ព័ត៌មាន
សហព័ន្ធគុនខ្មែរ បន្ដពង្រឹងការងារស្នូល ៧ចំណុច ដល់ស្នងការប្រកួត និងគណៈវិនិច្ឆ័យ
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំវគ្គបំប៉នសមត្ថភាពស្នងការប្រកួត និងគណៈវិនិច្ឆ័យ ដើម្បីពង្រឹងបន្ថែមលើការងារស្នូលសំខាន់ៗចំនួន ៧ចំនុច ដើម្បីលើកកម្ពស់ស្ដង់ដារតែមួយ សម្រាប់ការអនុវត្ត ស្របតាមលក្ខណៈជាតិ និងអន្ដរជាតិ។

ថ្លែងក្នុងពិធីបើកវគ្គប្រចាំឆ្នាំនេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលខិតខំរៀបចំវគ្គដ៏មានសារៈសំខាន់នេះឡើង និងអរគុណដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមសិក្សាស្វែងយល់នូវចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍសមត្ថភាព ក្រោមស្មារតី និងការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងវិជ្ជាជីវៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព ភាពយុត្តិធម៌ ក្នុងនាមជាអ្នកដឹកនាំគ្រប់គ្រងការប្រកួត ឲ្យមានលក្ខណៈស្ដង់ដារច្បាស់លាស់ ស្របតាមគោលការណ៍កីឡាជាតិ និងអន្ដរជាតិ។

ទន្ទឹមជាមួយការដាក់ចេញនូវផែនការយុទ្ធសាស្ដ្រប្រចាំឆ្នាំ ដើម្បីពង្រឹងសមត្ថភាពសិក្ខាកាម ដែលជាស្នងការប្រកួត និងគណៈវិនិច្ឆ័យទាំងអស់ សម្រាប់ដឹកនាំការប្រកួតឲ្យទទួលបានជោគជ័យ និងមានស្ដង់ដាតែមួយ តាមរយៈវគ្គបំប៉នរយៈពេលខ្លីនេះ សហព័ន្ធបានលើកយកខ្លឹមសារសំខាន់ ៧ចំណុច មកសិក្សា និងពិភាក្សា ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡាប្រដាល់គុនខ្មែរ ទាំងលើឆាកជាតិ និងអន្ដរជាតិ នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត រួមមាន៖
១- ស្នងការប្រកួត មានតួនាទីត្រួតពិនិត្យតាមដាន សម្របសម្រួលលើសកម្មភាពប្រកួតទាំងមូល។
២-គណៈវិនិច្ឆ័យ មានតួនាទីដឹកនាំគ្រប់គ្រង ត្រួតពិនិត្យ ទទួលខុសត្រូវលើការងារបច្ចេកទេសនៃព្រឹត្តិការណ៍ការប្រកួតទាំងមូល ឱ្យស្របតាមបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បទបញ្ជាគ្រប់គ្រងព្រឹត្តិការណ៍ការប្រកួត ស្មារតីកីឡា ចាត់តាំង អាជ្ញាកណ្តាល និងចៅក្រមឲ្យបំពេញតួនាទី។
៣-ការយល់ដឹង បកស្រាយ អនុវត្តបទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតតាមក្រុមនីមួយៗ នៅមិនទាន់មានឯកភាពគ្នា។
៤-ការដឹកនាំ គ្រប់គ្រងការប្រកួតរបស់អាជ្ញាកណ្តាល ចៅក្រមមិនទាន់បានពេញលេញ និងពុំទាន់មានស្តង់ដារច្បាស់លាស់។
៥-ការអនុវត្តថវិការគាំទ្រប្រចាំឆ្នាំ និងនិយាមវាយតម្លៃស្តង់ដារសហព័ន្ធកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា។
៦-អនុវត្តស្មារតីសន្និបាតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
៧-ការជំរុញកីឡាប្រដាល់គុនខ្មែរឆ្ពោះទៅជាកីឡាសកល និងកីឡាអូឡាំពិក។

តាមរយៈនេះ ឯកឧត្តម ខូវ ឆាយ បានជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាម ត្រូវព្យាយាមសិក្សា និងក្រេបយកចំណេះជំនាញថ្មីៗ ពីគ្រូឧទ្ទេស ដើម្បីយកទៅប្រើប្រាស់ប្រកបដោយវិជ្ជាជីវៈក្រមសិលធម៌ ដើម្បីចូលរួមលើកកម្ពស់គុណភាពប្រដាល់គុនខ្មែរដែលជាកីឡាអត្តសញ្ញាណជាតិ។
យោងតាមរបាយការណ៍លោក និន វ៉ាន់ដា អគ្គលេខាធិការស្ដីទីសហព័ន្ធ វគ្គបំប៉នសមត្ថភាពស្នងការប្រកួត និងគណៈវិនិច្ឆ័យនេះ មារយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំនៅសាលប្រជុំនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ដោយមានសិក្ខាកាមចូលរួមសរុប ៣២នាក់ ដែលជាស្នងការប្រកួត គណៈវិនិច្ឆ័យ មន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល ចោក្រមតាមក្រុមទាំង ៦ និងក្រុមថ្នាល ៣ ក្រោមការផ្ដល់ថវិកាគាំទ្រពីនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ដែលបានផ្ដល់ទីតាំងរៀបចំវគ្គដ៏មានសារៈសំខាន់នេះ៕ អត្ថបទ លី ឈុនឡា



-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន