ព័ត៌មាន
អាជ្ញាធរភ្នំពេញ និង ស.ស.យ.ក. ប្រជុំពង្រឹងកិច្ចការសន្តិសុខក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញ និង ស.ស.យ.ក. ប្រជុំពង្រឹងកិច្ចការសន្តិសុខក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត និងតំបន់ផ្សេងៗទៀត ដើម្បីផ្ដល់សុវត្ថិភាព និងសប្បាយភាពដល់ពលរដ្ឋ និងភ្ញៀវទេសចរណ៍។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបានធ្វើការណែនាំឱ្យ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីបង្កភាពសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ឆ្នាំ២០២៦ គឺមិនមែនតែនៅទីតាំងនគរសង្ក្រាន្ត តាំង៦ទីតាំងដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះទេ។
ការណែនាំរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ខណៈឯកឧត្តមអភិបាល អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ នៅសាលារាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម ឌី វិជ្ជា សមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកការងារសន្តិសុខ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា នៅរាជធានីភ្នំពេញ មានវត្តអារាមចំនួន ១៥១វត្ត ប្រជាពលរដ្ឋក្រៅពីដើរលេងកំសាន្តនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតំបន់សប្បាយភាព៥ទីតាំងទៀត ដែលរៀបចំឡើងដោយ ស.ស.យ.ក. សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ប្រជាពលតដ្ឋក៏អាចដើរលេងកំសាន្តនៅតាមបណ្តាវត្តអារាមទាំងនេះ ឬនៅកន្លែងសប្បាយភាពផ្សេងៗទៀត ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ក្រៅពីការងាររក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីហើយ កងកម្លាំង និងអាជ្ញាធរក៏មិនភ្លេចការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែរ។
ជាមួយនិងការងាររក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរផ្សព្វផ្សាយណែនាំដល់ក្រុមហ៊ុនឯកជននានា តាមភោជនីយដ្ឋាន និងស្ថាប័នពាក់ព័ន្ធ រៀបចំតុបតែងតាំងលម្អរភ្លើងពណ៌ ទង់ជាតិ ទង់ជ្វាលាតាមផ្ទះប្រជាពលរដ្ឋឱ្យបានគ្រប់ផ្ទះ ដើម្បីទទួលទេវតាឆ្នាំថ្មី។ ចំពោញមន្ទីរសាធារណការត្រូវបូមលូបំបាត់ក្លិនស្អុយ និងសហគ្រាមសំណល់រឹងគិតគូរពីការប្រមូលសំរាមនៅទីតាំងសប្បាយភាពទាំងអស់នេះ ជាពិសេសធុងសំរាមកុំឱ្យហៀរធ្លាក់ផងដែរ។ ក្នុងនោះដែរអាជ្ញាធរខណ្ឌត្រូវណែនាំប្រជាពលរដ្ឋមុនចេញពីផ្ទះត្រូវពន្លត់ភ្លើងទៀន ធូប បិទភ្លើងដើម្បីទប់ស្កាត់គ្រោះថ្នាក់អគ្គិភ័យ។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញ នឹងធ្វើឡើងក្នុងរយៈពេល ៦ថ្ងៃ ដោយចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងចូលរួមថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរកងកម្លាំងជួរមុខ និងបងប្អូនភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ រដ្ឋបាលរាជធានីភ្នំពេញបានសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ បរិវេណសួនច្បារវឌ្ឍនៈ សួនច្បារអតីតទីលានប្រជាធិបតេយ្យ ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី ផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញ និងកម្មវិធីអមនៅបរិវេណបាសាក់លែន និងផ្លូវ១៥៥ បរិវេណផ្សារទួលទំពូង។ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួនដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញនឹងបើកដំណើរការផ្លូវថ្មើរជើងចតុមុខរាជធានីភ្នំពេញរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានអញ្ជើញចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅតាមទីតាំងទាំងអស់ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ និងក្រោមស្មារតីសាមគ្គីភាព ឯកភាព និងភាពធន់៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា









-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន