ព័ត៌មាន
ក្រសួងវប្បធម៌ធ្វើពិធីសូត្រមន្តប្រោះព្រំទទួលស្វាគមន៍វត្ថុបុរាណខ្មែរចំនួន ២០រូបដែលទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី
នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសូត្រមន្តប្រោះព្រំទទួលស្វាគមន៍ វត្ថុបុរាណខ្មែរចំនួន ២០រូបដែលទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី។
ការវិលត្រឡប់មកវិញនៃវត្ថុបុរាណទាំងនេះ គឺជាការជួបជុំគ្នាឡើងវិញនៃព្រលឹងដូនតាខ្មែរ បន្ទាប់ពីបានឃ្លាតចាកឆ្ងាយពីប្រទេសកំណើតអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងសម័យសង្គ្រាម។ កូនខ្មែរគ្រប់រូបសូមបួងសួងដល់បារមីនៃព្រលឹងបុព្វបុរសខ្មែរដែលបានយាងត្រឡប់មកមាតុភូមិវិញនេះ តាមជួយបីបាចថែរក្សាប្រជាជាតិកម្ពុជាឱ្យជួបតែសុខសន្តិភាព វិបុលភាព និងសុខដុមរមនាជានិរន្តរ៍។
សូមបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលវត្ថុបុរាណខ្មែរ ចំនួន២០រូប ដែលទាមទារបានពីអ្នកកាន់កាប់សមុច្ច័យឯកជនមួយនៅតំបន់អាស៊ី ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយជោគជ័យ។ ការប្រគល់មកវិញនៃវត្ថុទាំងនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត តាមរយៈកិច្ចខិតខំប្រឹងប្រែង ជាប្រចាំរបស់កម្ពុជា ក្នុងការទាមទារ និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
សមុច្ច័យដែលបានប្រគល់មកវិញមានលក្ខណៈចម្រុះ សាងពីថ្មភក់ និងសំរឹទ្ធ ដូចជា រូបបដិមាសម័យបាយ័ន ដែលគេជឿថាមានប្រភពដើមមកពីក្រុងអង្គរធំ។ សម្បត្តិវប្បធម៌ទាំងនេះមិនត្រឹមតែជាវត្ថុសិល្បៈទេ តែជាសាក្សីរស់ នៃបញ្ញាញាណរបស់បុព្វបុរស និងដួងព្រលឹងនៃអរិយធម៌ខ្មែរ ដែលនឹងផ្តល់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រកម្ពុជា។
ដំណើរការទាមទារនេះអាចសម្រេចទៅបាន ដោយមានការចូលរួមជ្រោមជ្រែងពីអ្នកជំនាញនៃក្រុមការងារ ស្រាវជ្រាវ ដែលបានផ្តល់ប្រឹក្សា និងរៀបចំការចរចា រហូតឈានដល់ការប្រគល់វត្ថុទាំងនេះមកកម្ពុជាវិញ។ បុគ្គលស្នូល ក្នុងកិច្ចការនេះ គឺលោក Imran Hamid Khwaja ជាដៃគូនៃក្រុមហ៊ុន Tan Rajah & Cheah ដែលជាក្រុមហ៊ុនច្បាប់ ដ៏ចំណាស់បំផុតមួយរបស់ប្រទេសសិង្ហបុរី និងជាមេធាវីដែលមានបទពិសោធន៍ទូលំទូលាយក្នុងការដោះស្រាយវិវាទ អន្តរជាតិ។ លោក Khwaja និងលោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia បានដើរតួនាទី យ៉ាងសំខាន់ក្នុងការសហការ និងចរចាបញ្ជូនត្រឡប់មកវិញនៃរតនវត្ថុជាតិទាំងនេះ។
ការប្រគល់មកវិញនូវវត្ថុបុរាណទាំងនេះ សបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក យុត្តិធម៌ សម្រាប់បេតិកភណ្ឌវប្បធម៌របស់ខ្លួន។ កម្ពុជាមានក្តីរំភើបចំពោះការវិលត្រឡប់មកវិញនៃព្រលឹងដូនតាខ្មែរ មកកាន់មាតុភូមិកំណើត។ សមិទ្ធផលនេះ បានបញ្ជូនសារយ៉ាងច្បាស់ថា ប្រជាជនកម្ពុជាបន្តរួបរួមគ្នាជាធ្លុងមួយក្នុងការ ការពារមរតកវប្បធម៌របស់ខ្លួនសម្រាប់មនុស្សជាតិទាំងមូល។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងនយោបាយឈ្នះ-ឈ្នះ ដែល បាននាំមកនូវសុខសន្តិភាពពេញលេញ និងស្ថិរភាព ដែលបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការស្វែងរក និងទាមទារ មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ ដែលបានបាត់បង់ក្នុងសម័យសង្គ្រាម និងអសន្តិសុខក្នុងប្រទេស។
ក្រសួងថ្លែងអំណរគុណដល់ដៃគូអន្តរជាតិ និងក្រុមការងារដែលបានសម្របសម្រួលក្នុងការងារនេះ រួមមាន៖ ក្រុមការងារស្រាវជ្រាវរបស់ក្រសួង, លោក Bradley J. Gordon (Edenbridge Asia) និងជាទីប្រឹក្សាផ្នែកច្បាប់របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, កញ្ញា Melina Antoniadis (NOSTOS Strategies) និងលោក Imran Hamid Khwaja (Tan Rajah & Cheah)៕






-
ព័ត៌មាន3 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន3 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន2 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
PR NEWS5 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន6 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនបានបង្ហាញច្បាស់ថា «យើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង»