសតូចៗ ដូចជាកម្ពុជា និងឡាវចាំបាច់ត្រូវពង្រឹងប្រព័ន្ធពហុនិយម ដែលអាចធ្វើជាខែលដ៏សំខាន់ ក្នុងការការពារបូរណភាពទឹកដី។ ទោះបីជាពិភពលោកបច្ចុប្បន្នមានភាពប្រែប្រួល ស្មុគស្មាញ និងមិនប្រាកដប្រជាក៏ដោយ ចំណងមិត្តភាពនេះ មិនត្រឹមតែឈរយ៉ាងរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាន់តែស្អិតល្មួត មានភាពធន់ និងស៊ីជម្រៅថែមទៀត ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍រួម។

ឯកឧត្តម វៀងថាវិសុន ទេពផាច័ន្ទ (Viengthavisone Thephachanh) អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចប្រធានរដ្ឋសភា ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ។

នៅក្នុងឱកាសនោះ សម្តេចមានប្រសាសន៍បន្តថា ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការកសាងខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ដែលសម្រេចបានស្ទើរតែទាំងស្រុង ហើយនោះជាបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីជាមរតកសម្រាប់កូនចៅជំនាន់ក្រោយជារៀងរហូត។ សម្តេចមានជំនឿមុតមាំថា ក្រោមការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនឹងកាន់តែរឹងមាំ រីកចម្រើន ឈានទៅសម្រេចបានទំហំពាណិជ្ជកម្ម ៧០០ លានដុល្លារ នៅឆ្នាំ២០៣០។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅក្នុងស្ថានភាពលំបាកនេះ យើងត្រូវនាំគ្នាប្រែក្លាយ “ការប្រឈមឱ្យទៅជាឱកាស” ពង្រឹងឯកភាព និងសាមគ្គីជាតិឲ្យបានរឹងមាំ។ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ ដោយដៃម្ខាងដោះស្រាយបញ្ហាប្រឈម និងដៃម្ខាងទៀតខិតខំអភិវឌ្ឍប្រទេសជាតិ ពង្រឹងមិត្តចាស់ ពង្រីកមិត្តថ្មី និងធានាការពារសុខសន្តិភាព និងការអភិវឌ្ឍ ក្នុងប្រទេស និងតំបន់។

កម្ពុជានិងឡាវ មិនត្រឹមតែជាអ្នកជិតខាងល្អ ជាបងប្អូនប៉ុណ្ណោះទេ ប៉ុន្តែជាសមាជិកអាស៊ានតែមួយ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សាមគ្គីភាព និងការគោរពមជ្ឈភាពអាស៊ាន ជាកត្តាសំខាន់ ដែលធ្វើឲ្យអាស៊ានអាចរក្សាសន្តិភាព វិបុលភាព និងសុខដុមរមនាសម្រាប់ប្រជាជនក្នុងតំបន់បាន។

ឯកឧត្តមប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឲ្យគណៈប្រតិភូចូលជួបសម្តែងការគួរសម និងស្វែងយល់ការងារ ក្នុងឱកាសនេះ។ ឯកឧត្តម វៀងថាវិសុន ទេពផាច័ន្ទ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះវឌ្ឍភាព និងការីកចម្រើនរបស់កម្ពុជា លើគ្រប់វិស័យយ៉ាងឆាប់រហ័ស ក្នុងនោះរួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ ហេដ្ឋារចនាសម្ព័ន្ធសង្គម សំណង់អគាររដ្ឋ និងឯកជន ហើយនៅចុងខែមេសានេះ កម្ពុជានឹងសម្ពោធដំណាក់កាលទី២ នៃការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាមធ្យោបាយដឹកជញ្ជូនដ៏មានសក្តានុពលបន្ថែមទៀតរបស់កម្ពុជា។

ឯកឧត្តមក៏បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា អំពីលទ្ធផលនៃជំនួបពិភាក្សាការងាររវាងគណៈប្រតិភូ និងអាជ្ញាធរសវនកម្មកម្ពុជា ដែលក្នុងនោះ ស្ថាប័នសំខាន់នៃប្រទេសទាំងពីរ បានចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ព្រមទាំងបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស្អិតល្មួតបន្ថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសឡាវ និងសូមសម្តែងការអបអរសាទរជូនថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភា និងប្រជាជនឡាវទាំងអស់ ដែលទើបបញ្ចប់ការជ្រើសតាំងថ្នាក់ដឹកនាំជាតិ កាលពីថ្មីៗនេះ។

ទាក់ទងនឹងការងារសវនកម្ម សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា សវនកម្មមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមកសាងប្រទេសជាតិ ជាពិសេសក្នុងការធានាអភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងភាពធន់របស់ជាតិ។ អភិបាលកិច្ចល្អ នៅតែជាអាទិភាពស្នូលរបស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចមានជំនឿថា នេះក៏ជាស្ថានភាពដូចគ្នាសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។ ស្ថាប័នសវនកម្មរឹងមាំ គឺជាសសរស្តម្ភសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ព្រោះវាអាចកសាងទំនុកចិត្តដល់វិនិយោគិន និងភាពជឿជាក់លើស្ថាប័នរដ្ឋ ក្នុងបរិយាកាសសកលដែលកាន់តែស្មុគស្មាញដូចបច្ចុប្បន្ន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia