ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងការងារ៖ ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងយុគ្គសម័យ AI
ភ្នំពេញ៖ នាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាធនធានមនុស្សឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) ក្រោមប្រធានបទ «ការគិតគូរឡើងវិញពីការអនុវត្តធនធានមនុស្ស ក្នុងយុគសម័យ AI (Reimagining HR Practices in the Age of AI)» នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ Novotel ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ធនធានមនុស្ស និងទំនាក់ទំនងវិជ្ជាជីវៈ គឺជាកត្តាស្នូលនៃភាពជោគជ័យរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ក្នុងសម័យដែល AI កំពុងបំប្លែងយ៉ាងឆាប់រហ័សលើទីផ្សារកម្លាំងការងារ និងប្រតិបត្តិការអាជីវកម្ម, ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាកត្តាយុទ្ធសាស្ត្រស្នូលសម្រាប់ការប្រកួតប្រជែង និងការរីកចម្រើននាពេលអនាគត។ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានវិនិយោគ ១០០លានដុល្លារក្នុងមួយឆ្នាំ ដល់មូលនិធិបណ្តុះបណ្តាលជំនាញ (SDF) សម្រាប់ផ្តល់ហិរញ្ញប្បទានដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដោយផ្ទាល់សម្រាប់ចូលរួមបណ្តុះបណ្តាលធនធានមនុស្ស។
ទន្ទឹមនឹងនេះ ដើម្បីធានាឱ្យបាននូវកម្លាំងពលកម្មដែលមានសមត្ថភាព និងភាពបត់បែនខ្ពស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការថ្មីៗនៃឧស្សាហកម្មដែលកំពុងវិវត្តឥតឈប់ឈរ ក្រសួងបាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធ TVET ក្នុងគោលដៅផ្គត់ផ្គង់ដល់វិនិយោគិននូវកម្លាំងពលកម្មវ័យក្មេងដែលមានថាមពល និងសក្ដានុពលស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្តល់អាទិភាពខ្ពស់បំផុតលើការកសាងមូលធនមនុស្ស។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការកសាងភាពជាដៃគូយុទ្ធសាស្ត្ររវាងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិស័យឧស្សាហកម្ម ដើម្បីរួមគ្នាបង្កើតកម្មវិធីសិក្សាផ្អែកលើការអនុវត្តការងារជាក់ស្តែង (Work-Based Learning) កម្មវិធីហ្វឹកហ្វឺនកូនជាង (Apprenticeship Program) និងការបណ្តុះបណ្តាលនៅកន្លែងធ្វើការ (On-the-Job Training-OJT)។ ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែងនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពសិស្សនិស្សិតឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យពួកគាត់អាចរកប្រាក់ចំណូលបានក្នុងអំឡុងពេលហ្វឹកហាត់ការងារផងដែរ។
ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ EuroCham ចំពោះការរៀបចំវេទិកាដ៏សំខាន់ និងការចូលរួមក្នុងការពង្រឹងកម្លាំងការងារនៅកម្ពុជាសម្រាប់អនាគត ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាតាមរយៈវេទិកាថ្ងៃនេះ នឹងទទួលបានធាតុចូលល្អៗសម្រាប់ជួយពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយឯកឧត្តមជំរុញឱ្យមានការវិនិយោគបន្ថែមលើធនធានមនុស្ស ដែលមិនត្រូវគិតថា ជាការចំណាយ តែជាការវិនិយោគយុទ្ធសាស្ត្រនៅក្នុងសមត្ថភាពប្រកួតប្រជែង, ការទទួលយកនវានុវត្តន៍ដោយមានការទទួលខុសត្រូវ ដូចជា AI ជាដើម ព្រមទាំងពង្រឹងកិច្ចសហការដែលរាជរដ្ឋាភិបាល និយោជក និងស្ថាប័នបណ្តុះបណ្តាល ត្រូវធ្វើការជាមួយគ្នា ដើម្បីធានាថាកម្លាំងការងារកម្ពុជា បានត្រៀមខ្លួនមិនត្រឹមតែសម្រាប់ការងារនាពេលបច្ចុប្បន្នទេ តែសម្រាប់ពេលអនាគតផងដែរ។
ក្នុងវេទិកានេះដែរ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EuroCham) បានថែ្លងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហេង សួរ ដែលបន្តគាំទ្រ និងចូលរួមវេទិកានេះជារៀងរាល់ឆ្នាំ។ លោកបានលើកឡើងថា កម្លាំងការងារនៅតែជាឆ្អឹងខ្នងដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈដែលកិច្ចសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក៏កាន់តែមានសារៈសំខាន់ លើការសិក្សាផ្អែកលើការអនុវត្តការងារ កម្មវិធីហ្វឹកហាត់ការងារ និងការបណ្តុះបណ្តាលនៅកន្លែងធ្វើការ។ បន្ថែមពីនេះ ការទទួលយកឧបករណ៍ឌីជីថលក្នុងការជ្រើសរើស បណ្តុះបណ្តាល ការគ្រប់គ្រងទីផ្សារ និងប្រតិបត្តិការអាជីវកម្ម នឹងជួយលើកកម្ពស់ផលិតភាព និងបន្ថយសម្ពាធលើប្រាក់ឈ្នួល។ លោកបញ្ជាក់ថា EuroCham នឹងបន្តការគាំទ្រដល់រាជរដ្ឋាភិបាល ជាពិសេសភាពជាដៃគូជាមួយក្រសួងការងារ និងសមាជិករបស់ខ្លួន ដើម្បីអភិវឌ្ឍវិស័យនេះ សម្រាប់ជាអត្ថប្រយោជន៍រួមទាំងវិស័យនេះ និងសមាជិកទាំងអស់នៅកម្ពុជា៕









-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
PR NEWS4 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន7 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន2 days agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦